ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ ១គ្រឿង នៅណ័រវេសន៍ ខណៈនាវិក ៤នាក់ ចូលរួមសមយុទ្ធជាមួយ អង្គការ NATO

COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថា ឧទ្ធម្ភាគចក្រអាមេរិក១គ្រឿង ដែលមាននាវិក ៤នាក់ ចូលរួមក្នុងសមយុទ្ធរបស់អង្គការណាតូ បានធ្លាក់នៅភាគខាងជើង ប្រទេសណ័រវេសន៍ កាលពីថ្ងៃសុក្រ នេះបើតាមការបញ្ជាក់របស់ Hovedredningssentral (HRS) ឬមជ្ឈមណ្ឌលសម្របសម្រួលការសង្គ្រោះរួម នៅភាគខាងជើង ប្រទេសណ័រវេសន៍ ។

ឧទ្ធម្ភាគចក្រ Bell-Boeing V-22 Osprey ដែលជាឧទ្ធម្ភាគចក្រយោធា ហោះឡើងបញ្ឈរម៉ាស៊ីនភ្លោះ បានស្ថិតក្នុងបេសកកម្មហ្វឹកហ្វឺន នៅពេលដែលវាបានបាត់ខ្លួនភ្លាមៗ បន្ទាប់ពីខកខានមិនបានទៅដល់ គោលដៅដែលបានគ្រោងទុករបស់ Bodo ។

យោងតាមលោក Jan Eskild Severinsen មន្ត្រីសារព័ត៌មាននៅ HRS កម្ទេចកម្ទីត្រូវបានគេរកឃើញនៅម៉ោង ២១និង១៧នាទីនៅជិត Gratadalen ដែលជាជ្រលងភ្នំភាគខាងត្បូងនៃ Bodo ដែលត្រូវបានគេស្គាល់ថាជារូងភ្នំជាច្រើន ។

ចាប់តាំងពីពេលនោះមក ក្រុមអាកាសយានិកត្រូវបានបញ្ជូនមក ហើយកំពុងបន្តទៅដល់ កន្លែងធ្លាក់ឧទ្ធម្ភាគចក្រ ប៉ុន្តែគ្មានការចង្អុលបង្ហាញអំពី អាយុជីវិតត្រូវបានគេសង្កេតឃើញ នៅក្នុងតំបន់ជុំវិញការធ្លាក់ ឧទ្ធម្ភាគចក្រនោះទេ ។

ឧទ្ធម្ភាគចក្រនេះកំពុងចូលរួម ក្នុងសមយុទ្ធផ្លូវគោក សមុទ្រ និងផ្លូវអាកាសរួមគ្នារបស់អង្គការណាតូ ដែលមានឈ្មោះថា Cold Response ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ។

សមយុទ្ធ Cold Response ដែលត្រូវបានគេដាក់ឈ្មោះថា ជាសមយុទ្ធយោធាដ៏ធំបំផុត ដែលដឹកនាំដោយប្រទេសណ័រវេសន៍ ចាប់តាំងពីសង្គ្រាមត្រជាក់មក ដោយមានបុគ្គលិកយោធាចំនួន ៣០.០០០នាក់ យន្តហោះចំនួន២២០គ្រឿង និងនាវាជាង ៥០គ្រឿង មកពីប្រទេសសមាជិកអង្គការ NATO ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top