វ៉ាស៊ីនតោន៖ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានឃុំខ្លួនមេដឹកនាំ ISIS ជាន់ខ្ពស់ម្នាក់នៅថ្ងៃព្រហស្បតិ៍ នេះ អំឡុងពេលប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី។
ក្រុមចម្រុះបានឲ្យដឹងថា “បុគ្គលដែលត្រូវបានឃុំឃាំងត្រូវបានគេវាយតម្លៃថាជាអ្នកផលិតគ្រាប់បែកដែលមានបទពិសោធន៍ និងអ្នកសម្របសម្រួល ដែលបានក្លាយជាមេដឹកនាំកំពូលម្នាក់របស់ក្រុមនៅក្នុងប្រទេសស៊ីរី” ។
ប្រភពបានឲ្យដឹងទៀតថា គ្មានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ក្នុងអំឡុងពេលប្រតិបត្តិការនោះទេ ហើយគ្មានយន្តហោះណាមួយត្រូវបានខូចខាតឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
អ្នកនាំពាក្យក្រុមឧទ្ទាមបានប្រាប់រ៉យទ័រថា ក្រុមចម្រុះបានបំពេញបេសកកម្មនៅព្រឹកព្រលឹមមួយ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដែលកាន់កាប់ដោយពួកឧទ្ទាម ដែលគាំទ្រដោយតួកគី។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា វាជាការវាយឆ្មក់លើកដំបូងក្នុងតំបន់នេះ។
លោក Maj Youssef Hamoud អ្នកនាំពាក្យកងទ័ពជាតិស៊ីរី ដែលគាំទ្រដោយតួកគី បានប្រាប់រ៉យទ័រថា ប្រតិបត្តិការនេះបានកើតឡើងនៅជិតភូមិ Al Humaira ចម្ងាយប្រហែល ៣គីឡូម៉ែត្រពីព្រំដែនតួកគី ហើយឧទ្ធម្ភាគចក្រ Chinook និង Black Hawk ផលិតដោយសហរដ្ឋអាមេរិក បានចូលរួម៕ ប្រែសម្រួល ឈូក បូរ៉ា