ព្រឹត្តិការណ៍

ខួបអនុស្សាវរីយ៍លើកទី ៥៥ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-វៀតណាម៖ ប្រកៀកស្មាគ្នា ជំនះរាល់ឧបសគ្គ រួមចិត្តគំនិតគ្នាដើម្បីអនាគត

កាលពី ៥៥ ឆ្នាំមុន គឺនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ វៀតណាម និង កម្ពុជា បានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការជាមួយគ្នា។ នេះជាព្រឹត្តិការណ៍នយោបាយដ៏មានសារសំខាន់បំផុតដែលបានបើក សករាជថ្មីសម្រាប់ដំណាក់កាលនៃការពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃ ប្រទេសទាំងពីរនិងបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុដើម្បីរំដោះជាតិ កសាងនិងការពារមាតុភូមិ នៃប្រទេសរៀងៗ ខ្លួន។

ទំនាក់ទំនងការទូតរវាង វៀតណាម និង កម្ពុជា ត្រូវបានបង្កើតឡើងក្នុងបរិបទដែលប្រជាជន វៀតណាម កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការតស៊ូយ៉ាងខ្លាំងក្លាប្រឆាំងនឹងការឈ្លានពាន ពីសំណាក់បរទេស។  នេះជាការសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការគាំទ្រយ៉ាងពេញទំហឹងនិងប្រកបដោយអត្ថន័យ របស់ កម្ពុជា ចំពោះរដ្ឋនិងប្រជាជនវៀតណាមក្នុងបុព្វហេតុដើម្បីរំដោះនិងបង្រួបបង្រួមប្រទេស វៀតណាម  ក្រោមការដឹកនាំរបស់ លោកប្រធាន ហូ ជីមិញ និងក៏ជាការបញ្ជាក់ពីការគាំទ្រដ៏ស្មោះស្ម័គ្រនិងយ៉ាង ពេញទំហឹងរបស់វៀតណាម ចំពោះការតស៊ូដើម្បីការពារឯករាជ្យភាព អព្យាក្រឹតភាពរបស់ព្រះរាជាណា ចក្រ កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋ នរោត្តម សីហនុ។

ក្នុងអំឡុងពេល ៥៥ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលនៃប្រវត្តិសាស្ត្រជាច្រើន ហើយបើទោះបីជាមានបញ្ហាខ្វែងគំនិតគ្នាជាច្រើនបានកើតមានឡើងក៏ដោយ  ក៏ប្រទេសទាំងពីរ បាន ពុះពារជំនះលើបញ្ហាប្រឈមធំៗ ទាំងនោះ និងបានធ្វើអោយនាក់ទំនងមិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ សម្រេចបានសមិទ្ធផលដ៏មានអត្ថន័យជា ប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលមិនអាចកាត់ថ្លៃបាន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និង កម្ពុជា បានបោះជំហានទៅមុខយ៉ាងស្វាហាប់និងប្រកបទៅដោយវឌ្ឍនភាព ជាមួយនឹងចំណុចលេចធ្លោ ជាច្រើន តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ការពង្រឹងនិងពង្រីកដោយ ឥតឈប់ឈរទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

ទំនាក់ទំនងផ្នែកនយោបាយត្រូវបានបន្តថែរក្សា និងបានដើរតួនាទីជាស្នូលក្នុងការតម្រង់ទិសរួម នៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និង កម្ពុជា។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបាន បានវាយតម្លៃខ្ពស់លើសារៈសំខាន់ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជា ប្រពៃណីរវាងរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និង កម្ពុជា។ ថ្មីៗ កន្លងទៅ ដំណើរទស្សន កិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា របស់ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ន់ភុកនិង គណៈប្រតិភូ ជាន់ ខ្ពស់ វៀតណាម ក្នុងខែ ធ្នូ ឆ្នាំ ២០២១ ទទួលបានលទ្ធផលជាផ្លែផ្កាសំខាន់ៗ ជាច្រើនក្នុងវិស័យ សហប្រតិបត្តិការ។

ក្នុងជំនួបបន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការដែលបានប្រារពធ្វើឡើងនៅក្នុងព្រះបរមរាជវាំង ព្រះមហាក្សត្រ កម្ពុជា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា៖ ដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋ វៀតណាម លោក ង្វៀន ស៊ន់ភុក  បានបង្ហាញពីការផ្តល់តម្លៃខ្ពស់របស់​ប្រទេស វៀតណាម ក៏ដូចជាលោកប្រធានរដ្ឋផ្ទាល់ ចំពោះ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា និង វៀតណាម និងជាការបញ្ជាក់បន្ថែមទៀត ទៅលើចំណងសាមគ្គីភាព និងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរទាំងនាពេលបច្ចុប្បន្ននិងក្នុងថ្ងៃអនាគត។

ក្នុងជំនួបជាបន្ទាប់រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ លោកប្រធានរដ្ឋ វៀតណាម ង្វៀន ស៊ន់ភុក  និង នាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពគ្នាក្នុងការអនុវត្តឱ្យបានពេញលេញ និង ម៉ឹងម៉ាត់នូវសន្ធិសញ្ញានិងកិច្ចព្រមព្រៀងនានាពាក់ព័ន្ធនិងបញ្ហាព្រំដែន ដែលបានចុះហត្ថលេខាដោយ ប្រទេសទាំងពីរ។

ក្នុងចំណោមនោះ មានពិធីសារគតិយុត្តចំនួនពីរ ដែលកត់ត្រានិងទទួលស្គាល់អំពីសមិទ្ធិផលនៃការ កំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកប្រមាណ ៨៤% នៃខ្សែបន្ទាត់ព្រំដែនគោករវាងប្រទេស ទាំងពី វៀតណាម និង កម្ពុជា ហើយបន្តដោះស្រាយជាជំហានៗ ឈានទៅបញ្ចប់ការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោប្រមាណ ១៦% ដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗ ខាមុខ។ ប្រទេសទាំងពីរបានបញ្ចប់ជាស្ថាពរ ការកំណត់ខណ្ឌសីមាខ្សែបន្ទាត់ព្រំដែនគោកប្រវែង ១.០៤៥ គីឡូម៉ែត្រ កសាងបង្គោលព្រំដែនចំនួន ២.០៤៧​បង្គោល នៅលើទីតាំងចំនួន ១.៥៥៣។ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការអភិវឌ្ឍលើ គ្រប់វិស័យនិងកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃក្នុងរយៈពេលជិត ៥៥ ឆ្នាំកន្លងទៅនេះ។

លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណៈរដ្ឋ សង្គមនិយម វៀតណាមប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថា៖ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រជាជននៃ ប្រទេសទាំងពីរ វៀតណាម និង កម្ពុជា។

«ដូចអ្វីដែលយើងធ្លាប់ដឹងរួចមកហើយថា វៀតណាម និង កម្ពុជា គឺជាអ្នកជិតខាងគ្នា ជាបងប្អូននឹងគ្នា ដែលមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីយូរអង្វែង។ ថ្វីត្បិតតែមានបញ្ហាខ្វែងគំនិតគ្នាមួយ ចំនួនបានកើតមានឡើងក្នុងដំណាក់កាលប្រវត្តិសាស្ត្រក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានឆ្លងកាត់ការសាកល្បង លត់ដុំ និងបានឈានទៅដល់ការរីកចម្រើន កាន់តែស៊ីជម្រៅ  ដែលមាន ប្រសិទ្ធភាពលើគ្រប់វិស័យ និងបានក្លាយជាទ្រព្យសម្បត្តិរួមដែល មិនអាចកាត់ថ្លៃបាននៃប្រជាជាតិទាំង ពីរ។ នេះបើយោងតាមប្រសាសន៍របស់ លោក ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយតាំង។ 

លោក ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយតាំង ក៍បានបន្ថែមថា សមិទ្ធផលទាំងឡាយនៃទំនាក់ទំនង វៀតណាម-កម្ពុជា ក្នុងរយៈពេល ៥៥ ឆ្នាំ កន្លងមកនេះ មិនត្រឹមតែជាជ័យជំនះនៃការតស៊ូរំដោះជាតិនៃ ប្រទេស នីមួយៗ ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការអភិវឌ្ឍលើគ្រប់មុខវិស័យ រួមចំណែកជាវិជ្ជមានដល់ ការអភិវឌ្ឍរបស់ ប្រទេសរៀងៗ ខ្លួន និងបានចូលរួមចណែកយ៉ាងសំខាន់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ ទំនងរវាង វៀតណាម និង កម្ពុជា អោយកាន់តែរឹងមាំថែមទៀត ក្រោមពាក្យស្លោក “ភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

យោងតាមស្ថានតំណាងពាណិជ្ជកម្ម វៀតណាម ប្រចាំនៅ កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ វៀតណាម មានគម្រោងវិនិយោគនៅ កម្ពុជា ចំនួន ១៨៨ គម្រោងដែលមានទុនវិនិយោគដែលបានចុះ បញ្ជីសរុបប្រមាណ ២,៨៥ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យកសិកម្មនិងព្រៃឈើ ស្ថិតក្នុង ចំណោមក្រុមប្រទេសអាស៊ានដែលនាំមុខគេ ដែលបានដាក់ទុនវិនិយោគនៅប្រទេស កម្ពុជា។ ការវិនិយោគ របស់ កម្ពុជា នៅប្រទេស វៀតណាម ក៏មានការកើនឡើងផងដែរ ដែលក្នុងនោះ មាន គម្រោងចំនួន ១៨ មានទុនវិនិយោគសរុបចំនួន ៥៨,២ លានដុល្លារអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងប្រទេសទាំងពីរបន្តរក្សាសន្ទុះកំណើនជាបង្គួរ៖ នៅឆ្នាំ ២០២០ សម្រេចបានទំហំ ៥,៣ ពាន់លានដុល្លារអាមេរិក ឆ្នាំ ២០២១ សម្រេចបានជាង ៩,៥ ពាន់លាន ដុល្លារអាមេរិក កើនឡើង ៧៩% បើធៀបនឹងឆ្នាំ ២០២០។

លោកអនុបណ្ឌិត អ៊ុច លាង អនុប្រធាននាយកដ្ឋានដ្ឋានសិក្សាអាស៊ី អាហ្វ្រិកនិងមជ្ឍិមបូព៌ា នៃ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃ កម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) បានមានប្រសាសន៍អោយដឹងថា៖ គិតមកទល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាង កម្ពុជា និង វៀតណាម បានគម្រប់ ៥៥ ឆ្នាំគត់។ ក្នុង កំឡុង ៥៥ ឆ្នាំនេះ  ថ្វីត្បិតតែមានបញ្ហាខ្វែងគំនិតគ្នាមួយចំនួនបានកើតមានឡើងក៏ដោយ ក៏ទំនាក់ទំនង កម្ពុជា-វៀតណាមនៅតែមានភាពរីកចម្រើនទៅមុខ។ 

ជាពិសេសចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ ១៩៩៣ ទំនាក់ទំនង រវាង ប្រទេសទាំងពីរបានឈានចូលដំណាក់កាលថ្មី នៃការអភិវឌ្ឍន៍ក្នុងស្មារតីនៃភាពជាអ្នកជិតខាងគ្នា គោរព ឯករាជ្យ អធិបតេយ្យភាពគ្នានិងដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ចាប់តាំងពី ឆ្នាំ ២០០៥ ទំនាក់ទំនងរវាង កម្ពុជា-វៀតណាម ត្រូវបានលើកកំពស់ ក្រោមបាវចនា “ភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។ 

ជាមួយនឹងបាវចនានេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនកាន់តែទូលំទូលាយ កាន់តែ ស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។ យើង សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំ ខាងមុខនឹងកាន់តែល្អប្រសើរឡើងដោយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុង ការលើកកម្ពស់សន្តិភាព ស្ថិភាពនិងការអភិវឌ្ឍនៃប្រទេសទាំងពីរ និយាយដោយឡែកនិងអាស៊ីអាគ្នេយ៍ទាំងមូល និយាយជារួម។ អ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យ សភាកម្ពុជារូបនេះបានសង្កត់ធ្ងន់យ៉ាងដូច្នេះ។

យោងតាមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន ហ៊ុយតាំង បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ទំនាក់ទំនង វៀតណាម-កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានជំហររឹងមាំ ក្នុងនិន្នាការនៃទំនាក់ទំនងជាមិត្តភាពនិង កិច្ចសហប្រតិបត្តិការ ហើយកំពុងត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរថែរក្សានិងលើក កម្ពស់ ហើយត្រូវបានយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ យល់ដឹងយ៉ាងច្បាស់លាស់និងបន្តកសាង ស្ពានមិត្តភាពនេះបន្ថែមទៀត។

 “ជាមួយនឹងការតម្រង់ទិសនិងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី រួមជាមួយនឹងការ ប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ក្នុងស្មារតីវិជ្ជមានសកម្ម បត់បែន ច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាព ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងប៉ុន្មានឆ្នាំខាងមុខ ទំនាក់ទំនងរវាង វៀតណាម និង កម្ពុជា នឹងអភិវឌ្ឍឡើងដល់កម្រិតថ្មីមួយទៀត ដើម្បីភាពរីកចម្រើននៃប្រទេស និមួយៗ ដើម្បីជីវិត រុងរឿងនិងសុភមង្គលរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកទាំងមូល។”  លោកឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយតាំងបានគូស បញ្ជាក់យ៉ាងដូច្នេះ៕

សម្ដេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្ត្រី វៀតណាម អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ ។ រូបថត៖ AKP
នាថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ប្រារព្ធពិធីរំលឹកអនុស្សាវរីយ៍ខួប ៥៥ ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម និង កម្ពុជា។ រូបថត៖​ VNA
កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ សមាគមមិត្តភាព វៀតណាម-កម្ពុជា បានផ្តល់អាហារូបករណ៍ដែលមានតម្លៃសរុបចំនួណ ៥០០ លានដុងដល់និស្សិត កម្ពុជា ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង ហូ ជិមិញ ប្រទេស វៀតណាម។ រូបថត៖ VNA

Most Popular

To Top