ថៃ៖នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ប្រភេទកីឡាតេក្វាន់ដូWT និងកីឡាប៉េតង់បន្តឈ្នះមេដាយមាស១ គ្រឿង និងមេដាយប្រាក់២គ្រឿងបន្ថែមទៀតជូនកម្ពុជានៃព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ានលើកទី២០ (20th ASEAN University GAMES) នៅប្រទេសថៃធ្វើកម្ពុជា ទទួលបានមេដាយសរុបចំនួន១៧គ្រឿង។
លោក មាស សារ៉េត មន្ត្រីទទួលបន្ទុកព័ត៌មានបានប្រាប់ឲ្យដឹង ពីប្រទេសថៃថា ប្រកួតកីឡានិស្សិតសាកលវិទ្យាល័យ លើកទី២០ នៅខេត្តអូប៊ុន ប្រទេសថៃសម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រុមកីឡាកម្ពុជា ទទួលបានមេដាយមាស ១គ្រឿ និងមេដាយប្រាក់២គ្រឿងថែមទៀត គឺប្រភេទកីឡាប៉េតង់វិញ្ញាសា៣នាក់ ទល់៣នាក់ បុរសឈ្នះមេដាយមាស គឺកីឡាករ ស៊ីន វង់ កីឡាករ ឃួន លីហ័រ កីឡាករ ភាព វ៉ាឃីម និងកីឡាករ អំ ពិសិដ្ឋ ។
លោកបានបន្តថា វិញ្ញសា៣នាក់ទល់៣នាក់ នារីទទួលបានមេដាយប្រាក់ គឺកីឡាការិនី ស៊្រាង សុរ៉ាឃីម
កីឡារិនី ឃួន យ៉ារី កីឡាការិនី ហៀង វិជ្ជនី និងកីឡាការិនី ផាត វិច្ឆិកា។ ចំណែកប្រភេទកីឡាតេក្វាន់ដូ វិញ្ញាសាប្រយុទ្ធនារីប្រភេទទម្ងន់៥៧គីឡូក្រោមកីឡាការិនី ស្រួយ បូរីទទួលបាន មេដាយប្រាក់ ។
ការប្រកួតនេះសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានបញ្ជូន ៥ ប្រភេទកីឡារួមមានកីឡាប៉េតង់ គ្រូបង្វឹក២ រូប កីឡាករ ៦ រូប និងកីឡាការិនី ៦ រូប សរុបចំនួន ១៤ រូប តេក្វាន់ដូ WT ។ ការប្រកួតខាងលើនេះក្រោមការដឹកនាំដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា៕ ដោយ៖លី ភីលីព