ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុន Cartrack ដែលជាក្រុមហ៊ុនផ្តល់នូវប្រព័ន្ធគ្រប់គ្រង យានជំនិះឈានមុខគេនៅលើពិភពលោក ដើម្បីនាំយកប្រព័ន្ធគ្រប់គ្រងយានជំនិះ “លំដាប់ពិភពលោកដំបូងបំផុត” នៃសេវាគ្រប់គ្រងយានជំនិះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន Cartrack ដែលជាភ្លែតហ្វមផ្តល់សេវាកម្មសូហ្វវែរចល័ត ឈានមុខគេលើពិភពលោក ផ្តល់ជូននូវដំណោះស្រាយវិភាគទិន្នន័យភ្លាមៗ សម្រាប់ប្រព័ន្ទដឹកជញ្ជូន ឆ្លាតវៃដល់អតិថិជនជាង ១,៦លាននាក់ និងដៃគូអាជីវកម្ម ៩៣ ០០០ នៅ ២៣ប្រទេសទូទាំងពិភពលោក។
ប្រព័ន្ធគ្រប់គ្រងយានជំនិះរវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Cartrack (ស្ថិតក្រោមឈ្មោះពាណិជ្ជកម្ម “Smart Fleet Management”) នឹងមានវត្តមានជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលត្រូវការដំណោះស្រាយ លើប្រព័ន្ធគ្រប់គ្រងយានជំនិះ ដើម្បីបង្កើនប្រសិទ្ធភាពការ ចំណាយលើប្រតិបត្តិការ និងការគ្រប់គ្រងយានជំនិះរបស់ខ្លួន។ សេវាកម្មប្រព័ន្ធគ្រប់គ្រងយានជំនិះ ដែលមានភាពច្នៃប្រឌិតទាំងនេះ មានតម្លៃសមរម្យ ដែលអតិថិជនជាម្ចាស់អាជីវកម្មគ្រប់ប្រភេទ អាចទទួលបាននូវទិន្នន័យផ្សេងៗ លើប្រព័ន្ធគ្រប់គ្រងយានជំនិះ ដែលជាជំនួយដល់ការធ្វើការសម្រេចចិត្តផ្សេងៗ។ លក្ខណៈពិសេសរបស់ប្រព័ន្ធគ្រប់គ្រង យានជំនិះនេះរួមមាន ការពិនិត្យតាមដានលើយានជំនិះយ៉ាងទូលំទូលាយនិងតាមពេលវេលាជាក់ស្តែង រួមទាំងព័ត៌មានស៊ីជម្រៅ លើប្រតិបត្តិការយានជំនិះ អាចសិក្សាពីអាកប្បកិរិយារបស់អ្នកបើកបរ បូករួមការបណ្តុះបណ្តាល អំពីសេវាកម្មពីអ្នកឯកទេស និងការគាំទ្រយ៉ាងពេញលេញក្រោយពេលលក់ ដោយផ្ដល់របាយការណ៍យ៉ាងលម្អិត តាមរយៈផ្ទាំងពត៌មាន ដែលមានភាពច្បាស់លាស់ និងងាយស្រួលយល់។
ប្រព័ន្ធគ្រប់គ្រងយានជំនិះនេះ អាចឱ្យម្ចាស់យានជំនិះ ធ្វើការគ្រប់គ្រងពេញលេញ ទៅលើយានជំនិះរបស់ខ្លួន ជាមួយនឹងការរៀបចំផែនការដឹកជញ្ជូនឆ្លាតវៃ ការពិនិត្យតាមដានទាំងអ្នកបើកបរ ទាំងយានជំនិះ (រួមទាំងការតាមដានតាមពេលវេលាជាក់ស្តែង) របាយការណ៍អំពីចម្ងាយបើកបរ ការជូនដំណឹងអំពីការបើកបរលើសល្បឿន របាយការណ៍ចតរថយន្ត របាយការណ៍ឧបករណ៍សិនស័រ (Sensor) លើប្រេងឥន្ធនៈ ការផ្តល់សញ្ញាលើសីតុណ្ហភាពរថយន្ត និងមុខងារឆ្លាតវៃជាច្រើនទៀត។
របាយការណ៍នឹងបញ្ជូន ទៅម្ចាស់អាជីវកម្មតាមរយៈ ការផ្ញើសារដោយផ្ទាល់ភ្លាមៗតាម កម្មវិធីទូរស័ព្ទ (អ៊ែប) និង វេបផតថល (web portal) ។ នេះជាលើកទីមួយហើយដែល ប្រព័ន្ធដំណោះស្រាយដ៏ទូលំទូលាយ បែបនេះត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំក្នុងប្រទេសកម្ពុជា ហើយនឹងជួយគ្រប់គ្រង ការចំណាយរបស់ពួកគេ បង្កើនផលិតភាព និងអនុញ្ញាតឱ្យម្ចាស់អជីវកម្មទទួលបានសេវាកម្មគ្រប់គ្រងយានជំនិះ ដែលមានគុណភាពកាន់តែប្រសើរ នៅក្នុងទីផ្សារកម្ពុជា។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុននាំមុខគេខាងផ្នែកឌីជីថលនៅកម្ពុជា យើងសូមស្វាគមន៍បច្ចេកវិទ្យា AI ដ៏គួរឱ្យចាប់អារម្មណ៍ និងមានស្តង់ដារលក្ខណៈពិភពលោកដែលក្រុមហ៊ុន Cartrack ផ្តល់ជូនដល់អតិថិជនដែលជា ក្រុមហ៊ុនអាជីវកម្មទាំងអស់របស់យើង។ យើងមានទំនុកចិត្តថា តាមរយៈការផ្តល់សេវាប្រព័ន្ធគ្រប់គ្រង យានជំនិះរបស់ក្រុមហ៊ុន Cartrack ជូនដល់ក្រុមហ៊ុនអាជីវកម្មនៅទូទាំង ២៥ខេត្តក្រុង យើងនឹងផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនទាំងអស់ អាចពង្រីកអាជីវកម្មរបស់ពួកគេ លើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់យានជំនិះ កាត់បន្ថយភាពគ្មានប្រសិទ្ធភាព និងធ្វើឱ្យប្រាក់ចំណេញកាន់តែកើនឡើង»។
Smart Fleet Management នឹងមានផ្ទាំងរបាយការណ៍លើការគ្រប់គ្រង ដែលងាយស្រួលយល់ផ្ដល់ជូន ម្ចាស់យានយន្ត។ តម្លៃនៃប្រព័ន្ធគ្រប់គ្រងយានជំនិះ មានច្រើនជម្រើស ដែលបំពេញតាមតម្រូវការ របស់អាជីវកម្មខ្នាតតូច មធ្យម និងខ្នាតធំ។
លោក Zak Calisto ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Cartrack បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Cartrack កំណត់ទិន្នន័យដែលប្រមូលបានពីឧបករណ៍ IoT ទំនើបរបស់ក្រុមហ៊ុន ដោយប្រើប្រព័ន្ធសិក្សាដោយម៉ាស៊ីន Machine learning និងការវិភាគទិន្នន័យ ដើម្បីផ្តល់ជូនអតិថិជននូវព័ត៌មាន ស៊ីជម្រៅជាជំនួយដល់ការចាត់វិធានការ បានប្រកបដោយភាពវៃឆ្លាត និងជួយលើកកម្ពស់ដល់ ការប្រតិបត្តិការផ្ទាល់កន្លែង និងទទួលបានលទ្ធផលល្អដល់អាជីវកម្ម។ យើងមានក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart Axiata ដើម្បីគាំទ្រដល់ម្ចាស់អាជីវកម្ម ក្នុងស្រុករបស់កម្ពុជាដែលជាផ្នែកសំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិ»។
ដំណោះស្រាយថ្មីនេះគឺជាផ្នែកមួយ នៃការជំរុញរបស់ក្រុមហ៊ុន Smart Axiata ដើម្បីលើកទឹកចិត្តដល់ ការទទួលយកដំណោះស្រាយបែបឌីជីថលសម្រាប់អាជីវកម្ម ទាំងអស់នៅទូទាំងប្រទេស។ Smart Fleet Management ត្រូវបានរំពឹងថា នឹងមានតម្រូវការខ្ពស់ពីសំណាក់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំនៅព្រះរាជាណាចក្រកម្ពុជា ខណៈដែលក្រុមហ៊ុនទាំងនោះសម្លឹងឆ្ពោះទៅរកការបង្កើន ប្រសិទ្ធភាពលើប្រតិបត្តិការ និងកាត់បន្ថយការចំណាយរបស់អាជីវកម្ម។
ក្រៅពីអត្ថប្រយោជន៍នៃមុខងារសំខាន់ៗ ដែលផ្តល់ជូនដោយក្រុមហ៊ុន Cartrack ក្រុមហ៊ុន Smart Axiata ក៏ផ្តល់ជម្រើសជាកញ្ចប់ផលិតផលជាច្រើនប្រភេទ និងគម្រោងទូទាត់ដែលមានភាពបត់បែន ដោយផ្អែកលើតម្រូវការរបស់អតិថិជន។
Smart Fleet Management នឹងចាប់ផ្ដើមផ្តល់សេវាចាប់ពីខែតុលា ឆ្នាំ២០២២ តទៅ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈអ៊ីមែល sales.corporate@smart.com.kh៕
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែល បានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញ ពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័ត ដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្ម ទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូ ជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Appleនិង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត នៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅ សម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Cartrack គឺជាក្រុមហ៊ុនផ្តល់សេវាឈានមុខគេ លើពិភពលោកខាងផ្នែកសូហ្វវែរចល័ត និងប្រតិបត្តិការឆ្លាតវៃដែលមានមូលដ្ឋានលើខ្លោដ (IoT SaaS cloud) ដែលបង្កើនគុណតម្លៃនៃការដឹកជញ្ជូន ការប្រតិបត្តិការ និងទិន្នន័យនៃលំហូរការងារតាមរយៈការផ្តល់ជូននូវការវិភាគទិន្នន័យ ក្នុងពេលជាក់ស្តែងដ៏ឆ្លាតវៃដល់យានយន្ត និង បានតភ្ជាប់ឧបករណ៍ជាង ១.៦០០.០០០គ្រឿង។ ក្រុមហ៊ុន Cartrack ជួយអតិថិជនជាសហគ្រាសរាប់ពាន់នាក់ ក្នុងការផ្លាស់ប្តូរការប្រតិបត្តិការនៅនឹងកន្លែងរបស់ពួកគេអោយទៅជា ការប្រតិបត្តការតាមបែបឌីជីថល។ ភ្លែតហ្វម Cartrack SaaS ផ្តល់ជូនអតិថិជននូវព័ត៌មានស៊ីជម្រៅ និងការវិភាគទិន្នន័យផ្សេងៗគ្នា ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម និងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន បង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ លើកកម្ពស់សុវត្ថិភាព តាមដានផលប៉ះពាល់ដល់បរិស្ថាន ជួយដល់ការអនុលោមតាមច្បាប់ និងគ្រប់គ្រងហានិភ័យ។
ក្រុមហ៊ុន Cartrack គឺជាអាជីវកម្មចម្រុះពេញលេញ (fully vertically integrated business) ដែលមានអាជីវកម្មជាច្រើនដូចជា ការរចនានិងការផលិតឧបករណ៍ IoT បច្ចេកវិទ្យា GPS 2.0 ឈានមុខគេ។ ក្រុមការងារដែលមានបទពិសោធរបស់ក្រុមហ៊ុនមានភាពរហ័សរហួន ហើយប្រតិបត្តិការក្នុងក្រុមហ៊ុនអនុញ្ញាត ឱ្យពួកគេនាំយកនូវគំនិតច្នៃប្រឌិត និងការផ្តួចផ្តើមគំនិតថ្មីៗជាបន្តបន្ទាប់ទៅកាន់ទីផ្សារ។ តាមរយៈការគ្រប់គ្រងប្រតិបត្តិការ ទាំងមូលរបស់ខ្លួន ក្រុមហ៊ុន Cartrack អាចធានាបាននូវកម្រិតដ៏ខ្ពស់ នៃសេវាកម្មអតិថិជន និងគុណភាពនៅគ្រប់ទិដ្ឋភាពទាំងអស់នៃដំណោះស្រាយរបស់ក្រុមហ៊ុន។ ដូច្នេះហើយបានជាក្រុមហ៊ុន Cartrack អាចធានាបាននូវភាពត្រឹមត្រូវ និងភាពជឿជាក់នៃទិន្នន័យ IoT របស់ខ្លួន ដែលជាគន្លឹះក្នុងការផ្តល់ឱ្យអតិថិជននូវព័ត៌មានស៊ីជម្រៅដែលអាចចាត់វិធានការ បានសំខាន់ៗដែលពួកគេត្រូវការដើម្បីដំណើរការ និងលើកកម្ពស់អាជីវកម្មរបស់ពួកគេ។
ក្រុមហ៊ុន Cartrack ផ្តោតលើភាពជាដៃគូជាមួយអតិថិជន និងគាំទ្រពួកគេតាមរយៈដំណាក់កាលនីមួយៗនៃដំណើរការឌីជីថលនីយកម្មរបស់ខ្លួន។ ដោយផ្តល់ជូនការបណ្តុះបណ្តាល អំពីភ្លែតហ្វមឥតគិតថ្លៃ និងមានអ្នកផ្តល់ជំនួយក្នុងស្រុកនៅក្នុងទីផ្សារ ក្រុមហ៊ុន Cartrack អាចធានាបាននូវការអនុវត្តប្រកបដោយ ជោគជ័យនៃការផ្ដល់សេវាកម្ម ជាដំណោះស្រាយរបស់ក្រុមហ៊ុនទៅកាន់ក្រុមហ៊ុនអាជីវកម្ម ស្របពេលដែលជួយអតិថិជនឱ្យក្លាយជា ដៃក្រុមហ៊ុនកាន់តែមានភាពប្រកួតប្រជែង និងក្លាយជាអ្នកនាំមុខគេនៅក្នុង ឧស្សាហកម្មរបស់ពួកគេ៕