“Selena Gomez: My Mind & Me” បានបើកវាំងនន រម្លឹកទៅអតីតកាលមួយចំនួន អំឡុងពេល Selena Gomez ធ្លាក់ក្នុងសភាពបាក់ទឹកចិត្តខ្លាំង រហូតព្យាបាលនៅមន្ទីរពេទ្យ កាលពីឆ្នាំ ២០១៨។
វីដេអូឯកសារលើ **Apple TV+** ដែលចេញផ្សាយនៅថ្ងៃសុក្រ បានបង្ហាញភស្តុតាងមួយចំនួន ចេញពី ការប្រគំតន្ត្រីទេសចរណ៍ របស់តារាចម្រៀងរូបនេះកាលពីឆ្នាំ ២០១៦។ អំឡុងពេលនោះ វីដេអូ បានបង្ហាញថា សភាពផ្លូវចិត្តរបស់នាង ហាក់ធ្លាក់ចូលពិភពខ្មៅងងឹត រហូតនាងត្រូវលុបចោលកាលវិភាគប្រគំតន្ត្រី ក្រោយសម្ដែងចប់ **៥៥** ឆាក។
អតីតជំនួយការម្នាក់របស់ Selena គឺ Theresa Marie Mingus បានឲ្យដឹងថា៖ «ដល់ចំណុចមួយ ដែលនាងដូចជាគិតថា “ខ្ញុំអត់ចង់រស់ទេពេលនេះ! ខ្ញុំអត់ចង់រស់”។ មួយក្នុងចំណោម ពេលវេលាទាំងនោះដែលអ្នកសម្លឹងមើលកែវភ្នែករបស់នាង ហើយឃើញថាគ្មានអ្វីទាំងអស់។ ពេលវេលាដ៏ខ្មៅងងឹតកើតមួយពព្រិចភ្នែក! តែគួរឲ្យខ្លាចណាស់»។
Raquelle Stevens ដែលជាមិត្តជិតស្និទ្ធម្នាក់ដែររបស់ តារាស្រីកើតឆ្នាំ ១៩៩២ រូបនេះ ក៏បានលើកឡើងដែរថា នៅពេលដែលនាងកំពុងអត់ទ្រាំនឹងភាពឈឺចាប់គ្រប់ទិស គឺពួកគេបានជជែកគ្នាឥតល្ហែ ដើម្បីរកដំណោះស្រាយ និងក្នុងបំណងឲ្យនាងរសាយភាពតានតឹងខ្លះផង។
Stevens ក៏បានបញ្ជាក់ដែរថា៖ «ខ្ញុំនៅចាំបានថា ស្ថានភាពដូចជាប្រែទៅជាវ៉ល់ៗ ហើយនាងចេះតែឮសូរសំឡេងទាំងនោះមករំខាននាង។ សំឡេងកាន់តែឮឡើងៗឥតឈប់!»។
រហូតដល់ឆ្នាំ ២០១៧ Selena ក៏បានទទួលការវះកាត់ប្ដូរគ្រលៀនសង្គ្រោះជីវិត ក្រោយធ្វើទុក្ខខ្លាំង ដោយសារជំងឺ Lupis។ មួយឆ្នាំក្រោយមក សភាពផ្លូវចិត្តនាងនៅតែមិនទាន់ស្រាកស្រាន្ត ទើបសុខភាពផ្លូវចិត្តនាងកាន់តែដុនដាប ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចិត្តសាស្ត្រ។
ពេលរម្លឹកទៅពេលមួយនោះ Selena បាននិយាយថា៖ «និយាយតាមត្រង់! ខ្ញុំអត់ចង់ទៅមន្ទីរពេទ្យរោគចិត្តទេ ប៉ុន្តែខ្ញុំលែងចង់ ជាប់ក្នុងអន្ទាក់ផ្លូវចិត្តខ្លួនឯងទៀតទេ»។
បញ្ជាក់ក្នុងទស្សនាវដ្ដី Rolling Stone តារាស្រីរូបនេះ បានសង្កត់ធ្ងន់ ក្នុងន័យផ្ដល់ជាសារដល់មនុស្សទូទៅថា សូមកុំគិតប៉ងចង់សម្លាប់ខ្លួន ប៉ុន្តែត្រូវចំណាយពេលដើម្បីស្វែងយល់ពីបញ្ហា និងដោះស្រាយវាតាមសម្រួល៕
ប្រភព៖ Sabay