វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងដើម្បីថ្លែងទៅកាន់សភាក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់នៅក្រៅប្រទេស ចាប់តាំងពីរុស្ស៊ី បានឈ្លានពានប្រទេសរបស់គាត់កាលពីចុងខែកុម្ភៈ ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានលើកឡើងថា លោក បៃដិន នឹងប្រកាសកញ្ចប់សព្វាវុធថ្មីតម្លៃជិត២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលនឹងរួមបញ្ចូលមីស៊ីល Patriot ដើម្បីជួយក្រុង គៀវ ការពារខ្លួនប្រឆាំងនឹងការរារាំងរបស់មីស៊ីលរុស្ស៊ី ។
សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Zelenskyy ដែលត្រូវបានរៀបចំដោយសម្ងាត់រហូតដល់ព័ត៌មានលម្អិតលេចចេញនៅយប់ថ្ងៃអង្គារ ត្រូវបានគេរំពឹងថា នឹងមានរយៈពេលជាច្រើនម៉ោង ។
លោកនឹងជួបពិភាក្សាជាមួយលោក បៃដិន និងជំនួយការសន្តិសុខជាតិកំពូលនៅសេតវិមាន ចូលរួមក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក បៃដិន ហើយបន្ទាប់មកទៅកាន់វិមាន Capitol Hill ដើម្បីថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមគ្នានៃព្រឹទ្ធសភា និងសភាតំណាងសហរដ្ឋអាមេរិក ។
អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន បានអញ្ជើញ លោក Zelenskyy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន “ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា