ភ្នំពេញ ថ្ងៃចន្ទ ទី២៦ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានស្វែងរកឃើញជ័យលាភីនៅក្នុងកម្មវិធី Smart Kingdom of Legends ដែលជាការប្រកួតកីឡា eSports ថ្នាក់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ដោយមានការចូលរួមពីក្រុមកីឡាករពីប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
កម្មវិធី Smart Kingdom of Lengends ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ធ្នូ នៅផ្សារទំនើប AEON សាខាទី ៣ គឺជាការប្រកួត Mobile Legend Bang Bang អន្តរជាតិដំបូងគេនៅកម្ពុជា។ ក្រុមតំណាងកម្ពុជាទាំងបី រួមមាន ក្រុម SEEYOUSOON ក្រុម Impunity Cambodia និង ក្រុម BurnxFlash ត្រូវបន្តការប្រកួតជាមួយក្រុមជម្រើសជាតិមកពីប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងសិង្ហបុរី ដែលបានធ្វើដំណើរដោយផ្ទាល់មកកាន់ប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុន Smart បានធ្វើការឧបត្ថម្ភទាំងស្រុងទៅថ្លៃសំបុត្រយន្តហោះ អាហារ និងកន្លែងស្នាក់នៅទូទៅសម្រាប់ក្រុមកម្ពុជា ក៏ដូចជាក្រុមបេក្ខជនពីក្រៅប្រទេសទាំងអស់ ដែលត្រូវទទួលបានកោតសរសើរជាខ្លាំងចំពោះការគាំទ្រមួយនេះ។
តាមរយៈកម្មវិធី Smart Kingdom of Legends នេះ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ មានគោលបំណងក្នុងការបង្កើតផ្តួចផ្តើមនូវវេទិកាមួយសម្រាប់ក្រុមកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ថ្មីដែលមិនធ្លាប់មានពីមុន ក៏ដូចជាការរីកចម្រើនធៀបនឹងក្រុមមកពីប្រទេសផ្សេងៗផងដែរ។ ការប្រកួតជាមួយគ្នារយៈពេល ៣ ថ្ងៃបានបង្កើតអោយមានការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ដែលនឹងនាំទៅរកការរីកចម្រើនសម្រាប់ក្រុមកម្ពុជាផងដែរ។ រហូតមកទល់ពេលនេះ ពួកគេបានយកឈ្នះជ័យលាភីជាមួយក្រុមមកពីប្រទេសថៃ ម៉ាឡេស៊ី ឡាវ និងវៀតណាម ជាដើម។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីភាពរីករាយក្រៃលែង
ចំពោះភាពជោគជ័យក្នុងការរៀបចំការប្រកួតអន្តរជាតិមួយនេះ។
« Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនជាក្រុមហ៊ុនជើងឯកឌីជីថលនៅកម្ពុជា។ យើងពិតជាមានមោទនាភាពជាខ្លាំង ដែលអាចចូលរួមចំណែកលើកស្ទួយវិស័យកីឡា eSports នៅប្រទេសកម្ពុជា ក៏ដូចជាលើកកិត្តិនាមវិស័យកីឡាកម្ពុជានៅលើឆាកអន្តរជាតិផងដែរ ខណៈដែលប្រទេសកម្ពុជាកំពុងតែត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ២០២៣ ក្នុងពេលឆាប់ៗនេះ។»
ការស្វែងរកជ័យលាភីក្នុងការប្រកួតកីឡាមួយនេះ គឺតាមរយៈក្រុមណាដែលទទួលបានពិន្ទុខ្ពស់ជាងគេនៅក្នុងការប្រកួតទាំង ៥ ជុំ ក្នុងរយៈពេលបីថ្ងៃនេះ ដោយមានការតាមដានពីទស្សនិកជនដោយផ្ទាល់ ក៏ដូចជាតាមរយៈការចាក់ផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុក ផេក Leng By Smart ផងដែរ។ ទីបំផុត ជ័យលាភីបានទៅលើក្រុម Falcon Sports ដែលតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុម SEEYOUSOON និងក្រុម Impunity Cambodia ដែលតំណាងឲ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ និងលេខ ៣។
ក្រុម Falcon Sports ដែលជាជ័យលាភីលេខមួយនៃការប្រកួត ទទួលបានរង្វាន់ធំជាទឹកប្រាក់សរុបចំនួន ១ ម៉ឺនដុល្លារ។ ចំណែក ក្រុម SeeYouSoon ជាក្រុមបានចំណាត់ថ្នាក់លេខ ២ ទទួលបានទឹកប្រាក់សរុប ៤ពាន់ដុល្លារ ហើយ ក្រុម Impunity Cambodia ជាក្រុមបានចំណាត់ថ្នាក់លេខ ៣ ទទួលបានទឹកប្រាក់សរុប ២ពាន់ដុល្លារ
គួរឲ្យកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយ និងគាំទ្រវិស័យកីឡា eSports នៅកម្ពុជា តាមរយៈការរៀបចំការប្រកួតថ្នាក់ជាតិ និងការបន្តគាំទ្រវត្តមានកីឡានេះតាមរយៈវេបសាយថ្មីរបស់ Leng Center By Smart ដែលមានមុខងារដ៏សម្បូរបែបសម្រាប់អ្នកដែលនិយម eSports ផងដែរ។ តាមរយៈការរៀបចំ Smart Kingdom of Legends ក្រុមហ៊ុន Smart សង្ឃឹមថានឹងអាចចូលរួមចំណែកបណ្តុះទេពកោសល្យកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដែលនឹងមានវត្តមានវិញ្ញាសារ eSports ជាលើកដំបូងបង្អស់ក្នុងប្រវត្តសាស្រ្តផងដែរ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd.ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiataគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិយោគសំខាន់ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smartគឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smartបាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Musicក្រុមហ៊ុន Appleនិង ក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិងសេវា SmartNas។ ក្រុមហ៊ុន Smartមានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smartជីវិតរស់រវើក!