ចិន៖ក្រុមហ៊ុន Xpeng Aeroht ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ក្រុមហ៊ុន Xpeng បាននិយាយកាល ពីថ្ងៃចន្ទថា រថយន្តហោះ X2 ជារថយន្ត EV មាន២កៅអី របស់ខ្លួនបានទទួលលិខិតអនុញ្ញាតហោះហើរ ពិសេសជាផ្លូវការហើយ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ជាមួយនេះ រថយន្តហោះ X2 បានក្លាយជាប្រភេទដំបូងគេក្នុងប្រទេសចិនដែលមានវិញ្ញាបនប័ត្រផ្លូវការសម្រាប់សុវត្ថិភាពហោះហើរ។ ជាធម្មតា លិខិតអនុញ្ញាតដែលចេញដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបញ្ជាក់ថា យន្តហោះជាក់លាក់មួយមានសមត្ថភាពក្នុងការហោះហើរប្រកបដោយសុវត្ថិភាពក្រោមលក្ខខណ្ឌដែលបានកំណត់។
ក្រុមហ៊ុន Xpeng Aeroht បាននិយាយថា រថយន្តហោះ X2 គឺជាគំរូរថយន្តហោះអគ្គិសនីដំបូងគេបានស្នើសុំការអនុញ្ញាតក្នុងប្រទេសចិន ហើយក៏ជារថយន្តដំបូងគេដែលទទួលបានវាផងដែរ។ រថយន្តហោះ ជាធម្មតាបំពាក់ដោយថ្ម មានផ្នែកស្មុគស្មាញតិចជាងយន្តហោះ និងឧទ្ធម្ភាគចក្រ ហើយអាចផ្តល់នូវការធ្វើដំណើរផ្ទាល់ខ្លួនពីចំណុចមួយទៅចំណុចលឿន និងថោកជាង។
ពួកវាត្រូវបានគេស្គាល់ជាទូទៅថា ជាយានជំនិះ eVTOL ជាមួយនឹងអក្សរកាត់ដែលតំណាងឲ្យការហោះហើរបញ្ឈរអគ្គិសនី និងការចុះចត។ ក្រុមហ៊ុនបាននិយាយលើសេចក្តីថ្លែងការណ៍មួយថា X2 ឈ្នះការអនុញ្ញាតហោះហើរពិសេស បង្ហាញពីការបង្កើនល្បឿននៃការអភិវឌ្ឍន៍សម្រាប់រថយន្តហោះហើរ ហើយនឹងជំរុញឲ្យវិស័យ eVTOL ទាំងមូលឆ្ពោះទៅមុខ ។
X2 ជាម៉ូដែលជំនាន់ទី ៥ របស់ Xpeng Aeroht បានបញ្ចប់ការពិសោធន៍ និងជើងហោះហើរសាកល្បងជាង ៣០០០ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងកាលខែកក្កដា ឆ្នាំ២០២១។ រចនាឡើងសម្រាប់សេណារីយ៉ូទីក្រុងមានកម្ពស់ទាប វាមានទម្ងន់ ៥៦០ គីឡូក្រាម និងអាចហោះហើរបាន ៣៥ នាទី ជាមួយនឹងល្បឿនហោះហើរអតិបរមា ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចត្រូវបានហោះហើរដោយដៃ ឬក្នុងរបៀបស្វ័យប្រវត្តិ៕