ភ្នំពេញ ថ្ងៃទី១ កុម្ភៈ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានផ្តល់ការជូនដំណឹងអំពីការតែងតាំងលោក ហ្សែដ ស្យាតារា (Ziad Shatara) ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន។ លោក ហ្សែដ ស្សាតារា នឹងបន្តតំណែងពី លោក Feiruz Ikhwan ដែលបានកាន់តួនាទីជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះតាំងពីឆ្នាំ ២០២១ បន្ទាប់ពីលោកបានកាន់តំណែងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) នៅក្នុងឆ្នាំ ២០១៨កន្លងមក។
លោក ហ្សែដ មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យទូរគមនាគមន៍ ដោយរូបលោកបានកាន់តំណែងខ្ពស់ៗក្នុងការគ្រប់គ្រងកិច្ចការងារប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសជាច្រើន រួមមានប្រទេសហ្សកដានី បង់ក្លាដែស និងអ៉ី តាលីផងដែរ។ ថ្មីៗកន្លងមកនេះ លោក ហ្សែដបានបម្រើការងារជានាយកប្រតិបត្តិនៃក្រុមហ៊ុន Umniah Mobile Co. ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសហ្សកដានី។ បន្ថែមពីបទពិសោធន៍ និងស្នាដៃដ៏ឆ្នើមរបស់លោកក្នុងការចាប់ផ្តើមដំណើរការ និងពង្រីកប្រតិបត្តិការអាជីវកម្មទូរគមនាគមន៍ លោក ហ្សែដ ក៏មានជំនាញខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ការបម្រើសេវាកម្មដល់អតិថិជន និងប្រតិបត្តិការលក់រាយផងដែរ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ក៏ដូចជាបរិញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងសេដ្ឋកិច្ច Budapest ផងដែរ។
លោកបណ្ឌិត Tan Sri Halim Shafie ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការតែងតាំងតំណែងរបស់លោក ហ្សែដ ស្សាតារា។ លោកបានលើកឡើងថា « ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata ពិតជាមានកិត្តិយសក្នុងការតែងតាំងលោក ហ្សែដ ដែលជាបុគ្គលប្រកបដោយទេពកោសល្យខ្ពស់ក្នុងការដឹឹកនាំឈានមុខគេក្នុងវិស័យទូរគមនាគមន៍ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ។»
លោកបណ្ឌិត Hans Wijayasuriya នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនវិនិយោគ Axiata Group និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍ Pan-Asian Telecommunication Business បានសម្តែងពីមតិយល់ស្រប ដូចគ្នាទៅនឹងលោក Tan Sri Halim ក៏ដូចជាចូលរួមអបអរសាទរចំពោះការតែងតាំងនេះផងដែរ។ លោកបានមានប្រសាសន៍ថា «យើងពិតជាទន្ទឹងរង់ចាំនូវការរីកចម្រើនដំណាក់កាលបន្ទាប់របស់ក្រុមហ៊ុន Smart Axiata ក្រោមការដឹកនាំរបស់លោក ហែ្សដ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។ ក្រុមការងារនៅ Smart Axiata ជាបុគ្គលិកដែលប្រកបដោយទេពកោសល្យខ្ពស់ ហើយជាការពិតណាស់ លោក ហែ្សដ នឹងនាំមកនូវបទពិសោធន៍ឆ្នើុមជាច្រើនឆ្នាំនៅក្នុងវិស័យមួយនេះ ដើម្បីបន្តធានានូវការលូតលាស់រីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដែលជាស្នាដៃបន្សល់ទុករបស់អ្នកដឹកនាំមុនៗ រួមមាន លោក Feiruz Ikhwan និងលោក Thomas Hundt ដែលបានកាន់តំណែងជានាយកប្រតិបត្តិចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ ២០២១ មុនពេលដែលលោក ត្រូវបានតែងតាំង តំណែងជានាយកផ្នែកបច្ចេកវិទ្យា និងយុទ្ធសាស្រ្តនៅក្រុមហ៊ុន Axiata Group ក្នុងឆ្នាំ ២០២១ ផងដែរ។»
បន្ទាប់ពីកាន់តួនាទីថ្មីនៅក្នុងប្រទេសកម្ពុជា លោក ហ្សែដ បានបង្ហាញពីសេចក្តីសោមនស្សរីករាយក្នុងការទទួលបានឪកាស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅកម្ពុជា៖ «ខ្ញុំពិតជាមានភាពរីករាយ និងមានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមបម្រើការងារជាមួយក្រុមហ៊ុន Smart Axiata។ ថ្នាក់ដឹកនាំមុន និងក្រុមការងារ បានកសាងនូវសមទ្ធិផល ជាច្រើនសម្រាប់ ក្រុមហ៊ុន Smart ដែលពួកគាត់បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងទីផ្សារកម្ពុជា ពោរពេញដោយមោទនភាពក្នុងការបម្រើការអតិថិជនជាង ៧លាន ៥សែននាក់ ជាមួួយនឹងផលិតផល និងសេវាកម្មឌីជីថលជាច្រើន។ ខ្ញុំពិតជារំភើបក្នុងការទទួលបាននូវឱកាសមួយនេះ ដើម្បីដឹកនាំក្រុមការងារដ៏ឆ្នើមឲ្យឆ្ពោះទៅកាន់ភាពរីកចម្រើនដំណាក់កាលបន្ទាប់នៃការវិវត្តរបស់ក្រុមហ៊ុន Smart Axiata ដើម្បីបំពេញនូវតួនាទីរបស់យើងក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា ក៏ដូចជាបន្តបំពេញនូវតម្រូវការរបស់អតិថិជនជាមួយនឹងគុណភាពសេវាកម្មល្អបំផុតគួរជាទីគាប់ចិត្តផងដែរ។»
លោកបណ្ឌិត Tan Sri Halim Shafie ក៏បានសម្តែងពីការស្ងើចសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អតីតនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនមួយនេះផងដែរ «តំណាងឲ្យក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata ក៏ដូចជាក្រុមការងារទាំងមូល ខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីសម្តែងនូវការថ្លែងអំណរគុណដល់លោក Feiruz ចំពោះសមិទ្ធិផល និងការរួមចំណែកដ៏ធំធេងរបស់លោកក្នុងការដឹកនាំក្រុមហ៊ុនមួយនេះឲ្យឆ្ពោះទៅរកសក្តានុពល និងភាពរីកចម្រើន ស្របពេល ដែលឧស្សាហកម្មកំពុងតែវិវត្តខ្លួន រួមទាំងការបណ្តុះបណ្តាលទេពកោសល្យជំនាន់ក្រោយផងដែរ។ លោកបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងជោគជ័យរបស់ Smart Axiata ក៏ដូចជាកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការចាប់យកឱកាស ថ្មីៗនាពេលខាងមុខ។ យើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យក្នុងការងារបន្ទាប់ ដែលលោកត្រូវបានតែងតាំងក្នុងតួនាទីជាន់ខ្ពស់មួយនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Axiata Group។»
ក្រុមហ៊ុន Smart Axiata Co., Ltd. បច្ចុប្បន្នកំពុងបម្រើអតិថិជនចំនួន ៧លាន៥សែននាក់ នៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ បច្ចេកវិទ្យា 4G LTE របស់ Smart ដែលផ្តល់សេវាអ៉ីនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះមានសេវាគ្របដណ្តប់នៅទូទាំង ២៥ ខេត្តក្រុង។ Smart Axiata គឺជាផ្នែកមួយនៃក្រុមហ៊ុន Axiata Group Berhad ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីដោយមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែស កម្ពុជា នេប៉ាល់ មីយ៉ាន់ម៉ា ថៃ និងប៉ាគីស្ថាន និងមានអតិថិជនជាង ១៥០ លាននាក់។
ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយខ្លួនជា «ជើងឯកឌីជីថលជំនាន់ក្រោយ» ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយវិវត្តខ្លួនពីការផ្តោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់ ឲ្យទៅជាសម្ព័ន្ធក្រុមហ៊ុន ដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ឈរលើសសរស្តម្ភចំនួន ៣ គឺ ទូរគមនាគមន៍ឌីជីថល ពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd.ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiataគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smartគឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smartបាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Musicក្រុមហ៊ុន Appleនិង ក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិងសេវា SmartNas។ ក្រុមហ៊ុន Smartមានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smartជីវិតរស់រវើក!