ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមហ្វេសប៊ុក បានចាប់ផ្តើមងើបឡើងវិញហើយ ក្រោយស្រកចុះមួយរយៈចុងក្រោយនេះ។
មហាសេដ្ឋីរូបនេះ រកលុយបានដល់ចំនួនជាង ១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២៤ម៉ោងតែប៉ុណ្ណោះ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានកើនឡើង ២៣% ពោលគឺជាថ្ងៃដ៏ល្អបំផុតលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះ ក្នុងរយៈពេលជិត១ទសវត្សរ៍មួយនេះ។
ឆ្នាំ២០២២កន្លងទៅ ជាឆ្នាំដ៏តានតឹងសម្រាប់ក្រុមហ៊ុនរបស់ Mark Zuckerberg ដោយតម្លៃភាគហ៊ុនបានធ្លាក់ចុះ និងចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មក៏ជួបបញ្ហាផងដែរ ដោយសារតែវិបត្តិសាកល នាំឱ្យក្រុមហ៊ុនយក្សមួយនេះ សម្រេចកាត់បន្ថយការងារ ១ម៉ឺន ១ពាន់កន្លែងឯណោះ ព្រមទាំងការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់លើគម្រោង ពិភពសិប្បនិម្មិត Metaverse។ តែយ៉ាងណាឆ្នាំមុន Meta សម្រេចការរកប្រាក់ចំណូលបាន ៣២,១ ពាន់លានដុល្លារ ច្រើនជាងការរំពឹងទុករបស់អ្នកវិភាគដែលថានឹងទទួលបាន ៣១,៦ពាន់លានដុល្លារ។
ក្នុងស្ថានភាពពេលនេះ ក្រុមហ៊ុន Meta ត្រូវបានមើលឃើញថា កាន់តែប្រសើរឡើងវិញហើយ ក្រោយបានកាត់បន្ថយការចំណាយលើបុគ្គលិក ជាមួយប្រាក់ចំណូលពីការផ្សព្វផ្សាយកើនឡើងវិញ និងជាពិសេសក្រោយពេលក្រុមហ៊ុននេះ ប្រកាសទិញភាគហ៊ុនខ្លួនមកវិញដែលមានតម្លៃ ៤០ពាន់លានដុល្លារ ដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ៕