Event

កីឡាអេឡិចត្រូនិក(E-Sports) នឹងដាក់បញ្ចូលជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដ អាស៊ានប៉ារ៉ាហ្គេមក្នុងប្រទេសកម្ពុជា

នៅសល់តែ៨៧ថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធើ្វជាម្ចាស់ផ្ទះនោះ នឹងឈានចូលមកដល់ ពោលគឺរំលងជិត១ខែប៉ុណ្ណោះ ក្រោយការប្រកួតស៊ីហ្គេមបានបញ្ចប់។

នេះគឺជាលើកដំបូងដែលកម្ពុជា មានសិទ្ធិក្នុងការរៀបចំការប្រកួតកីឡាជនពិការធំជាងគេក្នុងតំបន់ អាស៊ីអាគ្នេយ៍ ខណៈវិញ្ញាសាដែលមានសក្កានុពលមួយចំនួនដូចជា ហែលទឹក, បាល់ទះអង្គុយ, បាល់បោះ និងកីឡាជាច្រើនទៀតនឹងត្រូវបានដាក់បញ្ចូល។

អ្វីដែលពិសេស និងបង្កើតបានជាប្រវត្ដិសាស្រ្ដក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ គឺវិញ្ញាសា កីឡាអេឡិចត្រូនិក ឬ E Sports នឹងត្រូវដាក់បញ្ចូលផងក្នុងការប្រកួតនេះ ជាលើកដំបូងបំផុត។

កីឡាអេឡិចត្រូនិក គឺជាទម្រង់នៃការប្រកួតប្រជែងដោយប្រើប្រាស់វីដេអូហ្គេម និងត្រូវបានគេចាត់បញ្ចូលជា ប្រភេទវិញ្ញាសាកីឡាម្យ៉ាងដែលមានបរិបទប្រកួតប្រជែងស្រដៀងនឹងកីឡាទូទៅដែរ។ E-Sports អាចជា ប្រធានបទថ្មីក្នុងប្រទេសកម្ពុជា ប៉ុន្តែវាមិនមែនជារឿងថ្មីឡើយសម្រាប់អន្តរជាតិ ដោយមានប្រទេសជាច្រើន មានការរីកចម្រើននិងគាំទ្រខ្លាំងក្នុងវិស័យមួយនេះគួរឲ្យកត់សម្គាល់ ដូចជាប្រទេសចិន អាមេរិក រុស្សី ម៉ាឡេស៊ី និងបណ្តាប្រទេសជាច្រើននៅទ្វីបអ៊ឺរ៉ុប។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យ E-Sports ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ហេតុនេះហើយ ទើបធើ្វឲ្យកម្ពុជាសម្រេចដាក់បញ្ចូលវិញ្ញាសា E-Sports ចូលទៅក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម ហើយវាក៏ជាលើកទី១ផងដែរ ដែលព្រឹត្ដិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍នេះ មានវិញ្ញាសារដ៏គួរឲ្យ ចាប់អារម្មណ៍ ដែលមនុស្សជាច្រើនធ្លាប់តែឃើញកីឡាមួយនេះ ក្នុងកម្មវិធីស៊ីហ្គេម និងព្រឹត្ដិការណ៍កីឡាផ្សេងៗតែប៉ុណ្ណោះ។

ទោះបីជាការដាក់បញ្ចូលដំបូងនេះ ជាការប្រកួតបែប សាកល្បង(Demo Sports)ដោយមិនមានការរាប់បញ្ចូល ជ័យលាភីមេដាយក្ដី ប៉ុន្តែនេះពិតជាសមិទ្ធផលដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជាដែលបានក្លាយទៅជាប្រទេស ដំបូង ជាអ្នករៀបចំក្នុងការដាក់បញ្ចូលកីឡា E-Sportsនេះចូលទៅក្នុងវិញ្ញាសាប្រកួតកីឡាជនពិការធំជាងគេ ក្នុងអាស៊ាន។ នេះគឺជាកេរ្តិ៍ដំណែលមួយដែលប្រទេសកម្ពុជាបានធ្វើឡើងសម្រាប់បន្តទៅប្រទេសផ្សេងៗទៀត ហើយសមិទ្ធផលនេះ នឹងត្រូវបានគេរំលឹកឡើងគ្រប់ពេលដែលគេនិយាយពី វិញ្ញាសាកីឡាអេឡិចត្រូនិក (E-Sports) ក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម។

ធីមធូ (Team Two) ដែលជាក្រុមហ៊ុនផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថលធំមួយក្នុងប្រទេសកម្ពុជា ដែលរួម មានក្រុមការងារជំនាញផ្នែកកីឡាអេឡិចត្រូនិក Next Level Entertainment នឹងក្លាយជាដៃគូរដ៏សំខាន់ជាមួយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ទៅលើវិញ្ញាសារ E-Sports នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) និងក្រុមហ៊ុនធីមធូរ (Team Two) បានធើ្វឡើងនៅព្រឹកថៃ្ងទី២១ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយបានធ្វើឡើងដោយមានការចូលរួមពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC និង អ្នកស្រី ហាក់ សំបូរ នាយកប្រតិបត្តិនៃក្រុមហ៊ុនធីមធូ។

ធីមធូរ ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុង ការជ្រើសរើសកីឡាករល្អៗ និងគ្រូបង្វឹកឆ្នើមៗ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងយកជ័យជំនះ។ ត្បិតក្រុមហ៊ុនមួយនេះក៏ធ្លាប់ជាដៃគូជាមួយក្រុមហ៊ុនធំៗក្នុងស្រុកមួយចំនួន ក្នុងការរៀបចំការប្រកួត ថ្នាក់ជាតិ និង អន្តរជាតិ ជាច្រើនដងផងដែរ សម្រាប់កីឡាអេឡិចត្រូនិកនេះ។

ដូច្នេះការសហការគ្នារវាងគណៈកម្មាធិការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជា (CAMAPGOC) និងក្រុមហ៊ុន ធីមធូ នឹងក្លាយជារឿងដ៏ល្អ ក្នុងការពង្រីកវិសាលភាពនៃកីឡាអេឡិចត្រូនិកនេះក្នុងប្រទេសកម្ពុជា។

អំពី Team Two Co., Ltd
ធីមធូរ Team Two Co., Ltd. គឺជាក្រុមហ៊ុនផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថល ដែលបានបង្កើតចាប់ តាំងពីឆ្នាំ ២០១៥ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ WML+ គ្រុប។

WML+ គ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនដែលកំពុងដំនើរអាជីវកម្មលើវិស័យជាច្រើនរួមមាន វិស័យកម្សាន្ត លើការនាំចូល និងចែកចាយភាពយន្តអន្តរជាតិនៅក្នុងស្រុក (Westec Media Limited) និង នាំចូល និងចែកចាយមាតិកាអន្តរជាតិនៅក្នុងស្រុក (Jaikon Entertainment) វិស័យផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថល (Team Two) ផែ្នកផលិតវីដេអូផ្សព្វផ្សាយ (No Name Production) និងផ្នែកបណ្តុះបណ្តាលទេពកោសល្យ (Starlight Media)៕

Most Popular

To Top