ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២១ ពោលគឺក្នុងអំឡុងពេលផ្ទុះរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ទោះបីជាមានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ក្នុងរយៈពេលដ៏ខ្លី ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងដំបូងរបស់ខ្លួនដែលមានឈ្មោះថាបុរី ដឹ រ៉េស៊ីដិន និងបានត្រៀមរួចជាស្រេច សម្រាប់ការបើកសម្ពោធនៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះ ។ លោកស្រី លី ដាលីន ដែលជាសហគ្រិនឆ្នើមមួយរូប គឺជាស្ថាបនិក និងអគ្គនាយិកានៃក្រុមហ៊ុននេះ ហើយលោកស្រីបានចែករំលែកអំពីដំណើរការរបស់ក្រុមហ៊ុន ដោយឆ្លងកាត់ស្ថានភាពលំបាកជាសកល និងការត្រៀមខ្លួនរួចរាល់ក្នុងការ បោះជំហានទៅមុខនៅឆ្នាំ ២០២៣ និងឆ្នាំខាងមុខទៀត។
១.តើលោកស្រីអាចណែនាំខ្លួនបន្ថែមបានទេ ហើយហេតុអ្វីបានជាលោកស្រីសម្រេចចិត្តចូល ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនេះ?
ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប នាងខ្ញុំបានសង្កេតឃើញពីភាពរីកចម្រើន លើគ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជា ដែលស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះនាងខ្ញុំតែងតែចង់ធ្វើអ្វីមួយ តាមសមត្ថភាព និងលទ្ធភាពដែលនាងខ្ញុំអាចធ្វើបានដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងនាំមកនូវផលវិជ្ជមានដល់សហគមន៍ និងមនុស្សជុំវិញខ្លួន។
នៅក្នុងឆ្នាំ ២០១៤ នាងខ្ញុំបាននាំយកហាងនំ BreadTalk មកប្រទេសកម្ពុជា ហើយជាច្រើនឆ្នាំមកនេះ ក្រុមការងាររបស់នាងខ្ញុំក៏បាននាំមកនូវគុណតម្លៃជាច្រើន ជូនដល់ប្រជាជនតាមរយៈផលិតផល ដែលមានគុណភាពខ្ពស់ ឱកាសការងារ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀតសម្រាប់សហគមន៍។ បន្ថែមពីនេះ នាងខ្ញុំក៏មានតួនាទីជាគណៈគ្រប់គ្រង នៅក្នុងអាជីវកម្មមួយចំនួនទៀត ក្នុងវិស័យផ្សេងៗគ្នា ដូចជាសណ្ឋាគារ និងបដិសណ្ឋារកិច្ច អគារស្នាក់នៅ និងពាណិជ្ជកម្ម និងអចលនទ្រព្យជាដើម។
ដោយ ការជឿទុកចិត្ត និងការគាំទ្រពីក្រុមការងារ ដៃគូអាជីវកម្ម និងអតិថិជន រួមជាមួយនឹងបទពិសោធដែលនាងខ្ញុំទទួលបានពី អាជីវកម្មផ្សេងៗគ្នាជាច្រើន នាងខ្ញុំបានសម្រេចចិត្តបើកក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កនៅក្នុងឆ្នាំ ២០២១ ក្រោមការប្ដេជ្ញាចិត្តរួមចំណែក ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបង្កើតឱកាស ក៏ដូចជាគុណតម្លៃបន្ថែមសម្រាប់ប្រជាជន និងសហគមន៍។
២.តើលោកស្រីអាចប្រាប់ បន្ថែមអំពីក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងគម្រោងបុរី ដឹ រ៉េស៊ីដិន ដែលជាគម្រោងដំបូងរបស់លោកស្រីបានទេ?
ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យ អចលនទ្រព្យដែលផ្តោត ទៅលើការសាងសង់លំនៅដ្ឋាន និងអគារពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងទីតាំងសំខាន់ៗដែលមានសក្តានុពល សេដ្ឋកិច្ច។ នាងខ្ញុំ និងក្រុមការងារមានចក្ខុវិស័យច្បាស់លាស់ក្នុងការបង្កើត នូវសហគមន៍លំនៅដ្ឋាន និងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលរួមបញ្ជូលនូវគុណភាព ប្រណីតភាព ផាសុកភាព និងគុណតម្លៃប្រចាំថ្ងៃជាច្រើនទៀតសម្រាប់អតិថិជន។ យើងខ្ញុំនឹងខិតខំផ្ដល់ជូននូវ លំនៅដ្ឋានដែលមានគុណភាព ដោយរួមបញ្ចូលនូវប្រណីតភាព សុវត្ថិភាព និងឯកជនភាព ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកការរស់នៅតាមបែបជឿនលឿន ក៏ដូចជានៅជិតតំបន់ដែលព័ទ្ធ ទៅដោយបរិយាកាសពាណិជ្ជកម្ម សម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។
គម្រោងបុរី ដឹ រ៉េស៊ីដិនគឺជាការវិនិយោគដំបូងរបស់យើង ទៅលើសហគមន៍លំនៅដ្ឋាន នៅតាមបណ្តោយផ្លូវទំនប់ ៧មករា (ផ្លូវ ៥០ ម៉ែត្រ) ដែលជាតំបន់រីកចម្រើនលឿនបំផុតមួយក្នុងទីក្រុង និងកំពុងទាក់ទាញអាជីវកម្មក្នុងស្រុក និងក្រៅស្រុកចម្រុះគ្នាជាច្រើន។ តំបន់នេះកំពុងវិវត្តទៅជាទីតាំងសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច និងរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍទីក្រុង។ សាលារៀនអន្តរជាតិ មន្ទីរពេទ្យ សហគ្រាសធុនមធ្យម និងធុនធំ បានមានវត្តមានក្នុងតំបន់នេះរួចជាស្រេច រួមទាំងព្រលានយន្តហោះអន្តរជាតិថ្មី ផ្សារទំនើប AEON Mall មានជ័យ និងអាជីវកម្មជាច្រើនទៀតក៏នឹងកំពុង ចូលមកបង្ហាញខ្លួនក្នុងតំបន់នេះផងដែរ ដែលធ្វើឱ្យបុរី ដឹ រ៉េស៊ីដិននឹងចូលរួមចំណែក ក្នុងការធ្វើទំនើបកម្មលើផ្លូវ ៦០ ម៉ែត្រ ក៏ដូចជាប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ជាមួយនឹងទំហំអចលនទ្រព្យ ៤១៧ ខ្នង។
៣.តើលោកស្រីមានជំនឿយ៉ាងណាដែរ ក្នុងការចាប់ផ្តើមក្រុមហ៊ុននេះឡើង ខណៈពេលដែលកំពុងមានការប្រកួតប្រជែងខ្លាំង?
យើងខ្ញុំបានដឹងថាក្នុងវិស័យនេះ មានការប្រកួតប្រជែងខ្លាំង ដូច្នេះក្រុមការងារទាំងអស់ ត្រូវតែបន្តខិតខំប្រឹងប្រែង និងធ្វើការរួមគ្នា ដើម្បីផ្តល់ជូននូវអ្វីដែលពិសេសលើស ពីការរំពឹងទុករបស់អតិថិជនយើង។ ជាមួយការចាប់ផ្តើមដ៏រឹងមាំរបស់គម្រោងបុរី ដឹ រ៉េស៊ីដិន បទពិសោធនៃភាពជោគជ័យ ការត្រៀមខ្លួនសម្រាប់អនាគត រួមជាមួយនឹងការគាំទ្រ ការជឿទុកចិត្តពីអតិថិជន និងដៃគូសហការទាំងអស់ យើងមានសុទិដ្ឋិនិយមថា ពួកយើងប្រាកដជាអាចបង្កើតលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមគ្រប់លទ្ធភាពដែលយើងអាចធ្វើបាន។
មានមេរៀនភាពជាអ្នកដឹកនាំសំខាន់ៗមួយចំនួន ដែលនាងខ្ញុំបានរៀន អភិវឌ្ឍបន្ថែម និងអនុវត្តជាក់ស្ដែងចំពោះ អាជីវកម្មរបស់ខ្ញុំផ្ទាល់គឺ៖ ភាពស្មោះត្រង់ យុត្តិធម៌ ទំនួលខុសត្រូវខ្ពស់ ការលើកទឹកចិត្ត ការគោរព ការធ្វើការងារជាក្រុម និងការទំនាក់ទំនង។ តាមរយៈការបន្តអនុវត្តចំណុចទាំងនេះ ខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំងថា យើងនឹងសម្រេចបានជោគជ័យ ជាច្រើនទៀតក្នុងដំណើរខាងមុខ។
៤.តើលោកស្រីមានទស្សនៈ យ៉ាងណាចំពោះភាពខ្លាំង និងភាពខ្សោយនៃអាជីវកម្មរបស់លោកស្រី?
ចំណុចខ្លាំងរបស់យើងពឹងផ្អែក លើគុណតម្លៃស្នូលដែលយើង ប្រកាន់ខ្ជាប់ទូទាំងស្ថាប័នទាំងមូល រួមមាន៖
១ ក្រុមការងារ៖ យើងមានមោទនភាពដែលមានក្រុមការងារមួយ ពោរពេញទៅដោយសមត្ថភាព ហើយពួកយើងមានការប្ដេជ្ញាចិត្ត រួមគ្នាដើម្បីនាំមកនូវស្ដង់ដារអន្តរជាតិជូនដល់អតិថិជន តាមរយៈរាល់គម្រោងអភិវឌ្ឍន៍ អចលនទ្រព្យដែលយើងមាន។ ដើម្បីសម្រេចបាននូវគុណតម្លៃមួយនេះ ពួកយើងផ្តោតការយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ និងពង្រឹងធនធានមនុស្សរបស់យើង ទាំងផ្នែកបុគ្គលិកលក្ខណៈ និងផ្នែកវិជ្ជាជីវៈ។
២ គុណភាព៖ យើងខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យ បានលើសពីការរំពឹងទុក របស់អតិថិជនរបស់យើង ព្រោះពួកយើងចង់ផ្ដល់ជូនពួកគាត់នូវលំនៅដ្ឋានដែលមានគុណភាពខ្ពស់ ស្របតាមស្ដង់ដារអន្តរជាតិ។ សុភមង្គលរបស់អតិថិជន និងសហគមន៍គឺជាភាពជោគជ័យសំខាន់មួយដែលយើងចង់បាន។
៣ ទំនុកចិត្ត៖ យើងប្រកាន់ខ្ជាប់នូវទំនុកចិត្ត សម្រាប់រាល់ប្រតិបត្តិការអាជីវកម្ម ការសហការ ជាមួយក្រុមការងារ និងដៃគូអាជីវកម្មរបស់យើងផងដែរ។ យើងតែងតែគិតអំពីអតិថិជនជាសំខាន់ និងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទទួលបានទំនុកចិត្តពីពួកគាត់ រាល់គម្រោងដែលពួកយើងអភិវឌ្ឍន៍។
៤ ការច្នៃប្រឌិត៖ ដោយសារតែប្រទេស និងសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន និងលូតលាស់ខ្លាំង យើងក៏ត្រូវតែមានការច្នៃប្រឌិត សម្រាប់បំពេញតម្រូវការរបស់អតិថិជនរបស់យើងដែរ ពោលគឺការផ្ដល់នូវបទពិសោធន៍ថ្មីជូនដល់អតិថិជន។ អតិថិជនរបស់យើងនឹងអស់ ក្ដីបារម្ភពីស្ដង់ដារនៃការរស់នៅរបស់ពួកគាត់ ព្រោះពួកយើងយកចិត្តទុកដាក់ខ្លាំងលើសុភមង្គល និងសុវត្ថិភាពប្រចាំថ្ងៃរបស់ពួកគាត់។
៥ ការរីកចម្រើន៖ អ្វីដែលជម្រុញទឹកចិត្តរបស់យើង ក្នុងការបោះជំហានទៅមុខ គឺការរីកចម្រើន និងភាពជោគជ័យនៃអាជីវកម្មរបស់យើង អតិថិជន និងដៃគូសហការដែលយើងមាន។ យើងបានវិនិយោគទៅលើធនធាន ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីអនុវត្តនូវយុទ្ធសាស្រ្តអាជីវកម្មមួយដែលអាចឱ្យយើងទាំងអស់គ្នារីកចម្រើន ទៅមុខជាមួយគ្នាប្រកបដោយនិរន្តរភាព។
ចំពោះភាពទន់ខ្សោយ នាងខ្ញុំនឹងមិនរៀបរាប់ពីបញ្ហាប្រឈម ណាមួយថាជាចំណុចខ្សោយនោះទេ ប៉ុន្តែខ្ញុំគិតថាចំណុចទាំងនេះជាឱកាសទៅវិញ។ ខ្ញុំនៅតែមើលឃើញឱកាស ជាច្រើនសម្រាប់យើង នៅពេលសេដ្ឋកិច្ចបន្តរីកចម្រើន ជាមួយនឹងតម្រូវការកើនឡើង នៃសហគមន៍លំនៅដ្ឋាន និងអគារពាណិជ្ជកម្មក្នុង និងក្រៅរាជធានីភ្នំពេញ។
៥.តើអ្វីជាសមិទ្ធផលធំបំផុតរបស់ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ក្នុងឆ្នាំ ២០២២? ហើយតើលោកស្រីបានរៀបចំ ផែនការអ្វីខ្លះសម្រាប់ឆ្នាំ ២០២៣ នេះ?
សមិទ្ធផលមួយដែលខ្ញុំមានមោទនភាពបំផុត គឺការអភិវឌ្ឍគម្រោងបុរី ដឹ រ៉េស៊ីដិន ព្រោះគម្រោងនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង សាមគ្គីភាព និងភាពជឿជាក់ដែលក្រុមការងារ របស់យើងទាំងមូលរួមគ្នាសម្រេចបាន ។ បន្ថែមពីនេះ យើងមានក្រុមការងារដ៏រឹងមាំ មួយដែលមានបទពិសោធ និងជំនាញផ្សេងៗគ្នា ប៉ុន្តែយើង មានបេសកកម្មរួមក្នុងការលើកកម្ពស់ការរស់នៅក្នុងសហគមន៍តាមរយៈកិច្ចការងារ និងសេវាកម្មដែលយើងផ្ដល់ជូន។ ពួកយើងបានសហការគ្នារៀបចំកម្មវិធី តាំងពិព័រណ៍អចលនទ្រព្យជាច្រើន ហើយក៏បានបញ្ចប់ការសាងសង់ផ្ទះគំរូ និងគម្រោងផ្ទះអាជីវកម្មប្រភេទ A ដើម្បីត្រៀមប្រគល់ផ្ទះជូនអតិថិជនរបស់យើង ទោះបីមានបញ្ហាប្រឈមនានា ដែលបណ្តាលមកពីជំងឺកូវីដ-១៩ក៏ដោយ។
ខ្ញុំក៏មានមោទនភាពយ៉ាងខ្លាំងផងដែរ ចំពោះសមិទ្ធផលដែលក្រុមការងារ និងអាជីវកម្មរបស់យើងបាននាំ ទៅកាន់ក្រុមគ្រួសារខ្មែរតាមរយៈសកម្មភាពសហគមន៍របស់យើងដែលមានឈ្មោះថា “Share The Love” ដែលយើងបានប្តេជ្ញាចិត្តចែករំលែកក្តីស្រលាញ់ និងរីកចម្រើនទៅមុខរួមគ្នាជាមួយសហគមន៍កម្ពុជារបស់យើង។ ទោះបីជាយើងទើបតែចាប់ផ្តើមក្តី តែយើងបានផ្ដល់ការគាំទ្រជាច្រើន ក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមានការបរិច្ចាគដល់ ក្រុមអាជ្ញាធរដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺនេះ លោកតាស៊ីក្លូ ជនចាស់ជរា និងប្រជាជនជាច្រើនទៀតដែលត្រូវការជំនួយ។ នៅក្នុងកម្មវិធី “Share The Love” យើងផ្តោតលើការជួយគាំទ្រក្នុងផ្នែកសំខាន់ៗ ៣ គឺ៖ សហគមន៍ដែលកំពុងខ្វះខាត, សុខភាព និងសុខុមាលភាព, និងការអភិវឌ្ឍន៍ធនធានមនុស្សជំនាន់ក្រោយ។
ឆ្នាំ ២០២៣ គឺជាពេលវេលាដ៏គួរឱ្យ រំភើបមួយទៀតសម្រាប់យើង ដោយសារយើងមានគម្រោង អភិវឌ្ឍសហគមន៍លំនៅដ្ឋាន និងពាណិជ្ជកម្មបន្ថែមទៀតនៅក្នុង និងក្រៅរាជធានីភ្នំពេញ។ ខេត្តព្រះសីហនុក៏ជាជាចំណុចសំខាន់ មួយរបស់យើងផងដែរ។ នាងខ្ញុំនឹងអាចចែករំលែកព័ត៌មាន បន្ថែមអំពីគម្រោងទាំងនេះ នៅប៉ុន្មានខែខាងមុខទៀត។
៦.តើលោកស្រីមានទស្សនៈ យ៉ាងណាចំពោះអនាគតនៃវិស័យ អភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា?
ការទិញអចលនទ្រព្យ គឺជាការវិនិយោគ និងជាផែនការរយៈពេលវែង ដ៏ល្អមួយសម្រាប់ក្រុមគ្រួសារ។ ខ្ញុំបានអានលទ្ធផលពីការ ស្ទង់មតិមួយធ្វើឡើងដោយ Realestate.com.kh ដែលចេញផ្សាយនៅលើកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីឆ្នាំមុន ដោយអ្នកឆ្លើយតបជាង ៩០% បាននិយាយថាការទិញអចលនទ្រព្យ គឺជាការវិនិយោគដ៏ល្អប្រសើរមួយនៅកម្ពុជា។
ខណៈពេលនេះពួកយើងទាំងអស់គ្នាកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីបោះជំហានទៅមុខក្រោយវិបត្តិជំងឺកូវីដ ១៩ ហើយតាមរយៈការប្ដេជ្ញាចិត្តខ្ពស់ពីក្រុមការងារ និងការបន្តគាំទ្រពីអតិថិជន ខ្ញុំជឿជាក់យ៉ាងច្បាស់ថា មានឱកាសជាច្រើនទៀតកំពុងរង់ចាំ យើងនៅក្នុងវិស័យអភិវឌ្ឍន៍ អចលនទ្រព្យនេះនៅក្នុងឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត ៕
លោកអ្នកអាចស្វែងរក Daline Property Development នៅលើ តេឡេក្រាម ឬចុចតំណរខាងក្រោម៖
https://t.me/TheResidencebyDalineDevelopment
សាកសួរព័ត៍មានលំអិត ៖ 078 31 32 33
ឬចូលទៅកាន់ Facebook Page៖ https://www.facebook.com/dlpropertydevelopment