អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានឲ្យដឹងថា តួកគី នឹងមិនទទួលយកជនភៀសខ្លួន ពីប្រទេសស៊ីរីបន្ថែមទៀតនោះទេ បន្ទាប់ពីការរញ្ជួយដី ដោយបដិសេធការអះអាងដែលថា ប្រជាជនស៊ីរី កំពុងភៀសខ្លួនកាន់តែច្រើនចូលទៅក្នុងប្រទេសបន្ទាប់ពីការរញ្ជួយ ដីដ៏សាហាវនេះ។
លោក Cavusoglu បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីលីប៊ី លោក Nejla al-Mangush ក្នុងរដ្ឋធានីថា “ការអះអាងដែលថាមានការហូរចូលថ្មីនៃជនភៀសខ្លួនពីប្រទេសស៊ីរីទៅកាន់តួកគី គឺមិនពិតនោះទេ។ យើងនឹងមិនអនុញ្ញាតនោះទេ”។
លោក បានស្នើទៅអង្គការសហប្រជាជាតិ ដើម្បីបើកច្រកព្រំដែនពីរបន្ថែមទៀតចូលទៅក្នុងប្រទេសស៊ីរីតាមរយៈខេត្ត Kilis ភាគខាងត្បូងរបស់តួកគី ប៉ុន្តែច្រកទ្វារនេះនឹងបម្រើផ្លូវមួយទៅកាន់ប្រទេសស៊ីរីសម្រាប់ជំនួយមនុស្សធម៌។
បច្ចុប្បន្ន ជំនួយមនុស្សធម៌ដល់តំបន់កាន់កាប់ដោយក្រុមឧទ្ទាមស៊ីរី កំពុងត្រូវបានផ្តល់តាមរយៈច្រកព្រំដែន Bab al-Hawa ឆ្លងកាត់ទីក្រុងតួកគី នេះបើយោងតាមលោក Cavusoglu ។
រដ្ឋមន្ត្រីតួកគីបានឲ្យដឹងថា “យើងកំពុងសម្របសម្រួលជំនួយមនុស្សធម៌ សម្រាប់ប្រជាជនស៊ីរី ប៉ុន្តែយើងមិនអនុញ្ញាតឱ្យមានលំហូរជនភៀសខ្លួនស៊ីរីថ្មីនោះទេ។ ទាំងនេះ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា”៕