Event

ការចូលរួមបរិច្ចាគឈាម របស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបាន បោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បាន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមាន សារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ។ ម្យ៉ាងវិញទៀត ការចូលរួមចំណែកក្នុងកិច្ចការសង្គម ដ៏មានសារៈសំខាន់មួយនេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ០៥ដង រួចមកហើយ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បាន ធូរស្រាល ដូច្នេះនៅថ្ងៃនេះ ជាលើកទី ០៦ ហើយ ដែលកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ២៣១នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៧៧នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញ តម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្ស ដែលត្រូវការសង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខាខេត្ត សរុបចំនួន ៣៧២នាក់ ក្នុងនោះ ស្រ្តីមានចំនួន ១០៦នាក់ ក៏បានចូលរួមបរិច្ចាគឈាម នៅតាមមន្ទីរពេទ្យបង្អែកនៃខេត្តនីមួយៗផងដែរ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា សកម្មភាពបរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសបណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើងមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។

លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារ ឈាមមានប្រភពពីក្នុងចំណោមប្រជាជន យើង ដូច្នេះ ការចូលរួមរបស់បងប្អូនពិតជា មានសារៈសំខាន់យ៉ាងខ្លាំងណាស់។ លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូន មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់នោះ ៕

Most Popular

To Top