ភ្នំពេញ ៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក ដួង មាសចំរើន អគ្គនាយករងតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាបានអញ្ជើញចូលរួមបើក ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។
លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២មានក្លិបប្រដាល់គុនខ្មែរចំនួន ១០ ចូលរួម និងមានកីឡាករ-កីឡាការិនីចំនួន ១១១ នាក់ រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងខេត្តស្វាយរៀង ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែង ការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡាបានជួយ ឧបត្ថម្ភគាំទ្រទាំងផ្នែកឯកសារគតិយុត្តិ និងថវិកាគាំទ្រ ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជារៀងរាល់ឆ្នាំលើផ្នែកការងារ រដ្ឋបាល ការងារបណ្តុះបណ្ដាល និងការងាររៀបចំការ ប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំតាំងពីឆ្នាំ២០១៧ រហូតមក ។ មកទល់នឹងពេលនេះ បានធ្វើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានរីកចម្រើន និងទទួល បាននូវគុណផល កីឡាជាបន្តបន្ទាប់រហូតមក ។
ជាការពិតណាស់ ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការផ្ដល់ឱកាសឲ្យកីឡាករ -កីឡាការិនីបានបញ្ចេញ នូវទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់ នូវបច្ចេកទេស កម្លាំងអំណត់ និងកល្បិចអត្តពលិ ម្នាក់ៗ បានធ្វើការហ្វឹកហាត់កន្លងមក ហើយក៏ជាដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES លើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខដ៏ខ្លីនេះផងដែរ ៕