ភ្នំពេញ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ៖ ក្រុមហ៊ុន អ៊ីហ្ស៊ីខម បានក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ជោគជ័យមួយ ដែលមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុនសេវាក្លោដ និងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិឈានមុខគេជាច្រើន ដើម្បីអភិវឌ្ឍថ្នាលឌីជីថលដ៏ចាំបាច់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្ររបស់ សម្តេចតេជា នាយករដ្ឋមន្ត្រី។
ក្នុងពិធីប្រារព្ធខួប ១៥ឆ្នាំ នៃវត្តមានក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការនៃក្រួសងពាណិជ្ជកម្ម។
គណៈគ្រប់គ្រងក្រុមហ៊ុន អ៊ីហ្ស៊ីខម បានលើកឡើងអំពីប្រវត្តិកាលរបស់ក្រុមហ៊ុន ដែលចាប់ផ្តើមពីចំណុចដ៏សាមញ្ញមួយ។ កាលពីដំបូង ក្រុមហ៊ុនមានសមត្ថភាពត្រឹមផ្តល់សេវា VOIP តែប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុន អ៊ីហ្ស៊ីខម ជាក្រុមហ៊ុនដែលមានភាពរហ័សរហួនក្នុងការចាប់យកបច្ចេកវិទ្យាថ្មីចុងក្រោយ និងបានអភិវឌ្ឍខ្លួនឡើងជាលំដាប់ ហើយពេលនេះក្រុមហ៊ុនបានក្លាយជាអ្នកផ្គត់ផ្គង់សេវាបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោកជំទាវ ចម និម្មល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ដែលបានចូលរួមចំណែកក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ១៥ឆ្នាំ កន្លងមកនេះ និងជាពិសេសក្រុមហ៊ុន អ៊ីហ្ស៊ីខម គឺជាក្រុមហ៊ុនមួយដែលឈានមុខគេ ទាំងតម្លៃ និងល្បឿនផងដែរ។
ជោគជ័យរបស់ក្រុមហ៊ុន គឺពិតជាបានឆ្លុះបញ្ចាំងពីការវិវត្តន៍ឆ្ពោះទៅមុខយ៉ាងលឿនរបស់កម្ពុជា លើការកសាងហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន ក៏ដូចជាភាពល្អប្រសើរនៃជីវភាព សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលជួយជំរុញឱ្យប្រតិបត្តិការនានាកាន់តែមានភាពរស់រវើកជាបន្តបន្ទាប់។ លោកជំទាវបានបន្តថា ជាមួយនឹងសក្តានុពលនៃធនធានយុវជនកម្ពុជា ក៏នឹងក្លាយជាទិសដៅបន្ថែមក្នុងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
សូមបញ្ជាក់ផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុន Ezecom ក៏ជាដៃគូសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអប់រំចំណេះដឹងឌីជីថល ក្នុងស្រទាប់យុវជនផងដែរ ដែលបានចុះអនុស្សរណៈនៃការយោគយល់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
ដំណាក់កាលផ្លាស់ប្តូរសំខាន់មួយរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ចាប់ផ្តើមឡើងកាលពី ៣ឆ្នាំមុន ដែលពេលនោះក្រុមហ៊ុនបានចាប់ដៃគូសហការថ្មីៗ និងកែលម្អអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការផ្គល់ផ្គង់ថ្នាលឌីជីថលល្អៗ ដែលសមស្របនឹងតម្រូវការរបស់អតិថិជន។ ការផ្លាស់ប្តូរដ៏សំខាន់នេះអាចធ្វើឡើងទៅបានលុះត្រាមានកិច្ចសហការជិតស្និទ្ធពីភាគីពាក់ព័ន្ធទាំងអស់ ដូច្នេះហើយ ទើបក្នុងពិធីអបអរខួប ១៥ឆ្នាំ នាថ្ងៃនេះ ក្រុមហ៊ុនជ្រើសរើសនូវពាក្យស្លោកថា “ប្រសើរឡើងព្រមគ្នា”។
អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលតែងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) សំដៅជួយកសាងសេដ្ឋកិច្ចជាតិឱ្យរឹងមាំ។ ក្នុងរយៈពេល ១៥ឆ្នាំ កន្លងមកនេះ អ្នកឧកញ៉ា បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ទាប់ ដើម្បីកសាងសមត្ថភាពបុគ្គលិក និងការចាត់ចែងធនធានចាំបាច់ដ៏ទៃទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់ស្តង់ដារការងារនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ អ្នកឧកញ៉ា គឺជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលដឹកនាំតាមរយៈការធ្វើជាគំរូល្អសម្រាប់អ្នកដ៏ទៃ និងតាមរយៈការសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗចុងក្រោយ។ អ្នកឧកញ៉ា បានសម្តែងការកោតសរសើរខ្ពស់ចំពោះក្រុមបុគ្គលិកដ៏ស្មោះស្ម័គ្រ និងមានសមត្ថភាព ក៏ដូចជាក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងដំណើរអភិវឌ្ឍរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម នាពេលកន្លងមក និងបានលើកកម្ពស់វប្បធម៌ធុរកិច្ចល្អប្រសើរនៅកម្ពុជា។
អ្នកឧកញ៉ា បានមានប្រសាសន៍ថា “ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនដែលមានផ្នត់គំនិតអភិវឌ្ឍ ហើយយើងតែងតែបោះជំហានមុនគេ។ ព្រះរាជាណាចក្រកម្ពុជា ត្រូវការជាចាំបាច់នូវការអភិវឌ្ឍន៍ឈានឡើងគ្រប់វិស័យ។ ការអភិវឌ្ឍន៍ទាំងឡាយនេះ ចាំបាច់ត្រូវមានការសហការពីគ្រប់វិស័យ និងទ្រទ្រង់គ្នាជាប្រព័ន្ធដ៏រឹងមាំមួយ។ វិស័យឧស្សាហកម្មទាំងអស់ ត្រូវការបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) ដែលមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធុរកិច្ចរបស់ខ្លួន។ ដូច្នេះ ការមានសមត្ថភាពធនធានត្រឹមត្រូវ គឺជារូបមន្តឈ្នះៗក្នុងកិច្ចការអាជីវកម្ម។” ក្រុមហ៊ុន អ៊ីហ្ស៊ីខម ក៏បានឈ្នះពានរង្វាន់ថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ជាច្រើន ក្នុងផ្នែកផលិតផល សេវាកម្ម ធនធានមនុស្ស និងគុណភាព ជាពិសេសក្រុមហ៊ុន អ៊ីហ្ស៊ីខម បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាព គឺពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ សម្រាប់ការអភិវឌ្ឍន៍ជំនាញឌីជីថលក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ និងបានឈ្នះពានរង្វាន់ឌីជីថលកម្ពុជា (Cambodia Digital Awards) ក្នុងជ័យលាភីជាក្រុមហ៊ុនដែលមាននវានុវត្តន៍ឌីជីថលខ្ពស់ជាងគេ។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍផ្នែកឌីជីថលដ៏ខ្លាំងក្លានៅក្នុងក្រុមហ៊ុន Ezecom ដែលបានចាប់ផ្តើមឡើងមុនជំងឺរាតត្បាតកូវីត១៩ វាយលុកបន្តិច។
ក្នុងឱកាសពិធីអបអរខួប ១៥ឆ្នាំ ដ៏រីករាយនេះផងដែរ ក្រុមហ៊ុន អ៊ីហ្ស៊ីខម ក៏បានសម្ពោធនូវនិមិត្តសញ្ញាថ្មីរបស់ខ្លួនដោយមោទនភាព ដែលជាការបញ្ជាក់ពីការកំណត់ចក្ខុវិស័យនិងបេសកកម្មថ្មីរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីម ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយ។ និមិត្តសញ្ញាថ្មីនេះក៏ជាការឆ្លុះបញ្ចាំងនូវវប្បធម៌ក្រុមហ៊ុនមួយ ដែលមានភាពរីកចម្រើន ស្វាហាប់ និងច្នៃប្រឌិតខ្ពស់ ហើយវាក៏ត្រូវបានប្រកាសជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង លោកជំទាវ ចម និម្មល និងលោកស្រី Yuni Lee Heathcote ផងដែរ។
ការបន្តឈានមុខគេអស់រយៈពេល ១៥ឆ្នាំ គឺជារឿងដ៏អស្ចារ្យណាស់។ ក្រៅពីភាពជោគជ័យក្នុងការផ្តល់ សេវាកម្មជូនអតិថិជនជាសហគ្រាស ក៏មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីភាពជោគជ័យរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ក្នុងការផ្ទេរអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យផ្លាស់មកប្រើប្រាស់សេវាកម្មរបស់ អ៊ីហ្ស៊ីខម ដែលជាការផ្ទេរអតិថិជនធំជាងគេមិនធ្លាប់មានក្នុងទីផ្សារ។ ក្រុមហ៊ុន អ៊ីហ្ស៊ីខម ប្តេជ្ញាយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះបទពិសោធន៍អតិថិជន តាមរយៈយុទ្ធនាការ “អ៊ីហ្ស៊ីខម ស្រឡាញ់អ្នក” ដែលឆ្លុះបញ្ចាំងពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតិថិជនគ្រប់រូប។
ពិធីអបអរខួប ១៥ឆ្នាំ និងពាក្យស្លោក “ប្រសើរឡើងព្រមគ្នា” ត្រូវបានរចនាឡើងដោយប្រើពណ៌ចម្រុះគ្នា ដែលតំណាងឱ្យភាគីពាក់ព័ន្ធនានា មានដូចជា អតិថិជន និយតករ ដៃគូ ពាណិជ្ជករ ភាគហ៊ុន និងក្រុមបុគ្គលិក ជាដើម ដែលបានសហការគ្នាជាធ្លុងមួយ ប្រកបដោយភាពសុខដុម និងរួមគ្នាបង្កើតភាពជោគជ័យ និងវឌ្ឍនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល តាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អ និងការផ្តល់គុណតម្លៃខ្ពស់ចំពោះមនុស្សជាតិ។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អ៊ីហ្ស៊ីខម មានប្រសាសន៍ថា “ដើម្បីធានាថា ក្រុមហ៊ុន អ៊ីហ្ស៊ីខម នឹងមានការអបអរខួប ១៥ឆ្នាំ ជាច្រើនដង បន្តបន្ទាប់ទៅមុខទៀត យើងចាំបាច់ត្រូវបន្តកែច្នៃ និងកែលម្អខ្លួនឯងជាប់ជានិច្ច ព្រោះវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) ក្នុងសកលលោក អភិវឌ្ឍឡើងឆាប់រហ័សណាស់។” នៅពេលខាងមុខនេះ ក្រុមហ៊ុន អ៊ីហ្ស៊ីខម នឹងមានការប្រកាសព័ត៌មានអំពីគម្រោងថ្មីៗដ៏គួរឱ្យរំភើប ដែលនឹងបង្ហាញពីសមត្ថភាពឌីជីថលរបស់កម្ពុជាឱ្យប្រជាជនខ្មែរ និងប្រទេសក្នុងតំបន់បានឃើញ។ លោកស្រី បានមានប្រសាសន៍បន្ថែមទៀត ដូច្នេះថា “យើងនឹងបន្តអភិវឌ្ឍអាជីវកម្មរបស់យើងជាលំដាប់ ព្រមទាំងផ្តល់ជូនសេវាកម្មថ្មីៗដែលស្របតាមតម្រូវការរបស់អតិថិជន។ ដើម្បីភាពជោគជ័យបន្តទៅមុខទៀត យើងនឹងបន្តជំរុញភាពច្នៃប្រឌិត និងដើរតួជាអ្នកផ្គត់ផ្គង់ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍមនុស្សយន្ត បញ្ញាសប្បនិម្មិត្ត (AI) និងពិភព metaverse”៕