ខេត្តតាកែវ ៖ លោកនាយឧត្តមសេនីយ៍បណ្ឌិត បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល សមាជិកគណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្ស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ទទួលបន្ទុក៩ឃុំ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះបានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកជាផ្លូវការ «ការប្រកួតកីឡាបាល់ទាត់ មិត្ដភាពពានរង្វាន់លោកបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣»។
លោកបណ្ឌិតបានបង្ហាញ នូវក្តីរីករាយ ដោយបានចូលរួមសារជាថ្មីជាមួយ លោក លោកស្រីប្រតិភូកីឡា ក្មួយៗកីឡាករ ក្នុងពិធីបើកជាផ្លូវការ «ការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» នាពេលនេះ ។ លោកប្រមុខដឹកនាំរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ក៏បានសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកនាយឧត្ដមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃស្រុកសំរោង លោក លោកស្រីនាយកសាលា និងវិទ្យាល័យ លោក លោកស្រីថ្នាក់ដឹកនាំ ប្រតិភូកីឡា និងក្មួយៗកីឡាករទាំងអស់ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ប្រាជ្ញា និងស្មារតីចូលរួមថែរក្សាសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេស ជាពិសេសស្រុកសំរោង ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ។
លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋានគ្រប់កំរិត ថ្នាក់ដឹកនាំប្រតិភូកីឡា បណ្តាក្រុមហ៊ុន និង សប្បុរសជននានា ក្មួយៗកីឡាករ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយរៀបចំ គាំទ្រ និងឧបត្ថម្ភ ដល់ព្រឹត្តិការណ៍នេះ ឲ្យលេចចេញជារូបរាងឡើង។ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន ដោយអនុលោមតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។ ការលេងកីឡាមិនត្រឹមផ្តល់ឲ្យយើងនូវ សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងនូវមិត្តភាព និងចំណងសាមគ្គីភាពផងដែរ។
សូមជម្រាបជូនថា នាឱកាសនៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» ក៏មានការប្រកួតមិត្តភាពកិត្តិយសបើកឆាករបស់កីឡាករ មកពីក្លិបកីឡាបាល់ទាត់ប៉េងហួត ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផងដែរ។
ព្រឹត្តិការណ៍បាល់ទាត់ កីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ រៀបចំឡើងនៅទឹកដី នៃស្រុកសំរោង ខេត្តតាកែវ។ ក្រុមដែលចូលរួមក្នុងការប្រកួតនេះ មានសរុបចំនួន១០ មកពី១០វិទ្យាល័យ ក្នុងស្រុកសំរោង។
ការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់លោកបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ មានកីឡាករចំនួន ១០ ក្រុម មកពីវិទ្យាល័យចំនួន១០ ក្នុងស្រុកសំរោងសរុបចំនួន ២៥០ នាក់ បានចូលរួមក្នុងការប្រកួត និងមានការប្រកួតសរុបទាំងអស់ចំនួន ២៤ ប្រកួត ដែលគ្រោងចំណាយរយៈពេលប្រកួតចំនួន១៤ ថ្ងៃ ដោយបានចាប់ផ្តើមប្រកួតជម្រុះលើកដំបូងចាប់តាំងពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ និងគ្រោងរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕