ខ្សែការពារ Phil Jones នឹងចាកចេញពីក្លឹប Manchester United ក្រោយពីចប់រដូវកាលនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Goal ក្លឹបបិសាចក្រហមនឹងមិនតកុងត្រាឲ្យ Jones នោះទេ។ កុងត្រារបស់ Jones នឹងបញ្ចប់ពេលបិទបញ្ចប់រដូវកាលនេះ។ ការណ៍នេះមានន័យថា Jones នឹងចាកចេញពីក្លឹប បន្ទាប់រួមរស់ជាមួយគ្នាតាំងពីឆ្នាំ ២០១១ មក។
Jones មានបញ្ហារបួសរ៉ាំរ៉ៃ ជាពិសេសរបួសជង្គង់។ របួសញឹកញាប់បែបនេះ ធ្វើឲ្យកីឡាករមិនសូវបានចូលលេងការប្រកួតឲ្យក្លឹប។ តួយ៉ាង ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ Jones លេងបានតែ ១៣ ប្រកួតប៉ុណ្ណោះ ក្នុងនោះលេងចុងក្រោយនៅខែឧសភាឆ្នាំមុន។
តាំងពីលោក Erik Ten Hag មកដឹកនាំបិសាចក្រហមមក Jones មិនបានចូលលេងឲ្យក្លឹបឡើយ។
Jones បានមកចូលរួមបិសាចក្រហមកាលពីឆ្នាំ ២០១១ ពីក្លឹប Blackburn Rovers។ កាលពីមកលេងដំបូង កីឡាករត្រូវបានមជ្ឈដ្ឋានបាល់ទាត់នាពេលនោះ សរសើរថាមានសក្ដានុពលក្លាយជាខ្សែការពារដ៏ឆ្នើម។ ទោះជាយ៉ាងណា បញ្ហារបួសបានធ្វើឲ្យ Jones អវត្តមានប្រកួតជាច្រើន។ ទោះមកលេងឲ្យក្លឹបជាង ១០ ឆ្នាំ Jones បង្ហាញខ្លួនសរុបបានតែ ២២៩ ដងប៉ុណ្ណោះ៕