អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag បាននិយាយអនាគតរបស់ខ្សែការពារ Harry Maguire នៅបិសាចក្រហម គឺអាស្រ័យលើសាមីខ្លួនអ្នកសម្រេច ។
ពាក់ព័ន្ធរឿង Maguire លោក Ten Hag បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា គ្មាននរណាសប្បាយចិត្តនឹង ស្ថានភាពបច្ចុប្បន្ននោះឡើយ ។ Maguire បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែធ្វើម្ដេចបើ Varane បានបង្ហាញទម្រង់លេងយ៉ាងល្អ ។ លោកបន្ថែមយ៉ាងដូច្នេះ។
លោក Ten Hag បានបន្តទៀតថា Maguire កំពុងសប្បាយចិត្តជាមួយក្លឹប ក៏ប៉ុន្តែអនាគតទៅជាយ៉ាងណា អាស្រ័យលើការសម្រេចចិត្តផ្ទាល់របស់ Maguire ខ្លួនឯង។
Maguire បានមកចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំ ២០១៩ ពី Leicester City ក្នុងតម្លៃផ្ទេរប្រមាណ ៧០ លានផោន។ តម្លៃនេះធ្វើឲ្យ Maguire ស្ថិតក្នុងចំណោមកីឡាករការពារថ្លៃបំផុតលើលោក។
កាលពីបីរដូវកាលដំបូង Maguire គឺខ្សែការពារ ដែលតែងលេងរៀង រាល់ពេលបិសាចក្រហមលេង ។ ទោះជាយ៉ាងណា កីឡាករអង់គ្លេសរូបនេះបានបាត់បង់តំណែងខ្សែការពារបង្គោល តាំងពីពេលលោក Ten Hag មកដឹក Manchester United កាលពីឆ្នាំមុន ដោយជំនួសដោយខ្សែការពារ Lisandro Martinez និង Raphael Varane ។ ដូច្នេះហើយ ទើប Maguire លេងបានតែ ៣១ ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយការបង្ហាញខ្លួននោះទៀតសោត គឺភាគច្រើនជាកីឡាករបម្រុង ៕