លោក Zinedine Zidane បានសារភាពថា ពិតជាចង់ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង នាពេលអនាគត។
នេះបើតាមចម្លើយរបស់លោកពេលសម្ភាសន៍ទស្សនាវដ្ដី GQ។
លោក Zidane និយាយថា លោកធ្លាប់លេងឲ្យក្រុមជម្រើសជាតិបារាំង ពេលនៅជាកីឡាករ ហើយនៅពេលនេះ ពេលលោកឡើងទៅជាគ្រូបង្វឹក ដូច្នេះលោកយល់ឃើញថា ជារឿងសមហេតុសមផល បើថ្ងៃណាមួយ លោកនឹងក្លាយគ្រូបង្វឹកក្រុមជម្រើសជាតិមួយនេះ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា ពេលវេលាលោកនឹងទទួលតំណែងនេះ មិនមែនជាពេលនេះឡើយ។
Zidane បានសម្រាកពីការងារគ្រូបង្វឹកជាង ២ ឆ្នាំមកហើយ ក្រោយដឹកនាំ Real Madrid ពីរលើក លើកទីមួយ ពីឆ្នាំ ២០១៦ ដល់ ២០១៨ ហើយលើកទីពីរ ពីឆ្នាំ ២០១៩ ដល់ ២០២១។
កាលពីបារាំងចាញ់អាហ្សង់ទីនក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ឆ្នាំមុន មានសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើងថា សហព័ន្ធបាល់ទាត់បារាំងនឹងចែកផ្លូវគ្នាជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិបច្ចុប្បន្ន Didier Deschamps ហើយសម្រេចតែងតាំង Zidane ជាគ្រូបង្វឹកថ្មី។
ផ្ទុយទៅវិញ បារាំងបានសម្រេចបន្តកុងត្រាជាមួយ Deschamps រហូតដល់ឆ្នាំ ២០២៦៕
ប្រភព៖.sabay