ព័ត៌មានអន្តរជាតិ

ថ្នាក់ដឹកនាំជួបសំណេះសំណាល គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ-កីឡាការិនីហែលទឹក ក្រោយជោគជ័យក្នុងការប្រកួត Sea game 2023 

ទីស្តីការក្រសួង៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី របស់សហព័ន្ធ នៅក្នុងសាលសហសិក្សាតេជោសែន ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា អនុប្រធានសហព័ន្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប។
ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ នៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានចំណាយអស់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបង្វឹក ហ្វឹកហាត់ រៀបចំ និងសម្របសម្រួលលើគ្រប់ផ្នែក នៅក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡា sea game លើកទី៣២ រហូតសម្រេចបានលទ្ធផលជោគជ័យគាប់ប្រសើរ និងទទួលបាននូវមេដាយសរុបចំនួន ០៧គ្រឿង ក្នុងនោះរួមមាន៖ មាស ០២គ្រឿង ប្រាក់ ០១គ្រឿង និងសំរឹទ្ធ ០៤គ្រឿង។

លោកទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធ បានបង្ហាញនូវមោទកភាពចំពោះ កីឡាករ កីឡាការិនីគ្រប់រូប មិនថាអ្នកដែលទទួលបានមេដាយ ឬមិនបានមេដាយក៏ដោយ ពីព្រោះលោកបានមើលឃើញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខ្ពស់ របស់កីឡាករ កីឡាការិនីគ្រប់ៗរូប ដើម្បីលើកមុខមាត់ជូនជាតិមាតុភូមិ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។ ក្នុងនាមប្រធានសហព័ន្ធ លោកទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តនូវស្មារតីប្រឹងប្រែងដើម្បីជាតិបែបនេះទៀត និងត្រូវប្រឹងប្រែងហ្វឹកហាត់ ដើម្បីលទ្ធផលកាន់តែល្អប្រសើរ សម្រាប់ការប្រកួតនៅពេលបន្តបន្ទាប់ ជាពិសេសគឺត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ខាងមុខ។

ជាមួយគ្នានេះដែរ លោកហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានលើកឡើងជាសំណូមពរមួយចំនួន ដើម្បីគោរពស្នើសុំគោលការណ៍ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធ រួមមាន ពិនិត្យលទ្ធភាពក្នុងការជំរុញបន្ថែមសម្រាប់ការប្រកួតប្រចាំសហព័ន្ធ អាចប្រព្រឹត្តទៅតាមកាលបរិច្ឆេទ ពិនិត្យលទ្ធភាពក្នុងការជំរុញបន្ថែម ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ទាំងរយៈពេលវែង និងខ្លី និងពិនិត្យលទ្ធភាពក្នុងការផ្តល់នូវការឧបត្ថម្ភគាំទ្រនូវសម្ភារបច្ចេកទេសបន្ថែម សម្រាប់ការហ្វឹកហាត់។
លោក ទេសរដ្ឋមន្ត្រី បានស្នើឱ្យគណៈគ្រប់គ្រងសហព័ន្ធ ស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែម ក្នុងការបង្វឹកកីឡាករ កីឡាការិនី ទាំងនៅក្នុង និងក្រៅប្រទេស ក៏ដូចជារៀបចំឡើងវិញនូវ សម្ភារបរិក្ខាក្នុងការហ្វឹកហាត់ ឱ្យកាន់តែសម្បូរបែប និងមានប្រសិទ្ធភាព។ មួយវិញទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់សហព័ន្ធ ពិនិត្យលទ្ធភាពក្នុងការបង្កើតក្រុមកីឡាបាល់ទឹកនារី (Female Water Polo Team) ដែលសព្វថ្ងៃនៅក្នុងតំបន់មានតែ ៤ក្រុម ប៉ុណ្ណោះ ដែលនេះគឺជាកាលានុវត្តភាព។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យសហព័ន្ធគិតគូរបន្ថែមលើ ក្រុមកីឡាករហែលទឹក ដែលមានពិការភាព (Para Swimmer) ធ្វើយ៉ាងណាឱ្យពួកគាត់មានកន្លែងស្នាក់នៅ និងហូបចុកគ្រប់គ្រាន់ ត្រឹមត្រូវតាមបទដ្ឋានអាហារូបត្ថម្ភ។
ដើម្បីជាការលើកទឹកចិត្តចំពោះ សមាជិក សមាជិកា សហព័ន្ធគ្រប់រូប ដើម្បីបន្តបេសកកម្មទៅមុខទៀត លោកទេសរដ្ឋមន្ត្រី ប្រធានសព័ន្ធ អ្នកឧកញ៉ា អនុប្រធានសហព័ន្ធ បានសម្រេចផ្តល់នូវថវិកាឧបត្ថម្ភជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួនជិត ៨ម៉ឺនដុល្លារ៕

Most Popular

To Top