អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា យានអវកាស STEREO-A របស់អង្គការអវកាសណាសារបស់អាមេរិក “NASA” នឹងឆ្លងកាត់រវាងផែនដី និងព្រះអាទិត្យជាលើកដំបូងចាប់តាំងពីវាត្រូវបានបាញ់បង្ហោះកាលពី ១៧ ឆ្នាំមុន។
យានអវកាស Solar Terrestrial Relations Observatory ត្រូវបានបាញ់បង្ហោះកាលឆ្នាំ ២០០៦រួមជាមួយនឹងផ្កាយរណបប្អូនស្រីដែលមានឈ្មោះថា STEREO-B ដោយមានគោលដៅបង្កើតរូបភាព ៣ វិមាត្រនៃព្រះអាទិត្យ។ ផ្កាយរណបទាំង ២ អាចបង្កើតទិដ្ឋភាពស្តេរ៉េអូស្កូបដំបូងនៃព្រះអាទិត្យ ខណៈពេលដើរតាមគន្លងជុំវិញព្រះអាទិត្យ ដែលស្រដៀងទៅនឹងគន្លងគោចររបស់ផែនដី។ នៅឆ្នាំ ២០១១ “STEREO-A និង -B បានឈានដល់ការបំបែក ១៨០ ដឺក្រេនៅក្នុងគន្លងរបស់ពួកគេ។ ជាលើកដំបូងមនុស្សជាតិបានឃើញព្រះអាទិត្យរបស់យើងជារង្វង់ពេញលេញ។
លោក Lika Guhathakurta ជាអ្នកវិទ្យាសាស្ត្ររបស់កម្មវិធី NASA STEREO បាននិយាយថា មុនពេលដែលយើងត្រូវបានភ្ជាប់ទៅនឹងខ្សែបន្ទាត់ព្រះអាទិត្យ និងផែនដី យើងបានឃើញតែមួយចំហៀងនៃព្រះអាទិត្យនៅពេលតែមួយ ហើយថា STEREO បានបំបែកចំណងនោះ ហើយបានផ្តល់ឲ្យយើងនូវទិដ្ឋភាព នៃព្រះអាទិត្យជាវត្ថុ ៣ វិមាត្រ។
ក្នុងឆ្នាំ ២០១៤ ណាសាបានបាត់បង់ទំនាក់ទំនងជាមួយយានអវកាស STEREO-B ប៉ុន្តែ STEREO-A បានបន្តបេសកកម្មរបស់ខ្លួន។ ណាសាសង្ឃឹមថានឹងប្រើប្រាស់ភាពជិតបំផុតរបស់ STEREO-A ទៅនឹងផែនដី ដើម្បីជួយបង្កើតរូបភាព ៣ វិមាត្រលម្អិត នៃព្រះអាទិត្យ ដោយសំយោគជាមួយនឹងការសង្កេតពី Solar Dynamics Observatory របស់ណាសា និង Solar and Heliospheric Observatory របស់ទីភ្នាក់ងារអវកាសអឺរ៉ុប៕ ដោយ៖លី ភីលីព