កីឡា

លោកបណ្ឌិត ជ្រិន សុធា ៖ ប្រកួតកីឡាសិស្សមធ្យម សិក្សាថ្នាក់ជាតិ នេះឡើង ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមអត្តពលិកតេក្វាន់ដូ WT

រូបភាព លី ភីលីព

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ជ្រិន សុធា ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី និងជា អគ្គលេខាធិការខេមរសហព័ន្ធ តេក្វាន់ដូ តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ-មតិស្វាគមន៍ របស់លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាបានអញ្ជើញចូលរួម ពិធីបិទបិទប្រភេទ កីឡាតេក្វាន់ដូ WT ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ។

លោក គង់ សក្ខិដា អគ្គលេខាធិការរង ខេមរសហព័ន្ធតេក្វាន់ដូបាននិយាយថា គណៈកម្មការរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ប្រភេទកីឡាតេក្វាន់ដូ WT សូមគោរពរាយការណ៍ពី «ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៨០ នាក់ក្នុងនោះកីឡាការិនី ៤២ នាក់ មកពីរាជធានីខេត្តទំាង៩ ។

លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា ប្រកួតកីឡាសិស្សមធ្យម សិក្សាថ្នាក់ជាតិនេះឡើង ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករកីឡាការិនីទាំងអស់ ត្រៀមជ្រើសរើសក្រុមថ្នាល ឆ្ពោះទៅរៀបចំ ការប្រកួតកីឡាអូឡាំពិកអាស៊ី នាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។

លោកបានបន្តថា ការប្រកួតប្រភេទកីឡា តេក្វាន់ដូ WT ឃើញថា កីឡាករ-កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជំនះ នាពេលនេះ។ ហើយខ្ញុំ សង្ឃឹមថា ប្អូនៗកីឡាករ-កីឡាការិនី ដែលពុំទទួលបានជ័យលាភីលើកនេះ កុំអស់សង្ឃឹម សូមត្រៀមខ្លួន សម្រាប់ការប្រកួតឆ្នាំក្រោយៗទៀត ធម្មតាការប្រកួត តែងតែមានចាញ់ មានឈ្នះហើយ ៕

Most Popular

To Top