ព័ត៌មានអន្តរជាតិ

ក្រុមឃ្លាំមើលសុវត្ថិភាពអូស្ត្រាលីពិន័យ X ក្នុងទឹកប្រាក់៣៨៥.០០០ដុល្លារ សម្រាប់ការមិនដោះស្រាយខ្លឹមសារការរំលោភបំពានលើកុមារ

អូស្ត្រាលី៖ ក្រុមឃ្លាំមើលសុវត្ថិភាពអនឡាញរបស់ប្រទេសអូស្ត្រាលី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានពិន័យ X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពីមុនត្រូវបានគេស្គាល់ថា Twitter ចំនួនទឹកប្រាក់ ៣៨៥ ,០០០ដុល្លារអាមេរិកសម្រាប់ការខកខានមិនបានពន្យល់ពេញលេញអំពីរបៀបដែលវាដោះស្រាយខ្លឹមសារនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

គណៈកម្មាការសុវត្ថិភាព eSafety របស់ប្រទេសអូស្ត្រាលីពណ៌នាថា ខ្លួនជាទីភ្នាក់ងាររដ្ឋាភិបាលដំបូងគេរបស់ពិភពលោកដែលឧទ្ទិសដល់ការរក្សាសុវត្ថិភាពមនុស្សតាមអ៊ីនធើណេត។ គណៈកម្មការបានចេញសេចក្តីជូនដំណឹងអំពីតម្លាភាពផ្លូវច្បាប់នៅដើមឆ្នាំនេះដល់ X និងវេទិកាផ្សេងទៀតដែលចោទសួរពីអ្វីដែលពួកគេកំពុងធ្វើ ដើម្បីដោះស្រាយការរីកសាយនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ការជំរិតទារផ្លូវភេទ និងការផ្សាយបន្តផ្ទាល់នៃការរំលោភបំពានផ្លូវភេទលើកុមារ។

ស្នងការ eSafety លោកស្រី Julie Inman Grant បាននិយាយថា X និង Google មិនបានអនុវត្តតាមការជូនដំណឹងនេះទេ ដោយសារក្រុមហ៊ុនទាំង២មិនបានឆ្លើយតបឲ្យបានគ្រប់គ្រាន់ចំពោះសំណួរមួយចំនួន។លោកស្រី Inman Grant បានបន្តថា វេទិកាបានប្តូរឈ្មោះ X ដោយម្ចាស់ថ្មីរបស់ខ្លួនលោក Elon Musk គឺជាជនល្មើសដ៏អាក្រក់បំផុត មិនផ្តល់ចម្លើយចំពោះសំណួរមួយចំនួន រួមទាំងចំនួនបុគ្គលិកដែលនៅតែមាននៅក្នុងក្រុមទុកចិត្ត និងសុវត្ថិភាព ធ្វើការលើការការពារមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់ចាប់តាំងពីោក Musk ចូលកាន់តំណែង។

លោកស្រី Inman Grant បាននិយាយថា ខ្ញុំគិតថាមានកម្រិត​ នៃការប្រឆាំងនៅទីនោះ។លោកស្រីបានបន្ថែមថា ប្រសិនបើអ្នកមានប្រព័ន្ធ HR (ធនធានមនុស្ស) មូលដ្ឋាន ឬបញ្ជីប្រាក់ខែ អ្នកនឹងដឹងថាមានមនុស្សប៉ុន្មាននាក់នៅក្នុងក្រុមនីមួយៗ ។

X មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ បន្ទាប់ពីលោកMusk បានបញ្ចប់ការទិញយកក្រុមហ៊ុនរបស់លោកកាលពីខែតុលាឆ្នាំមុន លោកបានកាត់បន្ថយការចំណាយយ៉ាងច្រើន និងកាត់បន្ថយការងាររាប់ពាន់នាក់។

X អាចប្រឈមនឹងការផាកពិន័យនៅក្នុងតុលាការសហព័ន្ធអូស្ត្រាលី ប៉ុន្តែតុលាការអាចដាក់ពិន័យរហូតដល់ ៤៩៣,៤០២ ដុល្លារក្នុងមួយថ្ងៃចាប់តាំងពីខែមីនា នៅពេលគណៈកម្មការបានរកឃើញថា វេទិកានេះជាលើកដំបូងមិនបានអនុវត្តតាមការជូនដំណឹងអំពីតម្លាភាព៕ ដោយ៖លី ភីលីព

Most Popular

To Top