កីឡា

ក្រុមកីឡាការិនី ខេត្តកណ្តាល និងក្រុមកីឡាករវិទ្យាល័យ ព្រះស៊ីសុវត្ថិ បានគ្រងតំណែងជើងឯកនៃ ការប្រកួតកីឡាបាល់បោះ ជើងឯកថ្នាក់ជាតិអាយុក្រោម ១៥ឆ្នាំ

ភ្នំពេញ ៖ ក្រុមកីឡាការិនីបាល់បោះក្រោមអាយុ ១៥ ឆ្នាំខេត្តកណ្តាល និងក្រុមកីឡាករ បាល់បោះក្រោមអាយុ ១៥ ឆ្នាំវិទ្យាល័យ ព្រះស៊ីសុវត្ថិ បានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួត កីឡាបាល់បោះជើងឯកថ្នាក់ជាតិ អាយុក្រោម ១៥ឆ្នាំ រៀបចំដោយសហព័ន្ធ កីឡាបាល់បោះកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសពិធីបិទព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់បោះជើងឯកថ្នាក់ជាតិអាយុក្រោម ១៥ឆ្នាំ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញ កិត្តិយសពីសំណាក់លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងសមាជិកសហព័ន្ធ នៅសាលបាល់បោះ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោកបណ្ឌិត ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាព្រឹត្តិការណ៍កីឡាដ៏សំខាន់របស់សហព័ន្ធ និងជាការពង្រឹងគុណភាព ការប្រកួត ស្របតាមស្តង់ដារអន្តរជាតិ ។
ការប្រកួតនេះមានគោលបំណងសំខាន់ ដើម្បីពង្រឹងបច្ចេកទេសកីឡាករ-កីឡាការិនីតាមបណ្តារក្លឹបនានា ជាការផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីទទួល បានបទពិសោធន៍ បន្ថែម និង ជាវេទិកាមួយសម្រាប់ពិនិត្យ ជ្រើសរើសកីឡាករ-កីឡាការិនីសក្តានុពលត្រៀមលក្ខណៈទៅការ ប្រកួតកីឡាយុវជន អាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាត្រូវតែទទួលបាននូវ ជោគជ័យដូចការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាកន្លងទៅថ្មីៗនេះ។

លោកប្រធានបន្តថា ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រតិភូដឹកនាំ អ្នកដឹកនាំក្រុម និង កីឡាករ-កីឡាការិនី បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើការប្រកួតយ៉ាងស្វិតស្វាញ ដើម្បីវឌ្ឍន ភាពកីឡា និងលើកម្ពស់សុខភាពខ្លួនឯង រួមចំណែកដល់ការអភិវឌ្ឍជាតិ ព្រមទាំងទាក់ទាញ ចំណាប់ អារម្មណ៍មហាជនដល់សកម្មភាព កីឡាជាយាននាំមកនូវសុខុមាលភាព ប្រជាជនទូទាំងប្រទេស និង សូមផ្តាំផ្ញើឲ្យក្មួយៗ ជាកីឡាករ-កីឡាការិនីខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីនាំមកនូវឧត្តមភាពសម្រាប់ កម្ពុជានៅលើឆាកអន្តរជាតិ និងស្នើសុំឲ្យមន្ត្រីបច្ចេកទេសខិតខំពង្រឹង និងសម្រួចចំណេះដឹងលើការ រៀបចំការប្រកួត ជាពិសេសសម្រាប់ការប្រកួតកីឡាយុវជន អាស៊ីឆ្នាំ២០២៩ខាងមុខនេះ។

ចំណែកក្រុមកីឡាការិនី បាល់បោះក្រោមអាយុ ១៥ ឆ្នាំខេត្តកណ្តាលទទួលបានមេដាយមាស ក្រុមកីឡាការិនីបាល់បោះក្រោមអាយុ ១៥ ឆ្នាំ វិទ្យាល័យព្រះយុគន្ធរ ទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនី បាល់បោះ ក្រោមអាយុ ១៥ ឆ្នាំវិទ្យាល័យព្រះយុគន្ធរ (ជំនាន់ថ្មី) ទទួលបាន មេដាយសំរិទ្ធ ។ ក្រុមកីឡាករបាល់បោះក្រោមអាយុ ១៥ ឆ្នាំវិទ្យាល័យ ព្រះស៊ីសុវត្ថិទទួលបានមេដាយមាស ក្រុមកីឡាករបាល់បោះក្រោមអាយុ ១៥ ឆ្នាំ វិទ្យាល័យសន្ធរម៉ុក ទទួលបានមេដាយប្រាក់ និង ក្រុមកីឡាករបាល់បោះក្រោមអាយុ ១៥ ឆ្នាំ សាលា អេស អូ អេសទទួលបានមេដាយសំរិទ្ធ ៕

Most Popular

To Top