អ៊ីតាលី ៖ អ្នកចាត់ការ ក្រុមបាល់ទាត់ Arsenal ដែលជាក្រុមជើងខ្លាំងមួយ ស្ថិតក្នុងចំណោម ក្រុមជើងខ្លាំងច្រើនទៀត ព្រឹត្តិការណ៍បាល់ទាត់ លីគកំពូលអង់គ្លេស លោក Mikel Arteta បានទៅវិស្សមកាល ជាមួយភរិយា លោកស្រី Lorena Bernal ទៅកាន់រមណីយដ្ឋានថ្លៃបំផុត មួយលើពិភពលោក ។
The Sun បានរាយការណ៍ថា លោក Arteta ត្រូវបានគេប្រទះឃើញលាបឡេការពារ កម្ដៅថ្ងៃឲ្យប្រពន្ធ របស់លោកនៅលើទូកកម្សាន្តអំឡុង ពេលធ្វើដំណើររបស់ពួកគេ កាលពីចុងខែឧសភា ។ កូនប្រុសទាំង៣ របស់ពួកគេក៏បានទៅ ជាមួយពួកគេទៅកាន់ Porto Cervo ជារមណីយដ្ឋាន ដ៏ប្រណិតបំផុតមួយ នៅលើពិភពលោក ដែលមានទីតាំងនៅ Sardinia ប្រទេសអ៊ីតាលី ។
គូស្នេហ៍អេស្ប៉ាញមួយគូនេះបានសម្រេចចិត្តទៅវិស្សមកាល បន្ទាប់ពីរដូវកាល Premier League ចប់។ ក្រុម Arsenal របស់លោក Arteta បានឈរនៅលើកំពូលតារាងលីគអស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែបានជំពប់ជើងដួលនៅចុងបញ្ចប់ ដោយទុកឱកាសឲ្យក្រុម Manchester City លើពានជំនួសវិញ។ Arsenal បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ដោយមាន៨២ពិន្ទុតាមពីក្រោយ Man City ២ ពិន្ទុ។
កំឡុងពេលពួកគេនៅ Sardinia គូស្នេហ៍ទាំង ២នាក់ក៏បានចូលរួមកម្មវិធី Globe Soccer Awards ឆ្នាំ ២០២៤ ដែលលោក Arteta បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុតនៅ Premier League ។ លោកស្រី Bernal អាយុ ៤៣ ឆ្នាំបានគ្រងមកុដបវរកញ្ញាអេស្ប៉ាញកាលឆ្នាំ ១៩៩៩ ។
លោកស្រីស្ទាត់ជំនាញភាសាអង់គ្លេស និង បារាំង ហើយជាតារាម៉ូដែល តារាសម្តែង ពិធីករទូរទស្សន៍ និងជាគ្រូបង្វឹកជីវិត។ អ្នកទាំង២ បានចាប់ផ្តើមទាក់ទងគ្នា នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ហើយបានរៀបការនៅឆ្នាំ ២០១០ បន្ទាប់ពីស្វាគមន៍ កូនប្រុសដំបូងរបស់ពួកគេ ៕
ដោយ៖លី ភីលីព