កីឡា

វីដេអូបង្ហាញ ពីកីឡាករ បាល់ទាត់ប្រេស៊ីល Neymar យកកូនកាំបិត ចាក់សម្បកកង់ រថយន្តមិត្តរួមក្រុម

បរទេស ៖ កីឡាករបាល់ទាត់ប្រេស៊ីល និងកីឡាកររកប្រាក់ ចំណាលបានច្រើនឈរលំដាប់លេខ ៤ ពិភពលោក Neymar បានប្រើកាំបិត កាត់សម្បកកង់រថយន្ត របស់មិត្តរួមក្រុម Renan Lodi នេះជាការសងសឹក ចំពោះការលេង សើចអំឡុងពេលហ្វឹកហាត់ ។

ខ្សែការពារប្រេស៊ីល Renan Lodi បានផ្តួចផ្តើមគំនិត លេងសើចជាបន្តបន្ទាប់លើកីឡាករ Neymar ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍កន្លងមកនេះ រួមមានការចងខ្សែ របស់លោកជាបាច់ ដើម្បីត្រឡប់ទៅរកការសងសឹកមិត្តរួមក្រុមវិញ កីឡាករ Neymar ត្រូវបានគេឃើញ កាន់កាំបិតនៅចំណតរថយន្ត មុនពេលដែលចាក់ និងកាត់សម្បកកង់រថយន្តរបស់កីឡាករ Lodi ។

វីដេអូដែល Neymar សងសឹក Lodi បានធ្វើឲ្យអ្នកគាំទ្រ ជាច្រើនភ្ញាក់ផ្អើល ដោយមានអ្នកគាំទ្រ ជាច្រើនជឿថា វាជាប្រតិកម្មហួសហេតុ។ ទោះបីជាមានហេតុការណ៍នេះក៏ដោយ Neymar និង Lodi ក្រោយមកបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ King Cup ទល់នឹង Al Nassr នៅយប់ថ្ងៃសុក្រ ដោយបានលើកពានទីពីររបស់ពួកគេ ក្នុងរដូវកាលជាមួយ Al Hilal បន្ទាប់ពីឈ្នះ Saudi Pro League ។

Neymar បានចូលរួមជាមួយក្លឹប Al Hilal កាលពីរដូវក្តៅមុន បន្ទាប់ពីរយៈពេល ៦ ឆ្នាំជាមួយក្លឹបបារាំង PSG ។ កីឡាករឆ្នើមប្រេស៊ីលរូបនេះ ត្រូវបានគេនិយាយថា ទទួលបានប្រហែល ១៦៥ លានដុល្លារក្នុងមួយឆ្នាំនៅឯក្លឹប Al Hilal ។ យ៉ាងណា Neymar បានរងរបួសស្ទើរពេញមួយរដូវកាល ដោយលេងបានតែ ៥ ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប។

Lodi បានផ្លាស់ទៅ Al Hilal នៅដើមឆ្នាំនេះ បន្ទាប់ពី២ឬ៣ខែជាមួយ Marseille ។ កាលពីមុន ខ្សែការពារឆ្វេងវ័យ ២៥ ឆ្នាំរូបនេះលេងបាន ៤ រដូវកាលឲ្យ Atletico Madrid និងធ្លាប់លេងនៅប្រទេសអង់គ្លេសដោយលេងឲ្យ Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើង៕
ដោយ៖លី ភីលីព

Most Popular

To Top