កីឡា

កីឡាករបាល់ទាត់ឆ្នើម Ronaldo ដើរកាត់ព្រៃដើម្បីថតរូប Selfie ជាមួយអ្នកគាំទ្ររបស់លោក

VN EXPRESS

អាល្លឺម៉ង់៖ កំពូលកីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ Ronaldo ត្រូវបានគេឃើញដើរកាត់ព្រៃដើម្បីថតរូបជាមួយអ្នកគាំទ្ររបស់លោកចំនួន ៣ នាក់ មុនពេលការប្រកួតបើកឆាករបស់ព័រទុយហ្គាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ Euro 2024 នៅប្រទេសអាល្លឺម៉ង់។

កាសែត The Sun បានរាយការណ៍ថា ប៉ុន្មានម៉ោងមុនការប្រកួតជាមួយសាធារណរដ្ឋឆេកនៅព្រឹកថ្ងៃពុធ កីឡាករ Ronaldo បានចំណាយពេលជួបអ្នកគាំទ្រ ៣ នាក់ដែលកំពុងរង់ចាំនៅខាងក្រៅដោយអត់ធ្មត់។ លោកត្រូវបានគេឃើញដើរតាមគុម្ពោតព្រៃមានកម្ពស់ខ្ពស់ជាងមនុស្សធម្មតាទៅកាន់កន្លែងដែលអ្នកគាំទ្រកំពុងឈរ។ កីឡាករបាល់ទាត់ឆ្នើមឈរនៅពីក្រោយរបងដែក ហើយថតរូប Selfie ជាមួយពួកគេ មុនពេលត្រឡប់ទៅមិត្តរួមក្រុមវិញ។
ចាប់តាំងពីបានមកដល់ប្រទេសអាល្លឺម៉ង់ លោក Ronaldo បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍។ ក្នុងអំឡុងពេលហ្វឹកហាត់ដំបូងរបស់ព័រទុយហ្គាល់កាលពីសប្តាហ៍មុន អ្នកគាំទ្ររាប់ពាន់នាក់បានមកមើលលោក។ អ្នកគាំទ្រម្នាក់ថែមទាំងលោតពីលើរបង ហើយឱបខ្សែប្រយុទ្ធកំពូលរូបនេះពេលហ្វឹកហាត់។

មុនពេលលេងការប្រកួតដំបូងរបស់លោកនៅ Euro 2024 លោក Ronaldo បានបង្ហោះសារទៅកាន់អ្នកគាំទ្រ និងក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់នៅលើ Instagram ។ ជនជាតិព័រទុយហ្គាល់ ថ្ងៃនេះចាប់ផ្តើមជំពូកមួយទៀតនៃប្រវត្តិសាស្ត្ររបស់យើង។ ខ្ញុំចងចាំថ្ងៃដំបូងរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ ជាដំណើរដែលពោរពេញទៅដោយបញ្ហាប្រឈម និងជ័យជំនះ។

ឥឡូវនេះ ខ្ញុំមានកិត្តិយសក្នុងការឈរម្តងទៀតជាមួយនឹងក្រុមជើងឯក ដែលពោរពេញដោយទេពកោសល្យ និង ដោយមានការប្តេជ្ញាចិត្ត និងការគាំទ្រពីគ្រប់គ្នា យើងប្រែក្លាយក្តីសុបិនឲ្យក្លាយជាការពិត ចូរយើងតស៊ូជាមួយគ្នាដើម្បីទទួលបានជ័យជម្នះមួយទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top