LAUSANNE ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីថ្ងៃព្រហស្បតិ៍ បានអនុញ្ញាតអត្តពលិករុស្ស៊ីចំនួន ២២ នាក់ និងបេឡារុស្សចំនួន ១៧ នាក់ឲ្យចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីស ២០២៤ ក្នុងនាមជាអព្យាក្រឹត ទោះបីជាអ្នកខ្លះ បានសម្រេចចិត្តរួច ហើយថា មិនចូលរួមក៏ដោយ ។
បញ្ជីឈ្មោះទី ២ ត្រូវបានអនុញ្ញាតឲ្យប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា រួមមានអ្នកប្រកួតប្រជែង មកពីកីឡាវាយកូនបាល់ ការបាញ់កាំភ្លើង និងការជិះទូក។បញ្ជីដំបូង ត្រូវបានចុះផ្សាយកាលពីថ្ងៃទី ១៥ ខែមិថុនា ត្រូវបានកំណត់ចំពោះវិញ្ញាសាចំនួន ៤ គឺចំបាប់ ការលើកទម្ងន់ ជិះកង់ និងកីឡារត់ប្រណាំង។
នោះក៏រាប់បញ្ចូលទាំងការបដិសេធលើកដំបូងរួមមានកីឡាករជិះកង់រុស្ស៊ី Aleksandr Vlasov និងជនជាតិបេឡារុស្ស ៥នាក់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អត្តពលិកចំនួន ១៨ នាក់បានបញ្ជាក់ពីវត្តមានរបស់ពួកគេរួចហើយ ពោលគឺកីឡាករជិះកង់ ៣ នាក់ កីឡា Trampoline ៣នាក់ អ្នកលើកទម្ងន់២នាក់ និង អ្នកចំបាប់ ១០នាក់។
កីឡាករចែវទូកជនជាតិ បេឡារុស២នាក់ និងគុនដាវ បេឡារុស្ស២នាក់ នៅមិនទាន់ដឹងពីការឆ្លើយ តបរបស់ពួកគេ នៅឡើយទេ ។ មានការសង្ស័យស្រដៀងគ្នានេះ ក្នុងចំណោមបញ្ជី កីឡាករវាយកូនបាល់ បានចេញកាល ពីថ្ងៃព្រហស្បតិ៍ជាមួយ នឹងកីឡាកររុស្ស៊ី Daniil Medvedev និង Andrey Rublev ដែលបច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥ និងលេខ ៦ ពិភពលោកនៅមិនទាន់ មានការឆ្លើយតបជាផ្លូវការទេ ។
ដូចគ្នានេះដែរ ត្រូវបានអនុវត្តចំពោះកីឡាការិនីនាំមុខគេដូចជាកីឡាករបេឡារុស្ស Aryna Sabalenka ម្ចាស់ជើងឯក Australian Open ចំណាត់ថ្នាក់លេខ ៣ និងអតីតកីឡាការិនីលំដាប់ពិភពលោក Victoria Azarenka ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសហព័ន្ធកីឡាវាយកូនបាល់រុស្ស៊ី Shamil Tarpischev នៅដើមខែនេះបាននិយាយថា Rublev ម្ចាស់មេដាយប្រាក់ឆ្នាំ ២០២១ កីឡាករ Karen Khachanov ក៏ដូចជាកីឡាការិនី Liudmila Samsonova ចំណាត់ថ្នាក់លេខ ១៥របស់នារី នឹងមិនលេងនៅអូឡាំពិកទេ។
Sabalenka បាននិយាយថា នាងនឹងមិនចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសទេ។ នាងSabalenka បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា ជាពិសេសជាមួយនឹងការតស៊ូទាំងអស់ ដែលខ្ញុំបានតស៊ូ ជាមួយខែចុងក្រោយនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែថែរក្សាសុខភាពរបស់ខ្ញុំ ៕
ដោយ៖លី ភីលីព