ព័ត៌មានអន្តរជាតិ

សមាជិកណាតូ ៣ប្រទេស សន្យាផ្តល់រថក្រោះបន្ថែមទៀត ឲ្យអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានប្រកាសថា ប្រទេសអាល្លឺម៉ង់ រួមជាមួយប្រទេសដាណឺម៉ាក និងហូឡង់ នឹងធ្វើការផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាម ត្រជាក់ចំនួន៧៧គ្រឿង បន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន។

លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា លើសពីនេះ ទីក្រុងប៊ែរឡាំង មានបំណងផ្តល់ជើងបញ្ឈរបាញ់ ស្វ័យប្រវត្តិប្រភេទ PzH ២០០០ចំនួន១២គ្រឿងបន្ថែមទៀត ដល់ទីក្រុងគៀវផងដែរ។

អធិការបតី Olaf Scholz បានយល់ព្រមលើការ ប្រគល់រថក្រោះ ផលិតដោយអាល្លឺម៉ង់ ទៅអ៊ុយក្រែនវិញក្នុងខែមករា ឆ្នាំ២០២៣ហើយទោះបីជាចំនួនរថក្រោះ ដែលទីក្រុងគៀវ បានបាត់បង់តាំងពីពេលនោះមក មិនត្រូវបានដឹងក៏ដោយ ប៉ុន្តែយោធារុស្ស៊ីបានបញ្ចេញ វីដេអូជាច្រើន ដែលបង្ហាញពីការបំផ្លាញអាវុធទាំងនេះ។

លោកPistorius បានជួបជាមួយ លោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky នៅក្នុងកិច្ចប្រជុំ នៃក្រុមទំនាក់ទំនង ការពារជាតិអ៊ុយក្រែននៅឯមូលដ្ឋាន យោធាអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ។

លោកPistorius បានប៉ាន់ប្រមាណថា ប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងប្រទេសដាណឺម៉ាក បានប្រគល់រថក្រោះ Leopard 1A5 ចំនួន ៥៨គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន រួចហើយ ជាមួយនឹងផែនការក្នុងការ ផ្តល់អាវុធនេះបន្ថែមចំនួន ៧៧គ្រឿង ទៀតនាពេលខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top