បច្ចេកវិទ្យា

អ្នកឃ្លាំមើលកាណាដាប្តឹង Google ជុំវិញបច្ចេកវិទ្យា ផ្សាយពាណិជ្ជកម្ម ប្រឆាំង នឹងការប្រកួតប្រជែង

AFP

OTTAWA ៖ ក្រុមឃ្លាំមើលការប្រកួត ប្រជែង របស់ប្រទេសកាណាដា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងនាំក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google ទៅកាន់តុលាការ ដោយចោទប្រកាន់ក្រុមហ៊ុន ពីអាកប្បកិរិយាប្រឆាំង នឹងការប្រកួតប្រជែង ក្នុងការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេត យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ការផ្សាយពាណិជ្ជកម្មជាធម្មតាត្រូវបានទិញ និង លក់តាមរយៈការដេញថ្លៃដោយស្វ័យប្រវត្តិ និងគ្រប់គ្រងដោយអាជីវកម្មដោយប្រើបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម ជាប្រព័ន្ធដែលកំណត់ នូវការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេតដែលមនុស្ស ឃើញនៅពេលពួកគេចូលមើលគេហទំព័រ។

ការស៊ើបអង្កេតរបស់ការិយាល័យប្រកួតប្រជែងបានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ជាអ្នកផ្តល់ឧបករណ៍ធំបំផុតក្នុងប្រទេសកាណាដា។

លោកស្នងការ Matthew Boswell បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបំពានលើទីតាំងលេចធ្លោរបស់ខ្លួន ដោយចូលរួមក្នុងការប្រព្រឹត្ត ដែលរារាំងអ្នកចូលរួមទីផ្សារ ឲ្យប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន ។

អង្គការឃ្លាំមើលបានចោទប្រកាន់ Google ថា បានផ្តល់ការអនុគ្រោះដល់ឧបករណ៍របស់ខ្លួន ក្នុងការចូលប្រើប្រាស់សារពើភ័ណ្ឌការផ្សាយពាណិជ្ជកម្ម ជួនកាលលក់ការផ្សាយពាណិជ្ជកម្ម ដោយខាតបង់ដើម្បីរារាំងគូប្រជែង និងកំណត់លក្ខខណ្ឌ សម្រាប់ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ផ្សាយពាណិជ្ជកម្មរបស់អ្នកដទៃ។

លោក Boswell បានបន្តថា លោកនឹងស្នើសុំឲ្យសាលាក្តីមួយដើម្បីកម្រិតទីលានប្រកួតដោយបង្ខំឲ្យក្រុមហ៊ុន Google លក់ឧបករណ៍បច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មរបស់ខ្លួនចំនួន២ ហើយបង់ប្រាក់ពិន័យ ដែលមិនបានបញ្ជាក់។

អ្នកនាំពាក្យរបស់ Google លោក Dan Taylor បាននិយាយថា ក្រុមហ៊ុនត្រៀមខ្លួន ដើម្បីប្រឆាំងនឹងការចោទប្រកាន់ដែលលោកបាននិយាយថា មិនអើពើនឹងការប្រកួត ប្រជែងខ្លាំងក្នុងវិស័យនេះ ដែលអ្នកទិញ និងអ្នកលក់មានជម្រើសច្រើន។

ក្រុមឃ្លាំមើលការប្រកួតប្រជែង របស់ប្រទេសបារាំងបានពិន័យ Google ចំនួន ២២០ លានអឺរ៉ូកាលខែមិថុនា ឆ្នាំ ២០២១ សម្រាប់ការអនុគ្រោះសេវាកម្ម របស់ខ្លួនក្នុងវិស័យផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេត។ ការអនុវត្តការផ្សាយពាណិជ្ជកម្មរបស់ Google ក៏ជាកម្មវត្ថុនៃការស៊ើបអង្កេត ឬដំណើរការនៅចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងអាមេរិកផងដែរ ៕

Most Popular

To Top