កីឡា

ក្រុមបាល់ទាត់នារី វិសាខាទទួលបានជើងឯករងការប្រកួតពានរង្វាន់ “Cambodian Women’s League 2024/25”

ភ្នំពញ៖ ក្រុមបាល់ទាត់នារី វិសាខា ទទួលបានជើងឯករងក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់លីគកីឡាបាល់ទាត់នារី ឆ្នាំ២០២៤-២០២៥ “Cambodian Women’s League 2024/25” ក្រោយពីប្រកួតចាញ់ក្រុមបាល់ទាត់នារី ភ្នំពេញក្រោនក្នុងលទ្ធផលបច្ចេកទេស ០ ទល់នឹង ២ នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមបាល់ទាត់នារី វិសាខាបង្ហាញវត្តកមានលើកដំបូងរបស់ក្រុម។

ការប្រកួតកីឡាបាល់ទាត់នារីពានរង្វាន់ Cambodian Women’s League 2024/25 នាវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ” មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ” ឬ កីឡដ្ឋាន ” ស្តាតចាស់ ” ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្រុមបាល់ទាត់នារី ភ្នំពេញក្រោន គ្រងតំណែងជើងឯក ក្រុមបាល់ទាត់នារី វិសាខា ទទួលបានជើងឯករង និងក្រុមបាល់ទាត់នារី ណាហ្គាវើលដ៍ទទួលបានចំណាត់ថ្នាក់លេខ ៣ ។ យោងតាមផេកកីឡាបាល់ទាត់ វិសាខា បាននិយាយថា តាងនាមថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់ វិសាខា សូមអរគុណ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រូ និងកីឡាការិនីទាំងអស់ ក្នុងការប្រកួតពានរង្វាន់ Cambodian Women’s League 2024/25 ដែលជាលើកដំបូង សម្រាប់ការចូលរួមព្រឹត្តិការណ៍លីគនារីថ្នាក់ជាតិនេះ ជាមួយការទទួលបានចំណាត់ថ្នាក់លេខ២ ។ ពួកយើងសូមជូនពរ និងសង្ឃឹមថា កីឡាការិនីទាំងអស់ នឹងបន្ដខិតខំប្រឹងប្រែង ដើម្បីត្រៀមប្រកួតប្រជែង និងដណ្ដើមបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត នារដូវកាលថ្មីខាងមុខ៕

ដោយ៖ លី ភីលីព

Most Popular

To Top