ភ្នំពេញ៖ មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចម្រាញ់ រកបានក្រុមកីឡាករ -កីឡាការិនី វ័យក្មេងឆ្នើមរបស់ខ្លួន ដើម្បីត្រៀមខ្លួមចូលរួម ការរប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯក ថ្នាក់ជាតិទូទំាងប្រទេសឆ្នាំ២០២៥ បន្ទាប់ពីមន្ទីរអប់រំបានចំណាយពេល ៧ ថ្ងៃប្រព្រឹត្តចាប់ពីថ្ងៃទី៩ ដល់១៥ កុម្ភៈ ឆ្នាំ២០២៥ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៥ រៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។


លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងឱកាសពិធីបិទការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើង ឯករាជធានីភ្នំពេញ ប្រចាំ២០២៤ លើក ៦ ប្រភេទកីឡានៅវិទ្យាល័យ ឥន្ទ្រទេវី ដើម្បីចម្រាញ់រកក្រុម កីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមការប្រកួតកីឡាសិស្ស បឋមសិក្សាជ្រើសរើសជើងឯកទូទំាង ប្រទេស នាមីនាខាងមុខនេះ ។

លោក អ៊ុក ចន្ថា បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះ ចំពោះប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះ ជាកាយវិការនិងការចូលរួមដោយស្មោះ ក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡា នៅរាជធានីភ្នំពេញ តាមគោល នយោបាយ របស់រាជរដ្ឋាភិបាលបានចែងថា មនុស្សម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត និង ជំរុញដល់កុមារា-កុមារីឲ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយមុខ ដែលមាននៅក្នុងសង្គម ។


លោកអនុប្រធានបន្តថា មួយវិញទៀត ការហាត់ និងលេងកីឡាជាកត្តាចាំបាចដែលនាំមកនូវការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការ កសាង និងការពារជាតិ យើងចាប់ពីកុមាភាពតទៅ ។ ហើយដើម្បីចូលរួម អភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឲ្យស្របនិងការវិវត្តន៍ និងរីកចម្រើនរបស់ប្រទេស ជាតិ ។

ទន្ទឹមគ្នានេះដែរ កម្ពុជាកំពុងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នា ពេលខាងមុខ និងសូមថ្លែងអំណរគុណ ដល់គណ:កម្មការគ្រប់ផ្នែកដូចជា គណ:កម្មការបច្ចេកទេស ទីលាន សន្តិសុខសណ្តាប់ធ្នាប់ សង្គ្រោះ ដែលបានខិតខំអស់ទាំងកំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ឲ្យទទួលបានលទ្ធផលនាពេលនេះ ។

សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់រាជធានី ឆ្នាំ២០២៥ មានប្រភេទកីឡាចំនួន៦ រួមមាន៖ បាល់បោះកុមារី-កុមារា, បាល់ទះកុមារី-កុមារា, បាល់ទាត់កុមារី-កុមារា, អត្តពលកម្មកុមារី-កុមារា និងវាយកូនឃ្លីលើតុ ដែលការប្រកួតនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៩ ដល់១៥ កុម្ភៈ ឆ្នាំ២០២៥។ ចំពោះទីតាំងប្រកួតមាន វិទ្យាល័យឥន្ទ្រទេវី (បាល់បោះ,បាល់ទាត់) និងវិទ្យាល័យជាស៊ីមសាមគ្គី (បាល់ទះ,អត្តពលកម្ម និងវាយកូនឃ្លីលើតុ)៕
ដោយ៖លី ភីលីព
