លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ជាការផ្តល់ឱកាសដល់យុវជន -យុវនារីបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរប្រកប ដោយទេពកោសល្យត្រៀម ចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើមៗ ឲ្យកាន់តែច្រើនបន្ថែមទៀត ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើង ក្នុងឱកាសពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំ ប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីទាំង១៦វិញ្ញាសា ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អមដំណើរលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។

លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ការប្រកួតនេះ ក៏ជាការបង្ហាញពីគម្រោងផ្សេងៗនៃគុនខ្មែរ និងធ្វើឲ្យកាន់តែរស់រវើក បណ្តុះស្មារតីស្រឡាញ់នូវកេរមរតកដូនតាដែលមានតម្លៃដ៏មហាសាលនេះ ព្រមទាំងចូលរួមអភិរក្ស និងអភិវឌ្ឍឲ្យបានគង់វង្សរាប់ជំនាន់តទៅមុខទៀត ។
រាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយក្បាច់គុនខ្មែរ ដែលជាកេរមរតកដូនតាខ្មែរ ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្តល់ជាគោលការណ៍ ក្នុងការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរ ពានរង្វាន់សម្តេចបវរធិបតី ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៤មក ដើម្បីបើកចំហរទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរគ្រប់ប្រភេទ គ្រប់ទម្រង់ក្បាច់គុន គ្រប់ទិសទី ដោយអាចចូលរួមប្រកួត គ្រប់មហាជន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួត យុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា ។

លោក នេត្រ ភក្រ្តា បានបន្ថែមថា ការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរនះ គឺដើម្បីបន្តឱកាសឱ្យអ្នកចេះក្បាច់គុន បុរាណអាចមកសម្តែង និង ប្រកួតជាមួយគ្នា បង្ហាញជូនដល់ប្រជាជន យុវជន និងមជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាពិតជាមាន ក្បាច់គុន ច្រើនណាស់ និងបន្តឱកាសស្រាវជ្រាវ ចងក្រងឡើងវិញផងដែរ ។ ក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបន្តលក្ខណៈប្រសើរសម្រាប់បងប្អូនប្រជាជនទូទៅ ក្នុងការលេងកម្សាន្តផង និងដើម្បីពង្រឹងសុខភាពកីឡាករ កីឡាការិនីឱ្យកាន់តែខ្លាំងពូកែផង ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួងស្ថាប័ន រាជធានីខេត្ត និងកីឡាករ កីឡាការិនី គណៈកម្មការរៀបចំការ ប្រកួត អាជ្ញាកណ្តាល ព្រមទាំងអ្នកពាក់ព័ន្ធផ្សេទៀត ដែលបានខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់ក្បាច់គុនខ្មែរ ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបន្តពង្រឹង និងពង្រីកការបណ្តុះបណ្តាល ហ្វឹកហាត់ ស្រាវជ្រាវ ផ្សព្វផ្សាយ ដើម្បីថែរក្សាមរតកដូនតាឲ្យបានគង់វង្សយូរអង្វែង៕
