ភ្នំពេញ៖ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសហព័ន្ធផ្តោតលើគោលបំណងសំខាន់ៗ ដើម្បីរម្លឹកគុណលោកព្រឹទ្ធាចារ្យ ហែម ថុន ព្រមទាំងចម្រាញ់រកក្រុមអត្តពលិកវ័យក្មេងមានគុណភាពខ្ពស់ និងដំណើរឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់អនឡាញថា ការប្រកួតនេះត្រូវរៀបចំជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារតែឆ្នាំកន្លងមកមានការអាក់ខាន ដូច្នេះនៅឆ្នាំ២០២៥នេះ យើងត្រៀមរៀបចំការប្រកួតឡើងវិញ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន ដូចជាការរម្លឹកនូវស្នាដៃ និងលទ្ធផលការងាររបស់លោកព្រឹទ្ធាចារ្យ ហែម ថុន ជាការរម្លឹកនូវគុណូបការៈ ដែលលោកបានលះបង់សម្រាប់វិស័យកីឡាហែលទឹកកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានជំរុញគាំទ្រឲ្យរៀបចំ និងដាក់ឈ្មោះនូវការប្រកួតនេះ ជាការប្រកួតជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន។

លោកអគ្គលេខាធិការបានបន្តថា ព្រឹត្តិការណ៍ប្រកួតនេះក៏ជាការផ្តល់ឱកាសជូនដល់កុមារា កុមារី យុវជន យុវនារី តាមកម្រិតអាយុនីមួយៗឲ្យបានចូលរួមប្រកួតប្រជែងគ្នា ក្នុងកម្រិតអាយុឲ្យបានច្រើន ក៏ដូចជាបានវាស់ស្ទង់កម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនីវ័យក្មេងៗ និងអនុញ្ញាតឲ្យកុមារ និងយុវជនជាជនជាតិបរទេសរស់នៅកម្ពុជាបានចូលរួមដូចគ្នា ដូច្នេះសាលារៀនឯកជនទំាងអស់អាចចុះឈ្មោះសិស្សរបស់ខ្លួនបានតាមរយៈការជូនដំណឹងរបស់សហព័ន្ធ និងនៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោកអគ្គលេខាធិការ ហែម គីរី គូសបញ្ជាក់បន្ថែមថា យើងដឹងហើយថា ចក្ខុវិស័យរបស់សហព័ន្ធខ្មែរកីឡាហែលទឹក គឺកំពុងត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ (Asian Youth Games) នាឆ្នាំ២០២៩។ ដូច្នេះ សហព័ន្ធក៏កំពុងផ្តោតលើការវាស់ស្ទង់សមត្ថភាពនិងទាញយកធនធានកីឡាករ កីឡាការិនី ក្នុងកម្រិតយុវជនរបស់យើង ដើម្បីផ្តោតទៅលើការត្រៀមឆ្ពោះទៅ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ផងដែរ។ កីឡាករ កីឡាការិនីវ័យក្មេងៗ ដែលមានកម្រិតគុណភាពខ្ពស់ សហព័ន្ធនឹងពិនិត្យលើការហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ឬត្រូវជ្រើសរើសពង្រឹងបន្ថែមទៅលើរបស់ពួកគាត់ជាបន្តបន្ទាប់ទៀត។ ការប្រកួតកម្រិតកុមារ យុវជនេះ យើងចង់ឱ្យមានការចូលរួមឱ្យបានច្រើន និងបង្កភាពសប្បាយរីករាយសម្រាប់ពួកគាត់ឲ្យបានញឹកញាប់។

គួរបញ្ជាក់ថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកយុវជនព្រឹទ្ធាចារ្យ ហែមថុន លើកទី៧ នឹងធ្វើឡើង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដែលមាន៦កម្រិតអាយុ រួមមាន៖ កុមារា កុមារី អាយុ ០៧ឆ្នាំ-០៨ឆ្នាំ, កុមារា កុមារី អាយុ០៩ឆ្នាំ-១០ឆ្នាំ, កុមារា កុមារី អាយុ១១ឆ្នាំ-១២ឆ្នាំ, យុវជន យុវនារី អាយុ១៣-១៤ឆ្នាំ និងយុវជន យុវនារី អាយុ១៥-១៦ឆ្នាំ (សរុប ១៦វិញ្ញាសា)។


រីឯសម្រាប់ប្រភេទកីឡា ហែលទឹកពាក់ជើងទា (Fin Swimming) គឺកំណត់អាយុច្រើនបំផុតត្រឹម ១៤ឆ្នាំ (សរុប ២វិញ្ញាសា)។ ការចុះឈ្មោះចូលរួមប្រកួតនឹងបន្តរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ទើបបិទបញ្ជី ហើយកីឡាករ កីឡាការិនីម្នាក់ៗមានសិទ្ធិចូលរួមប្រកួតទៅតាមកម្រិតអាយុ ដោយមិនកំណត់ចំនួនវិញ្ញាសានោះទេ។ ចំពោះសមាគម ក្លឹបហែលទឹក និងគ្រឹះស្ថានសិក្សាអាចចុះឈ្មោះចូលរួមប្រកួតបានដោយសេរី៕
ដោយ៖លី ភីលីព
