កីឡា

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ សុខុមាលភាព និងស្មារតីស្រឡាញ់កីឡា របស់កុមារាកម្ពុជា ជួបប្រទះការលំបាក

ភ្នំពេញ ៖ នាថ្ងៃសៅរ៍ ទី១ ខែមីនានេះ អង្គការ ផ្កាយសមុទ្រ ហៅកាត់ថា ISF បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍ បាល់ទាត់ប្រចាំឆ្នាំ ដ៏ធំមួយដោយប្រមូល ផ្តុំក្រុមបាល់ទាត់សរុប ៥៣ ក្រុមទូទាំងប្រទេស មកចូលរួមប្រកួត ប្រជែងរយៈពេលមួយថ្ងៃពេញ កម្មវិធីប្រកួត នេះទៀតសោតបែងចែក ទៅតាមប្រភេទអាយុខុសៗ គ្នាដូចជា កុមារាអាយុក្រោម ១០ឆ្នាំ កុមារាអាយុក្រោម ១៤ឆ្នាំ និងកុមារាអាយុក្រោម ១៦ឆ្នាំជាដើមនៅទីលាន បាល់ទាត់អង្គការផ្កាយសមុទ្រ ។

ឆ្នាំ២០២៥នេះ គឺជាឆ្នាំទីដប់មួយហើយ ដែលអង្គការផ្កាយ សមុទ្រសហការជាមួយនឹងមូលនិធិ Ian Thompson Memorial ដើម្បីរៀបចំកម្មវិធីប្រកួតបាល់ទាត់កុមារានេះឡើង ។ លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងារ របស់អង្គការផ្កាយសមុទ្រក្នុងការ កាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ឱកាសស្មើរគ្នា ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡាក្នុងគោលបំណង រក្សានូវកេរ្តិ៍ដំណែលរបស់ឪពុក លោក Alistair ជាកូនប្រុសបានបន្តផ្តល់ការ ឧបត្ថម្ភគាំទ្រក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ កុមារានេះតរៀងមក ចាប់តាំងពីឪពុក របស់លោកបាន ទទួលមរណភាព ។

ព្រឹត្តិការណ៍ប្រកួត បាល់ទាត់កុមារាប្រចាំឆ្នាំ ដ៏ធំមួយនេះដើរតួយ៉ាងសំខាន់ក្នុងការ ផ្តល់ឱកាសដល់កីឡាករ វ័យក្មេងឲ្យបញ្ចេញសមត្ថភាព ក៏ដូចជាទឹកចិត្តស្រឡាញ់កីឡា និងស្មារតីសាមគ្គីជាក្រុមផងដែរ ។ ឆ្នាំនេះកុមារាជា កីឡាករដល់ទៅជាង ៦០០នាក់ បានចូលរួមប្រកួត ដោយពួកគេម្នាក់ៗធ្វើដំណើរមកពី ខេត្តក្រុងផ្សេងៗចំនួន ៩ នៅទូទាំងប្រទេសកម្ពុជា ដូចជា ៖ ខេត្តរតនៈគិរី បន្ទាយមានជ័យ កំពង់ធំ កំពង់ស្ពឺ បាត់ដំបង កំពត ក្រុងសៀមរាប និងក្រុងព្រះសីហនុ និងខ្លះទៀតមកពីសាលាដៃគូរបស់អង្គការផ្កាយសមុទ្រជុំវិញរាជធានីភ្នំពេញ ។
ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា នេះកាន់តែជោគជ័យ និងធំឡើងៗ ក៏ដោយសារតែមាន ការឧបត្ថម្ភគាំទ្រយ៉ាងសំខាន់ពីអ្នកឧបត្ថម្ភ ក្រុមប្រឹក្សាភិបាល និងអ្នកគាំទ្រធំៗជាច្រើនទៀត ដែលធ្វើដំណើរមក រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ ។ ការរួមចំណែករបស់ពួកគេដើរតួយ៉ាងសំខាន់ក្នុងការ ធានាបានថាកីឡាករវ័យក្មេងទាំងនេះទទួលបានឱកាសចូលរួមប្រកួតក្នុងការប្រកួតដ៏មានគុណភាព និងអភិវឌ្ឍ ខ្លួន ។

លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់ អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ កុមារានេះ គឺមានន័យលើសពីការប្រកួត ព្រោះតែវាបាននាំមកនូវឱកាសជាច្រើន ដល់កីឡាករវ័យក្មេង ក្នុងការរៀន សូត្រ អភិវឌ្ឍជំនាញ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយ នឹងមនុស្សថ្មីៗមកពី បណ្តាខេត្តផ្សេងៗទូទាំងប្រទេស ។ ពួកយើងពិតជាមានមោទនភាពក្រៃលែង បានរៀបចំកម្មវិធីនេះឡើង និងជាពិសេសបានឃើញពីភាព វិជ្ជមានក្នុងជីវិតរបស់កីឡាករក្មេងៗ ទាំងនេះបានចូលរួមប្រកួត ។

ការប្រកួតនេះ មិនត្រឹមតែអភិវឌ្ឍ ទេពកោសល្យ ប៉ុណ្ណោះទេ តែថែមទាំងជួយលើកកម្ពស់ ការរៀនសូត្រ ជំនាញបំណិន ជីវិតសំខាន់ៗដូចជា ការមានវិន័យ ការធ្វើការងារជាក្រុម និង ភាពតស៊ូធន់ទ្រាំ ដោយ បង្កើតនូវបរិយាកាស មួយសម្រាប់ការប្រកួតប្រជែងកីឡា និងផ្តល់ការគាំទ្រ សំខាន់ៗដល់ពួកគេ ពួកយើងសង្ឃឹម ថានឹងជួយជម្រុញស្មារតី កីឡាករបាល់ទាត់ កម្ពុជាជំនាន់ក្រោយទាំងនេះឲ្យបន្តដើរឆ្ពោះទៅរកក្តីស្រមៃរបស់ខ្លួនទាំងនៅក្នុង និងក្រៅទីលាន ៕

Most Popular

To Top