ប៉េកាំង៖ ប្រទេសចិន បានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួននៅប្រហែល ៥ភាគរយសម្រាប់ឆ្នាំ២០២៥ ក្នុងអំឡុងពេលសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន ដោយប្តេជ្ញាអនុវត្តគោលនយោបាយសារពើពន្ធសកម្មបន្ថែមទៀត និងជំហានបន្ធូរបន្ថយរូបិយវត្ថុ ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជាភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកក៏បានឲ្យដឹងផងដែរថា ខ្លួននឹងបង្កើនការចំណាយយោធារបស់ខ្លួននៅឆ្នាំ២០២៥ ដល់ ១.៧៨ទ្រីលានយន់ (២៥០ ពាន់លានដុល្លារ) ពោលគឺកើនឡើង ៧.២ ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍ថវិកាដែលបានចែកចាយនៅក្នុងសម័យប្រជុំសភាប្រជាជនជាតិ។ អត្រាកំណើន គឺដូចគ្នាទៅនឹងការពង្រីកពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២៤។
ទីក្រុងប៉េកាំងបានរក្សាគោលដៅកំណើន GDP ដូចគ្នាសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។ នៅឆ្នាំ២០២៤ មហាអំណាចអាស៊ីបានសម្រេចគោលដៅដោយសេដ្ឋកិច្ចរបស់ខ្លួននឹងពង្រីកពិតប្រាកដ ៥ភាគរយពីឆ្នាំ២០២៣ ដោយសារវិធានការជំរុញដែលបានអនុវត្តចាប់ពីខែកញ្ញាបានជួយបន្ធូរបន្ថយវិបត្តិវិស័យអចលនទ្រព្យដែលអូសបន្លាយ។
នាយករដ្ឋមន្ត្រីលោក លី ឈាំង បានឲ្យដឹងនៅពេលចាប់ផ្តើមសម័យប្រជុំរយៈពេល ៧ថ្ងៃដែលចូលរួមដោយប្រធានាធិបតីលោក ស៊ី ជីនពីង នៅមហាសាលប្រជាជនចិន ក្នុងទីក្រុងប៉េកាំងថា “ការផ្លាស់ប្តូរដែលមើលមិនឃើញក្នុងរយៈពេលមួយសតវត្សកំពុងលាតត្រដាងនៅទូទាំងពិភពលោក” ដោយចង្អុលទៅនិន្នាការកើនឡើងនៃ “ឯកតោភាគីនិយម និងការការពារនិយម” និងការបន្តបង្កើន “របាំងពន្ធគយ” ។
លោក លី បានព្រមានថា “បរិយាកាសខាងក្រៅដែលកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរអាចជះឥទ្ធិពលកាន់តែខ្លាំងលើប្រទេសចិនក្នុងវិស័យដូចជា ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។ ចំពេលមានជម្លោះពាណិជ្ជកម្មកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក ប្រទេសចិននឹង “នៅតែរឹងមាំក្នុងការបន្តយុទ្ធសាស្ត្របើកចំហរ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងប្រឆាំងនឹងអនុត្តរភាព និងនយោបាយអំណាច”៕
ប្រែសម្រួល ឈូក បូរ៉ា
