ទីក្រុងហាណូយ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិ វៀតណាមអាយុ ៤១ ឆ្នាំម្នាក់ មកពីទីក្រុងហាណូយ ដែលទទួលរងពីជំងឺប្រកាច់ជាច្រើនឆ្នាំ និងឈឺក្បាលរ៉ាំរ៉ៃ ដោយនាពេលថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា សត្វដង្កូវនាងរស់នៅក្នុង ខួរក្បាលរបស់លោក ។
អ្នកជំងឺបានរាយការណ៍ថា មានការឈឺក្បាលប្រចាំថ្ងៃ ដោយបានធូរស្រាលជាបណ្ដោះអាសន្នដោយការប្រើប្រាស់ថ្នាំ ប៉ុន្តែកើតឡើងដដែលៗ។ កាលពីប៉ុន្មានខែមុន ស្ថានភាព របស់លោកកាន់តែអាក្រក់ទៅៗ នៅពេលលោកចាប់ផ្តើមមានការប្រកាច់ធ្ងន់ធ្ងរ ដែលធ្វើឲ្យរូបលោករងផល ប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាព នៃការញ៉ាំ និងការគេងរបស់លោក។
លោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Dang Van Ngu ទីក្រុងហាណូយ បានធ្វើការស្កែន MRI និង ការធ្វើតេស្តវេជ្ជសាស្ត្រ ដោយបង្ហាញពីរបួស ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល របស់លោក ដែលបណ្តាលមកពីសត្វដង្កូវនាង ដោយពន្យល់ពីរោគសញ្ញា នៃប្រព័ន្ធសរសៃប្រសាទរបស់លោក។
អ្នកតំណាងមន្ទីរពេទ្យ បាននិយាយកាលពីថ្ងៃអង្គារថា ទម្លាប់របស់អ្នកជំងឺក្នុងការញ៉ាំឱសថមិនទាន់ឆ្អិន និងសាច់ឈាមឆៅអាចរួម ចំណែកដល់ការឆ្លងមេរោគដង្កូវនាង ។ មន្ទីរពេទ្យដោះស្រាយករណីឆ្លងប៉ារ៉ាស៊ីត រាប់ម៉ឺនករណីជារៀងរាល់ឆ្នាំ ដែលភាគច្រើនត្រូវបានគេ ធ្វើរោគវិនិច្ឆ័យមិនត្រឹមត្រូវថា ជាដុំសាច់ក្នុងខួរក្បាល ឬជំងឺសរសៃ ប្រសាទផ្សេងទៀត ។ អ្នកជំងឺជារឿយៗទទួលរងការឈឺ ចាប់ជាច្រើនឆ្នាំមុនពេលទទួល ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។
ការឆ្លងមេរោគដង្កូវនាងក្នុងប្រព័ន្ធប្រសាទដែលហៅថា Neurocysticercosis អាចបណ្តាលឲ្យបាត់បង់ការចងចាំ ឈឺក្បាលធ្ងន់ធ្ងរ ពិការភ្នែក ប្រកាច់ ហើយក្នុងករណីធ្ងន់ធ្ងរអាចស្លាប់ប្រសិនបើមិនព្យាបាល ។ ការឆ្លងជាធម្មតាកើតឡើងពីការទទួលទានអាហារ ដែលមានមេរោគ ដូចជាសាច់ឆៅ ឬមិនទាន់ឆ្អិន និងឱសថមិនទាន់ចម្អិន ៕
