ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ទា ជ្រើសរើសជើងឯកយុវជន ពានរង្វាន់ ព្រឹទ្ធាចារ្យ ហែម ថុន ឆ្នាំ២០២៥នេះ ទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់សមាគម និងក្លឹបហែលទឹកគ្រឹះស្ថានសិក្សាទាំងអស់សរុបចំនួន ៣៥ស្ថាប័ន និងមានកីឡាករ-កីឡាការិនីហែលទឹកចំនួន ២២៨នាក់បានចូលរួមការប្រកួតឆ្នាំនេះ

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ក្រោមគំនិតផ្តួចផ្តើមរបស់លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដោយសហព័ន្ធផ្តោតលើគោលបំណងសំខាន់ៗ ដើម្បីរម្លឹកគុណលោកព្រឹទ្ធាចារ្យ ហែម ថុន ព្រមទាំងចម្រាញ់រកក្រុមអត្តពលិកវ័យក្មេងមានគុណភាពខ្ពស់ និងដំណើរឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

ការប្រកួតនេះត្រូវរៀបចំជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារតែឆ្នាំកន្លងមកមានការអាក់ខាន ដូច្នេះនៅឆ្នាំ២០២៥នេះ យើងត្រៀមរៀបចំការប្រកួតឡើងវិញ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន ដូចជាការរម្លឹកនូវស្នាដៃ និងលទ្ធផលការងាររបស់លោកព្រឹទ្ធាចារ្យ ហែម ថុន ជាការរម្លឹកនូវគុណូបការៈ ដែលលោកបានលះបង់សម្រាប់វិស័យកីឡាហែលទឹកកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានជំរុញគាំទ្រឲ្យរៀបចំ និងដាក់ឈ្មោះនូវការប្រកួតនេះ ជាការប្រកួតជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន។
ការប្រកួតខាងលើកមានកីឡាករ-កីឡាការិនីហែលទឹកចំនួន ២២៨នាក់ ក្នុងនោះមានកីឡាករ ១០៨នាក់ កីឡាការិនី ៨២នាក់ និងប្រតិភូដឹកនាំ គ្រូបង្វឹក ៣៨នាក់។ព្រឹត្តិការណ៍ប្រកួតនេះ នឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកយុវជនព្រឹទ្ធាចារ្យ ហែមថុន លើកទី៧ នឹងធ្វើឡើង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដែលមាន៦កម្រិតអាយុ រួមមាន៖ កុមារា កុមារី អាយុ ០៧ឆ្នាំ-០៨ឆ្នាំ, កុមារា កុមារី អាយុ០៩ឆ្នាំ-១០ឆ្នាំ, កុមារា កុមារី អាយុ១១ឆ្នាំ-១២ឆ្នាំ, យុវជន យុវនារី អាយុ១៣-១៤ឆ្នាំ និងយុវជន យុវនារី អាយុ១៥-១៦ឆ្នាំ (សរុប ១៦វិញ្ញាសា)។ រីឯសម្រាប់ប្រភេទកីឡា ហែលទឹកពាក់ជើងទា (Fin Swimming) គឺកំណត់អាយុច្រើនបំផុតត្រឹម ១៤ឆ្នាំ (សរុប ២វិញ្ញាសា)៕


ដោយ៖ លី ភីលីព
