កីឡា

លោក ហង់ជួន ណារ៉ុន អញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធិ ពីការប្រកួតកម្រិតអន្តរជាតិ

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋភិបាលជូនជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធិ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ជើងឯកកម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍នៅសាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

សម្រាប់ការផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តរបស់រាជរដ្ឋភិបាលមាន ១៦ ព្រឹត្តិការណ៍រួមមានការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៣ នៅហ្វីលីពីន ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៣ នៅកម្ពុជា ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣ នៅMongolia ការប្រកួតកីឡាហែលទឹកជើងទាជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ នៅថៃ និងការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី១៤ ឆ្នាំ២០២៣ នៅប្រទេសកូរ៉េខាងត្បូង។

ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកពិភពលោក ឆ្នាំ២០២៣ នៅថៃ ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៧ នៅប្រទេសវៀតណាម ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅថៃ ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប់រួម ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចជើងឯកអាស៊ីលើកទី៩ នៅប្រទេសវៀតណាម និងការប្រកួតកីឡាជឺ ជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ នៅឥណ្ឌូនេស៊ី។

រីឯការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ នៅកម្ពុជា ការប្រកួតមធ្យមសិក្សាជើងឯកអាស៊ីអាគ្នេយ៍លើកទី១៣ នៅប្រទេសវៀតណាម និងកីឡាសាកលវិទ្យាល័យ ជើងឯកអាស៊ីអាគ្នេយ៍លើកទី២១ នៅឥណ្ឌូនេស៊ី និងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីលើកទី១០ ឆ្នាំ២០២៤ នៅឥណ្ដា៕

ដោយ៖ លី ភីលីព

Most Popular

To Top