ព័ត៌មានអន្តរជាតិ

មនុស្ស ៥ ចោទប្រកាន់ និងរឿងអាស្រូវ ពុករលួយរបស់ក្រុមហ៊ុន Huawei នៅសភា EU ក្នុងប្រទេសបែលហ្ស៊ិក

south china morning post

បែលហ្ស៊ិក ៖ ព្រះរាជអាជ្ញាបែលហ្ស៊ិក បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ៥ នាក់ត្រូវបានចោទប្រកាន់ ក្នុងការស៊ើបអង្កេតលើការសង្ស័យថា មានអំពើពុករលួយ ក្នុងសភាអឺរ៉ុប ដែលពាក់ព័ន្ធ នឹងបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies ដោយបន្ថែមថា ការវាយឆ្មក់ថ្មីត្រូវបានធ្វើឡើង។

ជនសង្ស័យទំាងនេះត្រូវបានឃុំខ្លួន ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលប៉ូលិសរាប់សិបនាក់បានបើកការវាយឆ្មក់ក្នុងប្រទេសបែលហ្ស៊ិក និងព័រទុយហ្គាល់ ដោយស៊ើបអង្កេតការសង្ស័យថា មានអំពើពុករលួយនៅសភាសហភាពអឺរ៉ុប ។ រឿងអាស្រូវនេះកើតឡើង ២ ឆ្នាំ បន្ទាប់ពីសមាជិកសភា សហភាពអឺរ៉ុបជាច្រើននាក់ ត្រូវបានចោទប្រកាន់ថា ត្រូវបានបង់ប្រាក់ ដើម្បីលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសកាតា និងម៉ារ៉ុក ជាអ្វីដែលប្រទេសទាំង២បដិសេធ។

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា ចៅក្រមប្រទេសបែលហ្ស៊ិក កាលពីថ្ងៃអង្គារបានចោទប្រកាន់មនុស្ស ៤ នាក់ពីអំពើពុករលួយសកម្ម និងអង្គការឧក្រិដ្ឋកម្ម ហើយបានរក្សា ទុកពួកគេនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន ។ មនុស្សទី៥ ជាប់ចោទពីបទលាងលុយកខ្វក់ ត្រូវបានដោះលែងក្រោមលក្ខខណ្ឌ ។ ការស្វែងរកថ្មីៗនៅការិយាល័យនានា ក្នុងសភាសហភាពអឺរ៉ុបបានធ្វើឡើងកាលពីថ្ងៃចន្ទ។

ក្រុមហ៊ុន Huawei បាននិយាយកាលពីមុនថា ខ្លួនទទួលយកការចោទប្រកាន់ពីបទពុករលួយយ៉ាងធ្ងន់ធ្ងរ ។ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Huawei មានគោលការណ៍មិនអត់ឱនចំពោះអំពើពុករលួយ ឬអំពើខុសឆ្គងផ្សេងទៀត ហើយយើងប្តេជ្ញាអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ ដែលអាចអនុវត្តបានគ្រប់ពេលវេលា ៕

Most Popular

To Top