អាមេរិក ៖ លោក Zach Yadegari ដែលជាមហាសេដ្ឋី នាយកប្រតិបត្តិវ័យ ១៨ ឆ្នាំ និងជាស្ថាបនិកនៃការចាប់ផ្តើមផ្នែកថែទាំសុខភាពបានបង្ហើបថា លោកត្រូវបានសាកលវិទ្យាល័យល្បី ៗ ជាច្រើនរបស់អាមេរិករួមទាំងសាលា Ivy League ចំនួន៦ ទៀតបដិសេធមិនទទួលរូបលោកឲ្យចូលរៀនឡើយ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។
លោក Yadegari អ្នកដឹកនាំ Cal AI ជាកម្មវិធីតាមដានអាហារូបត្ថម្ភ ដែលប្រើបញ្ញាសិប្បនិម្មិត ដើម្បីវិភាគរូបភាពអាហារ និងតាមដានការទទួលទានកាឡូរី។ ក្រោមការដឹកនាំរបស់លោក Cal AI មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយបានរាយការណ៍ថាបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣០ លានដុល្លារអាមេរិក និងបានទាញយកលើសពីមួយលានដង ។
បទសម្ភាសន៍ជាមួយ លោក Yadegari កាលខែវិច្ឆិកា ឆ្នាំ ២០២៤ ទស្សនាវដ្ដី Forbes បានសរសេរថា យុគសម័យ ប្រព័ន្ធបញ្ញាសិប្បនិមិត្ត កំពុងធ្វើបដិវត្តគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង សិស្សវិទ្យាល័យអាយុ ១៧ ឆ្នាំម្នាក់កំពុងបង្កើតរលកក្នុងវិស័យបច្ចេកវិទ្យាសុខភាព និងកាយសម្បទា ។ លោក Zach Yadegari សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃ Cal AI បានបង្កើតកម្មវិធី តាមដាន អាហារូបត្ថម្ភដែលប្រកួតប្រជែង ជាមួយក្រុមហ៊ុនយក្សឧស្សាហកម្មកេរ្តិ៍ ដំណែលដោយប្រើប្រាស់ AI និងយុទ្ធសាស្រ្តទីផ្សារ ប្រកបដោយភាពច្នៃប្រឌិត។
ទោះបីជាជោគជ័យអាជីវកម្មរបស់លោក 4.0 GPA និងពិន្ទុ ACT គួរឲ្យចាប់អារម្មណ៍ ៣៤ ក្នុងចំណោម ៣៦ ក៏ដោយ លោក Yadegari ប្រឈមនឹងការបដិសេធពីសាកលវិទ្យាល័យល្បី ៗ ជាច្រើនរួមទាំង Harvard, Yale និង Stanford ។ នៅថ្ងៃទី១ ខែមេសា លោក Yadegari បានចែករម្លែកជាសាធារណៈនៅលើគណនី X របស់លោកនូវបញ្ជីសាកលវិទ្យាល័យចំនួន ១៨ ដែលលោកបានដាក់ពាក្យទៅ ដោយបង្ហាញថា លោកត្រូវបានទទួលយកដោយតែ ៣ ប៉ុណ្ណោះ៖ វិទ្យាស្ថានបច្ចេកវិទ្យាហ្សកហ្ស៊ី សាកលវិទ្យាល័យតិចសាស់ និងសាកលវិទ្យាល័យម៉ៃអាមី។
ស្ថាប័នចំនួន ១៥ ដែលបដិសេធលោករួមមានសាលា Ivy League ចំនួន៦គឺ Yale, Harvard, Princeton, Columbia, Brown និង Cornell ។ លោកក៏ទទួលបានការបដិសេធពី Stanford និង MIT ផងដែរ៕
