លោក Carlo Ancelotti អ្នកចាត់ការរបស់ក្រុមស្ដេចស Real Madrid បានទម្លាយពីប្រព័ន្ធលេង ដែលលោកពេញចិត្ត បំផុតក្រោមការដឹកនាំរបស់លោកនាពេលនេះ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះទៅលើ Athletic Bilbao ១-០ ក្នុងការប្រកួត La Liga សប្ដាហ៍ទី៣២កាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ។
បុរសសញ្ជាតិអ៊ីតាលីបាននិយាយថា «ប្រព័ន្ធដែលខ្ញុំចូលចិត្តលេងបំផុតនោះគឺ ៤-៤-២។ យើងការពារបានល្អណាស់ វាជាប្រព័ន្ធមួយដែលយើងលេងបានល្អ»។ ការលើកឡើងនេះមិនមែនមានន័យថា គ្រប់ពេល Real Madrid ស្ថិតក្រោមការដឹកនាំរបស់លោកសុទ្ធតែប្រើរបៀបលេងបែបនេះនោះទេ គឺវាអាចប្រែប្រួលទៅតាមកាលៈទេសៈផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីយកបាន៣ពិន្ទុកាលពីយប់មីញ Real Madrid នៅតែមានឱកាសប្រជែង La Liga ដដែល ពោលពួកគេមាន៦៩ពិន្ទុតាមពីក្រោម Barcelona ដែលស្ថិតនៅកំពូលតារាងនោះ៤ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់ចំនួន៦ប្រកួតទៀត៕
