ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang បានចែករម្លែករូបថត របស់លោកស្រីកំពុងដេកនៅលើគ្រែ មន្ទីរពេទ្យក្នុងទីក្រុងបាងកកកាលពីល្ងាចថ្ងៃពុធ ដែលបង្កឲ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកគាំទ្រនៅលើបណ្តាញសង្គមពេញប្រទេសនេះ។
រូបថតបង្ហាញថា លោកស្រី Madam Pang មើលទៅអស់កម្លាំងនៅមន្ទីរពេទ្យ Bumrungrad International Hospital ។ ក្នុងចំណងជើងខ្លីមួយបានបង្ហោះជាភាសាថៃ ដែលប្រែប្រហែលថា ហត់ទាំងស្រុង លោកស្រីបានប្រាប់ពីភាពនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្តដែលធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ។
ក្នុងរយៈពេលមួយម៉ោង ការបង្ហោះនេះទទួលបានការបញ្ចេញមតិជាង ១៨,០០០ រួមជាមួយនឹងមតិគាំទ្រ និងការចែករម្លែករាប់ពាន់ពីសំណាក់អ្នកគាំទ្រ មិត្តភ័ក្តិ និងអ្នកលេងអ៊ីនធើណេតថៃ។ អ្នកប្រើប្រាស់ម្នាក់បានបញ្ចេញមតិថា សូមជូនពរឲ្យលោកស្រីឆាប់ជាសះស្បើយ ហើយអ្នកគាំទ្រម្នាក់បានសរសេរថា លោកស្រី គឺជាថាមពលនៅពីក្រោយបាល់ទាត់ថៃ សូមបន្តរឹងមាំ។ អ្នកម្នាក់ទៀតបានបញ្ចេញមតិថា ទោះជាអ្នកហត់ក៏ដោយ អ្នកនៅតែញញឹម។
លោកស្រី Madam Pang មិនបានបង្ហាញពីមូលហេតុដែលលោកស្រីចូលមន្ទីរពេទ្យ ឬព័ត៌មានលម្អិតអំពីសុខភាពរបស់នាងឡើយ។ នៅព្រឹកថ្ងៃពុធនេះលោកស្រី Madam Pang បានប្រកាសថា លោកស្រីបានចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន ២៥ លានបាត (៧៤៥,០០០ ដុល្លារដើម្បីជួយ FAT ទូទាត់ប្រាក់បំណុល បន្ទាប់ពីការបរាជ័យស្របច្បាប់ របស់ខ្លួនទៅឲ្យក្រុមហ៊ុនសារព័ត៌មាន Siam Sport ។ ក្នុងករណីនេះ FAT ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ Siam Sport ចំនួន ៣៦០ លានបាត (១០.៧២ លានដុល្លារ)។ ការទូទាត់ប្រាក់បំណុលនឹងជួយ FAT ជៀសវាងការរឹបអូសទ្រព្យសម្បត្តិពីការអនុវត្តច្បាប់។
នេះបើយោងតាមទស្សនាវដ្តី Forbes បាននិយាយថា លោកស្រី Madam Pang អាយុ ៥៩ ឆ្នាំ ឈ្មោះពិត Nualphan Lamsam មកពីគ្រួសារលេចធ្លោ និងអ្នកមានបំផុតរបស់ប្រទេសថៃ ដែលមានទ្រព្យសម្បត្តិសុទ្ធ ៨៩០ លានដុល្លារអាមេរិក។ លោកស្រីជាបុគ្គលម្នាក់ដែលមានឥទ្ធិពលបំផុតក្នុងប្រទេសថៃ។ នៅខែកុម្ភៈ ឆ្នាំ ២០២៤ លោកស្រីបានបង្កើតប្រវត្តិសាស្ត្រដោយ ក្លាយជាស្ត្រីដំបូងគេដែលបម្រើការជាប្រធាន FAT និងជាស្ត្រីដំបូងគេនៅអាស៊ីដែលដឹកនាំសហព័ន្ធបាល់ទាត់៕
