អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា ពន្ធ ២៥ ភាគរយដែលដាក់ដោយ ប្រធានាធិបតីអាមេរិកលោក Donald Trump លើគ្រឿងបន្លាស់រថយន្តបរទេស បានចូលជាធរមានជាផ្លូវការ កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនកូរ៉េបានចាប់ផ្តើមរញ៉េរញ៉ៃ ដើម្បីរកដំណោះស្រាយជាផ្លូវការដែរ ។
អ្នកវិភាគមួយចំនួនរំពឹងថា ផលប៉ះពាល់នៃពន្ធគយទាំងនេះ នឹងធំជាងពន្ធលើការនាំចូលរថយន្ត ដែលបានបញ្ចប់ទៅទៀត។
នេះបើយោងតាមសមាគម ពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) កាលពីថ្ងៃអាទិត្យថា ចំណែកនៃការនាំចេញគ្រឿង បន្លាស់រថយន្តរបស់ប្រទេស កូរ៉េខាងត្បូង ទៅកាន់អាមេរិកបានកើនឡើងពី ២៩.៥ ភាគរយក្នុងឆ្នាំ ២០២០ ដល់ ៣៦.៥ ភាគរយកាលពីឆ្នាំមុន
ឧស្សាហកម្មរថយន្តប៉ាន់ប្រមាណថា ក្នុងចំណោមគ្រឿងបន្លាស់រថយន្តនាំចូលដោយអាមេរិក គ្រឿងបន្លាស់ផលិតដោយកូរ៉េមានចំនួន ៦,៤ ភាគរយគិតត្រឹមឆ្នាំមុន មានទំហំទឹក ប្រាក់ ១៣,៥ ពាន់លានដុល្លារ។ ប្រហែល ៦០ ទៅ ៧០ភាគរយ នៃគ្រឿងបន្លាស់ទាំងនេះ ត្រូវបានផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនផលិត រថយន្តកូរ៉េដូចជា Hyundai Motor និង Kia ។
ដើម្បីកាត់បន្ថយភាពតក់ស្លុតនៃពន្ធនេះ ក្រុមហ៊ុនផ្នែកឧស្សាហកម្មគ្រឿង បន្លាស់ និងសម្បកកង់រថយន្តដែលបានបញ្ចប់កំពុង ស្វែងរកយុទ្ធសាស្រ្តដូច ជាការកែតម្រូវបរិមាណផលិតកម្ម និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ អ្នកផ្គត់ផ្គង់ជាមួយការផលិតដែលមានមូលដ្ឋាននៅអាមេរិក រួមមាន Hyundai Mobis, Hankook Tire និង Kumho Tire គ្រោងនឹងបង្កើនការនាំចេញ ទៅកាន់ទីផ្សារអាមេរិក និងពង្រីកផលិតកម្មនៅរោងចក្រក្នុងស្រុករបស់ពួកគេ៕
