កីឡា

សហព័ន្ធខ្មែរកីឡាហាប់គីដូ បើកវគ្គបណ្តុះបណ្តាល ហ្វឹកហាត់ជំនាញ់ក្បាច់គុន ហាប់គីដូ ដល់មន្ត្រីជំនាញ នៃនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡា ហាប់គីដូ បានសហការជាមួយនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបើកវគ្គបណ្តុះបណ្តាល ហ្វឹកហាត់ ជំនាញ់ក្បាច់គុនហាប់គីដូ ដល់មន្ត្រីជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការដ្ឋាន នគរបាលជាតិនៅអាគារសូហ្វតិន្នី ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា ។

ក្នុងឱកាស ពិធីបើកជាផ្លូវការនេះ ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូ លោកឧត្តម សេនីយ៍ទោ ហេង សំណាង តំណាង ដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ក្នុងនោះមានការ ចូលរួមពីតំណាង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងសហព័ន្ធខ្មែរកីឡាហាប់គីដូ ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បាននិយាយថា ដោយមានការយកចិត្តទុកដាក់ពីសុវត្ថិភាពមន្រ្តី ជំនាញពេល ចុះប្រត្តិបត្តការ ពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការ នគរបាលជាតិ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា និងសហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ហ្វឹកហាត់ជំនាញ់ក្បាច់គុនហាប់គីដូ នៅអាគារសូហ្វតិន្នីក្នុងពហុកីឡាដ្ឋានជាតិដោយមានសិក្ខាកាមហ្វឹកហាត់ សរុបចំនួន ៥១រូប ស្រី ០៥រូប ។

វគ្គហ្វឹកហាត់នេះ នឹងលើកម្ពស់ដល់សិក្ខាកាមនូវចំណេះដឹង ផ្នែកក្បាច់គុណការពារខ្លួន និងសុខភាពមាំងមួន លើកកម្ពស់សមត្ថភាពបន្ថែមជូនមន្ត្រីជំនាញ ក្នុងការបំពេញភារកិច្ច បង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យឲ្យមានប្រសិទ្ធភាព ព្រមទាំងការពារខ្លួនពីការធ្វេសប្រហែស និងការប្រឆាំងតប របស់ជនសង្ស័យប្រកបដោយសុវត្ថិភាពត្រឹមត្រូវ ៕

Most Popular

To Top