តូក្យូ៖នេះបើតាមប្រភពព័ត៌មានដឹងអំពីបញ្ហានេះ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor Co កំពុងជួបការលំបាក គ្រោងនឹង កាត់បន្ថយបុគ្គលិកប្រហែល ២០,០០០នាក់នៅទូទាំងពិភពលោក ដែលច្រើនជាង ១០,០០០លើសពីការកាត់បន្ថយបាន ប្រកាស កាលពីរដូវ ស្លឹកឈើជ្រុះមុន ដោយសារវាចាត់ទុកថា ត្រូវការសកម្មភាពកាន់ តែស៊ីជម្រៅដើម្បី បង្វែរអាជីវកម្មរបស់ខ្លួនឡើងវិញ
ការកាត់បន្ថយបុគ្គលិកក្រោមផែនការថ្មីតំណាងឲ្យប្រហែល ១៥ ភាគរយនៃកម្លាំងការងារ សរុបរបស់ក្រុមហ៊ុន Nissan ។ ក្រុមហ៊ុនគ្រោងនឹងរាយការណ៍ពីប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធបានបញ្ចប់កាលខែមីនានៅថ្ងៃអង្គារ ដោយមានការយកចិត្តទុកដាក់ផ្តោត លើផលប៉ះពាល់នៃពន្ធលើរថយន្តខ្ពស់ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។
ប្រភពបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តក៏ កំពុងពិចារណាបិទរោងចក្រ ក្នុងស្រុកមួយរបស់ខ្លួន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹង ប្រែងដើម្បីបង្កើន សមត្ថភាពផលិតកម្ម ចំពេលការលក់ធ្លាក់ចុះ។ កាលពីខែវិច្ឆិកា ក្រុមហ៊ុន Nissan បានប្រកាសពីផែនការ កាត់បន្ថយបុគ្គលិកចំនួន ៩,០០០នាក់ ក្នុងប្រទេសជប៉ុន និងក្រៅប្រទេស និងកាត់បន្ថយសមត្ថភាពផលិតកម្មសកលរបស់ខ្លួនចំនួន ២០ ភាគរយនៅឆ្នាំសារពើពន្ធឆ្នាំ ២០២៦ ខណៈអាជីវកម្មរបស់ខ្លួន នៅសហរដ្ឋអាមេរិក និងប្រទេសចិននៅតែបន្តតស៊ូ។
កាលពីខែកុម្ភៈ ខ្លួនក៏បាននិយាយថា ខ្លួនក៏មានគម្រោង បិទរោងចក្រថៃ មួយនិងរោងចក្រ ២ ផ្សេងទៀតដោយ មិនផ្តល់ព័ត៌មានលម្អិត។ បច្ចុប្បន្ន Nissan កំពុងដំណើរការរោងចក្រដំឡើងរថយន្តចំនួន ៥ នៅប្រទេសជប៉ុន ដោយអតីត នាយកប្រតិបត្តិ Makoto Uchida ធ្លាប់បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការរក្សារោងចក្រ ក្នុងស្រុកឲ្យដំណើរការ។
កាលពីខែមុន ក្រុមហ៊ុនផលិតរថយន្តបានព្យាករថានឹងខាតបង់សុទ្ធពី ៧០០ ពាន់លានយ៉េនដល់ ៧៥០ ពាន់លានយ៉េនសម្រាប់សារពើពន្ធឆ្នាំ ២០២៤ ដោយសារតែការចំណាយលើការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលនឹងក្លាយជាការខាតបង់ សុទ្ធប្រចាំឆ្នាំដ៏ធំបំផុត មិនធ្លាប់មានរបស់ក្រុមហ៊ុន៕
