វៀតណាម ៖ ក្រុមហ៊ុនទូរគមនាគមន៍កូរ៉េខាងត្បូង “Korea Telecom” បាននិយាយថា ក្រុមហ៊ុនមានគ្រោងនឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ AI របស់ខ្លួនដោយបង្កើត មជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសវៀតណាម យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ប្រធានក្រុមហ៊ុនទូរគមនាគមន៍ កូរ៉េខាងត្បូង លោក Young Shub Kim បានប្រាប់ឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung នៅទីក្រុងហាណូយ កាលពីថ្ងៃចន្ទថា មជ្ឈមណ្ឌលនេះនឹងដោះស្រាយតម្រូវ ការបច្ចេកវិទ្យាដែលកំពុងកើនឡើងក្នុងតំបន់ និងធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធអេកូឌីជីថល របស់វៀតណាម។

លោកបានបន្ថែមថា ក្រុមហ៊ុនក៏ចង់ចាប់ដៃគូ ជាមួយក្រុមហ៊ុនទូរគមនាគមន៍យក្ស Viettel ដែលគ្រប់គ្រងដោយរដ្ឋសម្រាប់ការអភិវឌ្ឍន៍ AI ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ Korea Telecom ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏ធំមួយមានបណ្តាញទូលំទូលាយបំផុតក្នុងប្រទេសកូរ៉េខាងត្បូង ដែលពូកែខាង 5G អ៊ីនធឺណេតល្បឿនលឿន AI កុំព្យូទ័រលើ cloud និងបច្ចេកវិទ្យាមជ្ឈមណ្ឌលទិន្នន័យ។
លោក Dung បានប្រាប់លោក Kim ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង ការផ្លាស់ប្តូរឌីជីថល គឺជាគន្លឹះក្នុងការរៀបចំរចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់វៀតណាមឡើងវិញ និងជំរុញកំណើន ក្នុងយុគសម័យបច្ចុប្បន្ន ។ lokបានកំណត់ថា AI ជាមូលដ្ឋានគ្រឹះសម្រាប់ឆ្ពោះទៅរកគោលដៅទាំងនេះ ។
លោកបានសន្យាថានឹងគាំទ្រដល់កិច្ចសហការរបស់ Korea Telecom ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់វៀតណាមដូចជា Viettel សម្រាប់ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលកម្លាំងពលកម្ម និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី AI ។ លោកក៏បានគាំទ្រផែនការ របស់ក្រុមហ៊ុនក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ពិភពលោកដើម្បីបង្កើតដំណោះស្រាយ AI និងជំរុញទេពកោសល្យ សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ ។
លោកបាននិយាយថា ក្រុមហ៊ុនកូរ៉េគួរតែកែសម្រួលមជ្ឈមណ្ឌលទិន្នន័យ AI ទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យារបស់វៀតណាម ហើយចែករម្លែកជំនាញរបស់ខ្លួនក្នុងប្រតិបត្តិការ និងការគ្រប់គ្រង។ លោកបានអំពាវនាវឲ្យក្រុមហ៊ុនទូរគមនាគមន៍កូរ៉េ និងក្រុមហ៊ុន Viettel ចូលរួមពិភាក្សាលម្អិត ដើម្បីពន្លឿនការអនុវត្តគម្រោង៕
