ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃ រឹបអូសបានថ្នាំញៀន ប្រភេទគ្រីស្តាល់តម្លៃ ៩០ លានដុល្លារ ក្លែងជាម្សៅពោត

VN Express

ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរថៃ បានរឹបអូសថ្នាំញៀន ប្រភេទគ្រីស្តាល់ជាង ២តោន ដែលក្លែងធ្វើជាម្សៅពោត ដែលដឹកជញ្ជូន តាមទូកទេសចរណ៍ មួយនៅភាគខាងកើត ប្រទេសថៃមានតម្លៃ ៩០ លានដុល្លារអាមេរិក ដោយធ្វើការរត់ពន្ធចេញពីប្រទេសនេះ។

មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា បុរស ៨ នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍នៅខេត្ត Rayong ពីបទប៉ុនប៉ងរត់ពន្ធជិត ២.៦ តោនឆ្លងកាត់ព្រំដែនភាគខាងត្បូង។ ពួកគេមិនបានបញ្ជាក់លម្អិត ពីគោលដៅដែលបានគ្រោងទុក ឬប្រភពដើមនៃថ្នាំនោះទេ។

នាយកដ្ឋានស៊ើបអង្កេត ពិសេសរបស់ប្រទេសថៃ បាននិយាយថា ប្រសិនបើលក់ទៅក្រៅប្រទេស ថ្នាំត្រូវបានគេប៉ាន់ ប្រមាណថាមានតម្លៃជាង ៣ ពាន់លានបាត (៩០.៨ លានដុល្លារ)។

អាជ្ញាធរបាននិយាយថា ថ្នាំញៀន ត្រូវបានគេវេចខ្ចប់ ក្នុងថង់ប្លាស្ទិកក្លែងក្លាយជាកញ្ចប់ម្សៅពោត នីមួយៗ មានប្រហែលមួយគីឡូក្រាម ។ ពួកគេក៏បានរឹបអូសរថយន្តមួយគ្រឿង និងរថយន្តដែលគេជឿថា មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។

នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានថ្លែងអំណរគុណដល់មន្ត្រីចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយបានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលពិតជាយកចិត្តទុកដាក់ចំពោះគោលនយោបាយរបស់យើងលើគ្រឿងញៀន។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសជិតខាងមីយ៉ាន់ម៉ា គឺជាប្រភពនៃថ្នាំញៀនមេតំហ្វេតាមីន និងហេរ៉ូអ៊ីនភាគច្រើនក្នុងតំបន់។

របាយការណ៍ពីទីភ្នាក់ងារ គ្រឿងញៀនរបស់អង្គការ សហប្រជាជាតិកាល ពីខែមុនបាននិយាយថា ការជួញដូរខុសច្បាប់ នូវថ្នាំមេតំហ្វេតាមីន និងថ្នាំគ្រោះថ្នាក់ផ្សេងទៀត កំពុងកើនឡើងយ៉ាង ឆាប់រហ័សនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកម្រិតនៃការរឹបអូសនៅឆ្នាំ២០២៤ មានទម្ងន់ ២៣៦តោន កើនឡើង ២៤ភាគរយជាងឆ្នាំ ២០២៣។

“ត្រីកោណមាស” ជាកន្លែងដែលព្រំប្រទល់ នៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃជួបគ្នា មានភាពល្បីល្បាញ ខាងការផលិតអាភៀន និងហេរ៉ូអ៊ីន ដែលរីកដុះដាល យ៉ាងខ្លាំង ដោយសារតែទីតាំងដាច់ស្រយាល និងការអនុវត្តច្បាប់ ខ្ជិលច្រអូស ។ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ មេតំហ្វេតាមីនបានជំនួសអាភៀន និងហេរ៉ូអ៊ីន ព្រោះវាងាយស្រួលផលិត នៅលើខ្នាតឧស្សាហកម្ម៕

Most Popular

To Top